មេ​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​ធ្វើ​ទស្សនៈកិច្ច​ទៅ​ស.រ.អា

Nguyen Phu Trong ​អគ្គលេខាធិការ​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ចូល​រួម​កម្មវិធី​គំរប់​ខួប​លើក​ទី​៨៥​នៃ​មូលនិធិ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៥។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសាវៀតណាម​បាន​រាយការណ៍​ថា​ឯក​អគ្គ​រដ្ឋ​ទូត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​មេ​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ស.រ.អា.​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចសំខាន់​មួយ​ដែល​គូសបញ្ជាក់​ពី​ការ​ពង្រឹង​ចំណង​ទាក់ទង​គ្នា​យ៉ាង​លឿន​រវាង​អតីត​សត្រូវ​ទាំងពីរ​នេះ​ដែល​នៅតែ​ខ្វែង​គំនិត​គ្នា​អំពី​សិទ្ធិ​មនុស្ស។​ Nguyen Phu Trong ជា​អគ្គលេខាធិការ​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ទី​មួយ​ដែល​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ស.រ.អា.។ ស.រ.អា.​ក៏​នឹង​ទទួល​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេស​វៀតណាម​ដែរ ​ដែល​ជា​អ្នកមើល​ការ​ខុស​ត្រូវ​ដល់​កងកម្លាំង​ប៉ូលិស​ដែល​បាន​ត្រូវ​ថ្កោលទោស​ពី​បទ​រំលោភ​លើ​សិទ្ធិមនុស្ស​និង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល៕