ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ប្រយុទ្ធ​នឹង​ទឹក​ជំនន់​ព្យុះ​សង្ឃរា Yagi នៅ​ពេល​ដែល​វៀតណាម​ចាប់ផ្តើម​បោស​សម្អាត


អ្នក​ស្រុក​ឈរ​ក្នុង​ទឹក​ជំនន់​ជាមួយ​របស់​របរ​នៅ​ក្នុង​ភូមិ Sin Thay ក្នុង​ទីក្រុង Pyinmana ក្នុង​តំបន់ Naypyidaw ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ទាប់​ពី​ព្យុះទីហ្វុង Yagi។
អ្នក​ស្រុក​ឈរ​ក្នុង​ទឹក​ជំនន់​ជាមួយ​របស់​របរ​នៅ​ក្នុង​ភូមិ Sin Thay ក្នុង​ទីក្រុង Pyinmana ក្នុង​តំបន់ Naypyidaw ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ទាប់​ពី​ព្យុះទីហ្វុង Yagi។

ពួក​អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​លុយ​ទឹក​ឬ​ហែល​ទឹក​ដែល​មាន​កម្ពស់​ត្រឹម​ចង្កា​ដើម្បី​គេច​ចេញពី​ទឹក​ជំនន់​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​តំបន់​ដាច់​ស្រយាល​នៃ​រដ្ឋធានី​ណៃពិដោ​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល​វៀតណាម​បាន​ចាប់ផ្តើម​បោស​សម្អាត​បន្ទាប់​ពី​ព្យុះ​សង្ឃរា​ដ៏​ប្រល័យYagi។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAFP។

ពលរដ្ឋ​នៅ​ក្នុង​ផ្នែក​នានា​នៃ​ប្រទេស​វៀតណាម លាវ ថៃ​និង​មីយ៉ាន់ម៉ា​បាន​ប្រយុទ្ធ​នឹង​ទឹក​ជំនន់​និង​ការបាក់​ដី​បន្ទាប់ពី​ព្យុះ​សង្ឃរាYagi ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅពេល​ដែល​ព្យុះ​នោះ​បាន​បក់​បោក​តំបន់​នោះ​កាល​ពី​ចុង​សប្តាហ៍​មុន​មក។

ចំនួន​មនុស្ស​ស្លាប់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ទាំង​៤​នោះ​មាន​ជិត៣០០​នាក់ រួម​ទាំង​មនុស្ស២៣៣នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម ក៏ប៉ុន្តែ ដោយ​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​បាត់​ខ្លួន​នោះ​ គេ​រំពឹង​ថា​ចំនួន​នេះ​នឹង​កើនឡើង។

មនុស្ស​ជាង២សែន​៣​ម៉ឺន​៥​ពាន់​នាក់​បាន​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ពួក​ក្រុម​ប្រឹក្សា​យោធា​កាល​ពី​ថ្ងៃ​សុក្រ។ ការណ៍​នេះកំពុង​បង្កើន​ទុក្ខ​វេទនាដល់​ប្រទេស​នោះ​ដែល​រងគ្រោះ​ដោយ​ជម្លោះ​ចាប់ តាំង​ពី​ពួក​យោធា​បាន​ដណ្តើម​អំណាច​នៅ​ឆ្នាំ២០២១​មក។

ពួក​អាជ្ញាធរបាន​ស៊ើបអង្កេត​របាយការណ៍​ដែល​គ្មាន​ការ​បញ្ជាក់​ថា​កម្មករចំណាក​ស្រុក​រាប់​សិប​នាក់​បាន​បាត់​ខ្លួនបន្ទាប់ពី​ការបាក់​ដី​នៅ​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​តំបន់ Mandalay ភាគ​កណ្តាល។ នេះ​បើ​តាម​លោកZaw Min Tun អ្នក​នាំពាក្យ​យោធា។

ក្រុម​ប្រឹក្សា​យោធា​បាន​ផ្តល់តួលេខ​ចំនួន​មនុស្ស​ស្លាប់៣៣​នាក់​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល​កាល​ពី​មួយ​ថ្ងៃ​មុន ក្រសួង​អគ្គិភ័យ​របស់​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​មនុស្ស៣៦នាក់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG