មេដឹកនាំ​វៀតណាម​ទស្សនកិច្ច​កម្ពុជា​ដើម្បី​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី

លោក ​ត្រឹង​ តានសាង​ ​ប្រធានាធិបតី​នៃ​ប្រទេស​​វៀតណាម។

លោក​ប្រធានាធិបតី​វៀតណាម​ត្រឹង​ តានសាង​បាន​ទទូច​ឲ្យប្រទេស​កម្ពុជា​ជំរុញ​ការ​បង្កើន​ពាណិជ្ជ​កម្មនិង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី។​

​លោកប្រធាន​រដ្ឋ ឬ​ប្រធានាធិបតី​វៀតណាម​បាន​ថ្លែង​ដូច​នេះ​ក្នុង​ជំនួប​ជា​ស៊េរី​ជាមួយ​ព្រះ​មហាក្សត្រ និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជានៅ​ថ្ងៃ​អង្គារ​នេះ។

លោក​អៀង ​សុផល្លែត​ អ្នក​នាំពាក្យ​នៃជំនួប​រវាង​លោកត្រឹង​ តានសាង​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នៅ​ល្ងាច​នេះ​ថា ​លោក​ប្រធានាធិបតី​វៀតណាម​បាន​សង្កត់ធ្ងន់​លើ​វិស័យ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ។​

«ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​យក​ចិត្តទុក​ដាក់​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន៥០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ​ដូច​ដែល​បាន​កំណត់​ទុក»។​

លោកអៀង សុផល្លែង​បញ្ជាក់​ថា​ លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រីខ្មែរ​បាន​ឆ្លើយ​តប​ថា ​ការ​ជំរុញ​បណ្តូរ​ពាណិជ្ជ​កម្ម​នេះ​ត្រូវ​ជំរុញ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន​ និង​វិស័យ​ទេសចរណ៍។​

«សម្តេច​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​ដើម្បី​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជ​កម្ម​៥០០០​លាន​ដុល្លារនៅ​ឆ្នាំ​២០១៥​នេះ​ គប្បី​លើក​ស្ទួយ​នូវ​វិស័យ​ទេសចរណ៍។​ ​កាល​ពី​ឆ្នាំ​ទៅ​ កម្ពុជា​ទទួល​បាន​ទេសចរ​វៀតណាម​ចំនួន​ប្រមាណ​៨៥​ម៉ឺន​នាក់»។​

ប្រទេស​កម្ពុជា​និង​វៀតណាម​មាន​ទំនាក់​ទំនង​ការទូត​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​១៩៦៧​មក​ម្ល៉េះ។ ​កាល​ពី​ឆ្នាំ​២០១៣​ បណ្តូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កើន​ដល់​៣,៣៤​ពាន់​លាន​ដុល្លារ។ ​ហើយ​សម្រាប់​រយៈ​ពេល​ដប់​ខែ​ដើម​ឆ្នាំ​២០១៤​នេះ ​បណ្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី​បាន​ឈាន​ដល់២,៦​ពាន់​លាន​ដុល្លារ​អាមេរិក។ ​ហើយ​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ជំរុញ​បណ្តូរ​ពាណិជ្ជ​កម្ម​ឲ្យ​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​

យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​របស់​វៀតណាម​ VNA ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​១៣៤គម្រោង ដែល​មាន​ទំហំ​ទឹក​ប្រាក់​៣,៣៦​ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោងទាំង​នោះ​ផ្តោត​លើ​វិស័យ​កសិឧស្សាហ​កម្ម ​រ៉ែ ​ប្រេង​ និង​ឧស្ម័ន​ វិស័យ​ទូរគមនាគមន៍​និង​ធនាគារ។​

លោក​យឹម សុវណ្ណ ​តំណាង​រាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អធិប្បាយ​ថា ​បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​ប្រឹង​ប្រែង​ជំរុញកិច្ច​សហការ​ផ្នែក​ពាណិជ្ជកម្ម​ ក៏​ប្រទេស​កម្ពុជា​មាន​ការ​នាំទំនិញ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សារវៀតណាម​តិចតួច​គឺ​ប្រមាណ​ជា​១០០​ទៅ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។​

«វៀតណាម​នាំ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ចាប់​ពី​២០០០​លាន​ទៅ​៣០០០​លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ដូច្នេះ​ឃើញ​ថា ​ជញ្ជីង​ពាណិជ្ជ​កម្ម​ខុស​គ្នា​ឆ្ងាយ។​ ផល​ប្រយោជន៍​ប្រទេស​កម្ពុជា​ស្ទើរ​តែ​ក្លាយ​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​វៀតណាម​ទៅ​ហើយ​ ហើយ​ប្រសិន​បើ​ប្រទេស​មួយ​ក្លាយ​ជា​ទី​ផ្សារ​របស់​គេ​គឺ​យើង​មាន​ផល​ប្រយោជន៍​តិចតួច​ណាស់។​(យើង​)​បារម្ភ​ថា ​ធ្វើ​យ៉ាង​ម៉េច​ បើ​មិន​បាន​ប្រហាក់​ប្រហែល​គ្នា​ទេ ​ក៏​កុំឲ្យ​ខុស​គ្នា​ឆ្ងាយ​ពេក»។

ប្រធានាធិបតី​វៀតណាមត្រឹង​ តាន​សាង​នឹង​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ​ទីពុធ​ទី​២៤​ខែ​ធ្នូ​ស្អែក​នេះ។ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​លោក​ប្រធានាធិបតី​វៀតណាម​ត្រូវ​ចូល​គាល់​ព្រះ​មហា​ក្សត្រសម្តេច​ព្រះ​បរមនាថ ​នរោត្ដម​ សីហមុនី​ ​ជួប​ជាមួយ​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​លោក​សាយ ឈុំ ​អនុ​ប្រធាន​ទី​១​ព្រឹទ្ធ​សភា។​

ក្នុង​ជំនួប​ជាមួយលោក​ត្រឹង​ តាន​សាង​ ​កាល​ពី​ព្រឹក​មិញ​ ព្រះ​មហា​ក្សត្រ​កម្ពុជា​បាន​បញ្ជាក់​អះអាង​ថា ​ប្រទេស​កម្ពុជា​មិន​ដែល​ភ្លេចការ​គាំទ្រ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្រទេស​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​ទេ។ ​ហើយ​កម្ពុជា​នឹង​បន្ត​ពង្រឹងចំណង​មិត្តភាព​ និង​សាមគ្គី​ភាពរវាង​ប្រទេស​ទាំង​ពីរ។​

ដូច​គ្នា​នេះ​ដែរ ​ក្នុង​ជំនួប​ជាមួយ​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា ​ភាគី​ទាំង​ពីរ​បាន​លើក​ពី​ការ​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​សម្រាប់​សន្តិភាព​និង​សហការ​ក្នុង​តំបន់។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ត្រឹង​ តាន​សាង​ ប្រធានាធិបតី​វៀតណាមក៏​បាន​លើក​ពី​ការ​ជំរុញ​ផ្នែក​សេដ្ឋ​កិច្ច ​ពាណិជ្ជ​កម្ម ​និង​បញ្ហា​បោះ​បង្គោល​ព្រំដែន​រួម​ទាំង​សំណើឲ្យ​មាន​ការ​ការពារ​ផល​ប្រយោជ​ន៍​ដល់​ពាណិជ្ជករ​វៀតណាម​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា៕