ព្យុះសង្ឃរា Yagi បានបង្កឱ្យខាតបង់សេដ្ឋកិច្ច១ពាន់៦រយលានដុល្លារក្នុងប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានAgence France-Presseដែលស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមកាលពីថ្ងៃចន្ទ។
ស្របពេលគ្នានេះ កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិថាទឹកជំនន់ដ៏ប្រ ល័យដែលព្យុះនេះបង្កឱ្យមានក្នុងប្រទេសមីយ៉ាន់ម៉ាជាជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិ សាស្ត្រថ្មីៗរបស់ប្រទេសនេះ។
ព្យុះសង្ឃរាYagiបានបោកបក់ចំប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវនិងថៃ ដោយមានកម្លាំងខ្យល់ខ្លាំងនិងបរិមាណទឹកភ្លៀងធ្លាក់យ៉ាងគំហុកកាលពីជាង១សប្តាហ៍មុន ដោយបង្កឱ្យមានទឹកជំនន់និងបាក់ដីដែលបានសម្លាប់មនុស្សអស់ជាង៤០០នាក់។នេះបើយោងតាមតួលេខផ្លូវការ។
ព្យុះសង្ឃរា Yagiក៏បានបោកបក់ចំតំបន់ដីសណ្តនៃទន្លេក្រហម ដែលមានប្រជាជនរស់នៅកកកុញក្នុងប្រទេសវៀតណាម និងជាតំបន់កសិកម្មដ៏សំខាន់ហើយក៏ជាមណ្ឌលផលិតទំនិញសំខាន់ៗផងដែរ ដោយបង្កការខូចខាតដល់រោងចក្រនិងហេដ្ឋា រចនាសម្ព័ន្ធ និងជន់លិចដីស្រែ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថាព្យុះសង្ឃរានេះ បង្កឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ១ពាន់៦រយលានដុល្លារ ដោយផ្អែកលើការវាយតម្លៃជាបឋមរបស់រដ្ឋាភិបាល។
ចំនួនមនុស្សស្លាប់ក្នុងប្រទេសវៀតណាម មាន២៩២នាក់ ដោយ៣៨នាក់បាត់ខ្លួន ផ្ទះជាង២៣ម៉ឺនខ្នង ត្រូវខូចខាត ហើយដំណាំ២៨ម៉ឺនហិកតា ត្រូវបានបំផ្លាញ។ នេះបើយោងតាមអាជ្ញាធរ។
ក្នុងប្រទេសមីយ៉ាន់ម៉ា របបសឹក បានរាយការណ៍ថាមនុស្ស១១៣នាក់បានស្លាប់ និងជាង៣២ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេ ទៅរកទីទួលសុវត្ថិភាពបណ្តោះអាសន្ន។
ទឹកជំនន់ធ្ងន់ធ្ងរបានជន់លិចនៅមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១១និងឆ្នាំ២០១៥ ដោយមានមនុស្សជាង១០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងហេតុការណ៍ជំនន់ទាំងពីរលើក។ ចំណែកនៅឆ្នាំ២០០៨ ព្យុះស៊ីក្លូនNargis បានបណ្តាលឱ្យស្លាប់ឬបាត់ខ្លួនមនុស្សជាង១៣ម៉ឺន៨ពាន់នាក់។
វិបត្តិចុងក្រោយគេនេះបានញ៉ាំងឱ្យរបបសឹកមីយ៉ាន់ម៉ា ចេញសេចក្តីអំពាវនាវដ៏កម្រមួយ ស្នើសុំជំនួយបរទេស ដោយឥណ្ឌាដែលជាប្រទេសជិតខាង បានឆ្លើយតប ដោយផុ្តល់ជំនួយជាសម្ភារ១០តោន រួមមានរបបអាហារក្រៀម សំលៀកបំពាក់និងថ្នាំសង្កូវជាដើម។
យោធាមីយ៉ាន់ម៉ា បានហាមឃាត់ឬបង្អាក់ជំនួយមនុស្សធម៌ពីបរទេសកាលពីអតីតកាលរួមទាំងក្រោយពីមានព្យុះស៊ីក្លូន Mochaកាលពីឆ្នាំ មុនផង ពេលដែលពួកយោ ធា ផ្អាកមិនអនុញ្ញាតឲ្យក្រុមមនុស្សធម៌ធ្វើដំណើរទៅកាន់តំបន់ដែលមានប្រជាជនប្រមាណ១លាននាក់ដែលត្រូវការជំនួយ៕