ប្រហែលមួយខែមុន ប្រទេសវៀតណាមបាននាំចូលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រទេសកូរ៉េខាងត្បូង ហើយបានធ្វើការស្រាវជ្រាវខាងការធ្វើតេស្តជាមួយប្រទេសជប៉ុន។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមបាននាំចេញឧបករណ៍ធ្វើតេស្តផលិតក្នុងប្រទេសទៅប្រទេសដែលមានជាងខ្លួនទៅវិញ ដែលធ្វើឱ្យវៀតណាមអាចចំណេញផ្នែកការទូតបន្ថែមទៀត។
កន្លងមក ប្រទេសវៀតណាមបានទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ១៩នេះ បានលឿនជាងប្រទេសភាគច្រើន។
រដ្ឋាភិបាលក្រុងហាណូយបានបញ្ជាក់កាលពីចុងខែមេសាថា ឧបករណ៍ធ្វើតេស្តរបស់វៀតណាមបានទទួលការយល់ព្រមពីអង្គការសុខភាពពិភពលោក និងចក្រភពអង់គ្លេស។
មន្ត្រីរដ្ឋាភិបាលវៀតណាមនិយាយថា ប្រទេសវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ៥ ដែលត្រៀមរួចរាល់ក្នុងការនាំចេញឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ទៅបរទេស ហើយកន្លងមក បានទទួលការបញ្ជាទិញពីប្រទេសចំនួន ២០ រួចមកហើយ ស្របពេលដែលប្រទេសជាច្រើនប្រឹងប្រែងឲ្យបានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់។
កាលពីថ្ងៃអង្គារទី ២៨ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសរសើរអ្នកវិទ្យាសាស្ត្រនិងក្រុមហ៊ុននានា ដែលបានផលិតឧបករណ៍ធ្វើតេស្តទាំងនេះ ដោយបាននិយាយថា ប្រទេសវៀតណាមមានឧបករណ៍ទាំងនេះគ្រប់គ្រាន់ហើយសម្រាប់ការប្រើក្នុងប្រទេស ដូច្នេះគ្មានហេតុផលអ្វីដែលវៀតណាមមិនអាចនាំចេញទៅបរទេសនោះទេ។
លោក Nguyen Xuan Phuc បាននិយាយនៅក្នុងសន្និសីទកាសែតមួយអំពីជំងឺកូវីដ១៩ថា៖ «យើងត្រូវលើកទឹកចិត្តក្រុមហ៊ុនអាជីវកម្មនានាដែលនាំចេញម៉ាស់ ថ្នាំពេទ្យ និងប្រដាប់ប្រដាវេជ្ជសាស្ត្រទៅក្រៅប្រទេស ដោយផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌដ៏ល្អប្រសើរបំផុត»។
ប្រទេសវៀតណាមបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញកាលពីពេលថ្មីៗនេះ ដោយធ្វើឲ្យអ្នកតាមដានស្ថានការណ៍មានការភ្ញាក់ផ្អើលចំពោះការឆ្លើយតបយ៉ាងលឿនរបស់ប្រទេសនេះចំពោះការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ប្រទេសវៀតណាមបានបញ្ជាក់ថា ការធ្វើតេស្តជាមុន ការដាក់អ្នកជំងឺនិងអ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹងអ្នកជំងឺឱ្យនៅដាច់ពីគេភ្លាមៗ និងការរឹតត្បិតការធ្វើដំណើរ បានជួយធ្វើឱ្យប្រទេសនេះមានករណីអ្នកឆ្លងជំងឺនេះតិចតួច។ គិតត្រឹមថ្ងៃទី ៣០ ខែមេសា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមបានធ្វើតេស្តមនុស្សចំនួន ២៦១.០០៤ នាក់ហើយ។
ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះ បានអនុញ្ញាតឱ្យប្រទេសវៀតណាមដែលមានទំហំសេដ្ឋកិច្ចជាង ២៥០ ពាន់លានដុល្លារនេះ បង្កើនកិច្ចការទូតដូចជាករណីនាំចេញឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ នេះជាដើម។
វៀតណាមក៏បានឧបត្ថម្ភ ឬក៏លក់ម៉ាស់ និងប្រដាប់ពាក់ការពារខ្លួនផ្នែកវេជ្ជសាស្ត្រទៅឱ្យប្រទេសមួយចំនួនផងដែរ នៅពេលដែលប្រទេសជាច្រើនបានហាមប្រាមមិនឱ្យនាំចេញឧបករណ៍វេជ្ជសាស្ត្រទាំងនេះ។ វៀតណាមបានបង្វែរការផ្ដោតរបស់ខ្លួនទៅលើការផលិតឧបករណ៍ជួយដកដង្ហើម និងវ៉ាក់សាំង ដោយកាលពីថ្ងៃទី ២៩ ខែមេសាកន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានជួបប្រជុំជាមួយអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាអំពីវិធីព្យាបាលជំងឺកូវីដ១៩នេះ។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថា៖ «ការស្រាវជ្រាវ និងការផលិតថ្នាំវ៉ាក់សាំងគឺជាកិច្ចការដែលតម្រូវឱ្យមានការសម្របសម្រួលពីអង្គភាពស្រាវជ្រាវវិទ្យាសាស្ត្រនានានៅក្នុងវិស័យផ្សេងៗ»។
បើយោងតាមការិយាល័យគយនៅក្នងទីក្រុងហូជីមិញ ប្រទេសដំបូងៗដែលវៀតណាមនឹងនាំចេញឧបករណ៍ធ្វើតេស្តទៅ មានដូចជាប្រទេសអ៊ីរ៉ង់ ហ្វាំងឡង់ ម៉ាឡេស៊ី និងអ៊ុយក្រែនជាដើម។ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមបានផលិតឧបករណ៍ធ្វើតេស្តចម្បងៗពីរប្រភទដែលប្រើជាអន្តរជាតិ សម្រាប់ការធ្វើតេស្តរកជំងឺកូវីដ១៩។
ឧបករណ៍ធ្វើតេស្តពីរប្រភេទនោះគឺ ឧបករណ៍ធ្វើតេស្តរកអង់ទីគ័រការពារ ដើម្បីរកមើលថាតើមនុស្សម្នាក់បានបង្កើតអង់ទីគ័រការពារដើម្បីឆ្លើយបតទៅនឹងវីរុសនេះដែរឬទេ និងឧបករណ៍ធ្វើតេស្តមួយទៀត ដែលគេហៅថាការធ្វើតេស្ត PCR គឺដើម្បីពិនិត្យមើលថាតើមនុស្សម្នាក់មានឆ្លងវីរុសនេះឬក៏អត់។
លោក Doan Huu Thien ដែលជាអ្នកស្រាវជ្រាវម្នាក់អំពីឧបករណ៍ធ្វើតេស្តទាំងនេះ បាននិយាយថា៖ «លទ្ធផលខុសដែលបង្ហាញអវិជ្ជមានមានផលប៉ះពាល់ដល់សហគមន៍។ ដូច្នេះគោលដៅនៃការសិក្សាស្រាវជ្រាវរបស់យើងគឺផលិតឧបករណ៍ធ្វើតេស្តបែបជីវសាស្ត្រមួយដែលមានប្រសិទ្ធិភាពខ្ពស់។»
ទោះបីជាវៀតណាមមានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបក៏ដោយ ក៍ប្រទេសនេះអាចផលិតឧបករណ៍ធ្វើតេស្តបាន ដោយសារតែខ្លួនមានបទពិសោធន៍ទូលំទូលាយលើការសិក្សាស្រាវជ្រាវ និងការព្យាបាលជំងឺដែលកើតនៅតំបន់ត្រូពិក និងជំងឺឆ្លង។
ប្រទេសវៀតណាមមានការិយាល័យពីររបស់មជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺឆ្លងដែលហៅកាត់ថា CDC ក៏ដូចជាមជ្ឈមណ្ឌល CDC របស់ខ្លួនផ្ទាល់ផងដែរ។ ក្រៅពីនេះប្រទេសនេះក៏មានសាខាមួយនៃផ្នែកស្រាវជ្រាវខាងគ្លីនិកនៃសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស និងសាខាជាច្រើនទៀតនៃវិទ្យាស្ថានប៉ាស្ទ័រ ដែលជាកេរ្តិ៍ដំណែលអាយុកាលជាង ១ រយឆ្នាំ បន្សល់ពីសម័យអាណានិគមបារាំង។
ប្រទេសវៀតណាមក៏បានធ្វើការជិតដិតជាមួយអង្គការសុខភាពពិភពលោកផងដែរ។ កាលពីជាងពីរខែមុន អង្គការសុខភាពពិភពលោកបានបញ្ជូនឧបករណ៍ផ្គត់ផ្គង់ខាងមន្ទីរពិសោធន៍ទៅឲ្យប្រទេសវៀតណាម ដែលឧបករណ៍ទាំងនេះរួមចំណែកដល់ការផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ នេះ។
លោក Kidong Park ដែលជាអ្នកតំណាងអង្គការសុខភាពពិភពលោកក្នុងប្រទេសវៀតណាម បាននិយាយថា៖ «តាមរយៈការវិនិយោគនេះ ឥឡូវនេះ ប្រទេសវៀតណាមមានប្រព័ន្ធមន្ទីរពិសោធន៍ដ៏ខ្លាំងក្លាមួយ ដែលក្នុងនោះរួមមានទាំងការធ្វើតេស្តម៉ូលេគុលជាន់ខ្ពស់ផងដែរ ដែលជាអ្វីដែលតម្រូវឱ្យមានសម្រាប់ការរកជំងឺកូវីដ១៩»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ