នាយករដ្ឋមន្រ្តីវៀតណាម ងៀង តាន់ហ្ស៊ុង (Nguyen Tan Dung) បានធ្វើដំណើរទៅកាន់ប្រទេសនូវែលសេឡង់ (New Zealand) ដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយកាលពីពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានព័ត៌មានថា ប្រទេសជាកោះនោះ បានលបយកការណ៍ពីរដ្ឋាភិបាលទីក្រុងហាណូយដែលជាផ្នែកមួយនៃសម្ព័ន្ធភាពស៊ើបយកការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ មានគោលបំណងពង្រឹងចំណងទាក់ទងទ្វេភាគីជាមួយរដ្ឋាភិបាលទីក្រុងវែលីងតោន (Wellington) ក៏ប៉ុន្តែ កើតមានឡើងនៅពេលដែលមានភាពមិនស្រួលមួយបន្ទាប់ពីមានសេចក្តីរាយការណ៍ដោយកាសែត New Zealand Herald។
សេចក្តីរាយការណ៍ផ្អែកលើឯកសារដែលបានទម្លាយដោយលោក Edward Snowden ពិរុទ្ធជនដែលជាអ្នកធ្វើការតាមកិច្ចសន្យាឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា នូវែលសេឡង់បានធ្វើចារកិច្ចលើប្រទេសវៀតណាមហើយនឹងប្រទេសផ្សេងៗទៀតដើម្បីជួយបំពេញគម្លាតក្នុងកិច្ចប្រតិបត្តិការស៊ើបការណ៍សម្ងាត់ទូទាំងពិភពលោកដោយទីភ្នាក់ងារសន្តិសុខជាតិ (NSA) របស់សហរដ្ឋអាមេរិក។
លោក Nicky Hager អ្នកយកព័ត៌មានខាងស៊ើបការណ៍ដែលមានទីតាំងក្នុងទីក្រុងវែលីងតោន (Wellington) ហើយកាលពីពេលមុនជាអ្នកនិពន្ធរបស់កាសែត Herald បានប្រាប់វីអូអេថា នូវែលសេឡង់បានរៀបចំកិច្ចប្រតិបត្តិការចារកម្មលើប្រទេសវៀតណាម ដែលជាដៃគូពាណិជ្ជកម្មដែលខ្លួនមានចំណងទាក់ទងមិត្តភាពខាងពាណិជ្ជកម្មជាមួយ។ ហើយថា ការស៊ើបការណ៍សម្ងាត់នេះ ជាផ្នែកមួយនៃសម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់ដែលហៅថា «ភ្នែកប្រាំ»ឬ “Five Eyes” រួមជាមួយសហរដ្ឋអាមេរិក អង់គ្លេស កាណាដានិងប្រទេសអូស្រ្តាលី៕