នាយករដ្ឋមន្ត្រី​វៀតណាម​ការពារ​គោលនយោបាយ​​ជាមួយ​ចិន​ក្រោយ​មាន​ការ​ចោទសួរ​ពី​សមាជិក​សភា

រូបថតឯកសារ៖ ប្រធានាធិបតីចិន Xi Jinping (ឆ្វេង) ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រីវៀតណាម ​Nguyen Tan Dung ​មុន​ពេល​កិច្ច​ប្រជុំ​របស់​ពួក​អស់លោក នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​វៀត​ណាម Nguyen Tan Dung បាន​ការពារគោលនយោ​បាយ​រដ្ឋាភិបាល​របស់​លោក​ចំពោះ​ប្រទេស​ចិន ​បន្ទាប់​ពី​ក្រុម​ប្រឹក្សានីតិ​ប្រតិបត្តិ​មាន​ការ​ព្រួយ​កង្វល់​អំពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

ថ្លែង​ទៅកាន់​សមាជិកសភានៅ​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កាល​ពី​ថ្ងៃ​ពុធ ​នាយក​រដ្ឋមន្រ្តី Dungបាន​និយាយ​ថា ​រដ្ឋា​ភិបាល​ទីក្រុង​ហាណូយ​នឹង​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ពង្រឹង​មិត្ត​ភាព​ហើយ​និង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ចិន ​ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទៀត​ថា ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​នឹង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ Dung ​បាន​និយាយ​ថា៖ «គោល​នយោបាយ​និង​ជំហរ​មិន​ងាក​រេ​របស់​យើង ​បានបញ្ជាក់​ជា​ច្រើន​ដងហើយ។​ យើង​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជំរុញចំ​ណង​ទាក់​ទង​មិត្តភាព​រវាង​គ្នា​និ​ងគ្នា​ជាមួយ​ចិន​នៅគ្រប់​វិស័យ​ទាំងអស់​ ​ក៏ប៉ុន្តែ ​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ​យើង​បាន​តាំង​ចិត្ត​ការពារ​ឯក​រាជ្យភាព​ ​បូរណភាព​ទឹក​ដី ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​នឹង​ផល​ប្រយោជន៍​របស់​យើង‍»។

លោក ​Dung​ និយាយ​ទៀត​ថា៖ «វៀត​ណាម​ស្វះស្វែង​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ផ្ទៃទឹក​ដែល​មាន​ការ​ប្រកួត​ប្រជែង​ទាម​ទារស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ»។

លោក ​បាន​និយាយ​ដូច្នេះ​ ​មួយ​ថ្ងៃ​មុន​ពេល​សមាជិក​សភា ​បាន​ចោទ​សួរ​លោក​អំពី​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​របស់​វៀត​ណាម​ជាមួយ​ចិន ​រួមមាន​បញ្ហា​ទទួល​ជំនួយ​ហើយ​នឹងការ​ទទួល​ប្រាក់​កម្ចី​អនុគ្រោះ​មក​ពី​ប្រទេស​ចិន​ដែល​ជាប្រទេស​ជិត​ខាង​នៅ​ភាគ​ខាង​ជើង។

លោក​ Troung Trong Nghia ​សមាជិក​សភា​មក​ពី​ទីក្រុង​ហូ ​ជី​មិញ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា សេដ្ឋ​កិច្ច​វៀតណាម​ពឹង​ផ្អែក​លើចិន​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​ជា​ច្រើន ​ដែល​បាន​គំរាម​កំហែង​ដល់​អធិបតេយ្យ​ភាព​សេដ្ឋ​កិច្ចរបស់​វៀតណាម។

លោក Nghia បាន​និយាយ​ទៀត​ថា ​ការ​ធ្វើ​ដូច្នេះ​ធ្វើឲ្យវៀតណាម​មាន​ស្ថានភាព​ដ៏​លំបាក ​ប្រសិន​បើ​ខ្លួន​សម្រេចប្តឹងចិន​នៅ​តុលាការ​សម្រុះ​សម្រួលអន្តរ​ជាតិ​នៅ​ពេល​អនាគត​នោះ៕