វៀតណាម​អនុម័ត​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​ថ្មី

(រូបភាព​ឯកសារ) មនុស្សម្នា​ប្រើប្រាស់​អ៊ីនធឺណិត នៅ​ហាង​អ៊ីនធឺណិត​ មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០។

នៅ​ថ្ងៃ​អង្គារ​នេះ សមាជិក​សភា​វៀតណាម​បាន​អនុម័ត​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​ថ្មី​មួយ ដែល​សកម្មជន​សិទ្ធិ​មនុស្ស​នានា​និយាយ​ថា នឹង​រារាំង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​ផ្ដល់​វេទិកា​ស្វែង​រក​ព័ត៌មាន​នានា​តាម​អ៊ីនធឺណិត​បាន​ដូចជា​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook ជា​ដើម លុប​ចោល​នូវ​អត្ថបទ​ណា​ដែល​អាជ្ញាធរ​វៀតណាម​ចាត់ទុក​ថា​មាន​លក្ខណៈ​វាយ​ប្រហារ​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង និង​ផ្ទុក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រព័ន្ធ​មេ​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក Clare Agar ប្រធាន​ផ្នែក​ប្រតិបត្តិការ​សាកលលោក​នៃ​អង្គការ Amnesty International បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​នេះ។

លោក Agar បាន​និយាយ​ថា «ដែន​អ៊ីនធឺណិត​គឺ​ជា​ជម្រក​ពាក់ព័ន្ធ​មួយ» នៅ​ក្នុង «បរិយាកាស​ជិះជាន់​ព្រៃផ្សៃ​របស់​ប្រទេស​វៀតណាម» ដែល​មនុស្ស​ទូទៅ​អាច​ចូល​ទៅ​ចែក​រំលែក​ទស្សនៈ​របស់​ខ្លួន​បាន «ដោយ​មិន​សូវ​មាន​ការ​ភ័យ​ខ្លាច​ថា​មាន​ការ​រារាំង​ពី​អាជ្ញាធរ»។

លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ ច្បាប់​ថ្មី​នេះ​មាន​ន័យ​ថា«គ្មាន​កន្លែង​សុវត្ថិភាព​ណា​មួយ​ដែល​នៅ​សេសសល់​នោះ​ទេ»។

កន្លង​មក សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា​បាន​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ពន្យារ​ពេល​អនុម័ត​ច្បាប់​នេះ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​នេះ​អាច​បង្ក​ជា «ឧបសគ្គ​ចំពោះ​សន្តិសុខ​អ៊ីនធឺណិត និង​អនាគត​ច្នៃ​ប្រឌិត​ថ្មី​បែប​ឌីជីថល​របស់​ប្រទេស​វៀតណាម»។

សមាគម​ទំនាក់ទំនង​ឌីជីថល​វៀតណាម​បាន​បញ្ជាក់​ថា ច្បាប់​នេះ​អាច​កាត់​បន្ថយ​ផលិតផល​ក្នុង​ប្រទេស​សរុប GDP ចំនួន ១,៧ ភាគរយ និង​ធ្វើ​ឲ្យ​វិនិយោគ​បរទេស​បាត់បង់​ចំនួន ៣,១ ភាគរយ៕