សភាវៀតណាមបានអនុម័តជាឯកច្ឆន្ទឱ្យលោកនាយឧត្តមសេនីយ៍ Luong Cuong ក្លាយជាប្រធានាធិបតីថ្មីរបស់វៀតណាមកាលពីថ្ងៃចន្ទ។ លោក Cuong គឺជាមនុស្សទី ៤ ហើយដែលកាន់តំណែងនេះនៅក្នុងរយៈពេលតិចជាងពីរឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីនៅក្នុងប្រទេសវៀតណាមមានតួនាទីភាគច្រើនជានិមិត្តរូប ដែលក្នុងនោះរួមមានទាំងការប្រជុំជាមួយនឹងសមភាគីបរទេសផងដែរ។
សមាជិកសភាជាតិវៀតណាមទាំង ៤៤០ នាក់បានបោះឆ្នោតនៅក្នុងអង្គប្រជុំកាលពីថ្ងៃចន្ទអនុម័តឱ្យលោក Cuong ធ្វើជាប្រធានាធិបតី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋវៀតណាម។
លោក Cuong ឡើងកាន់តំណែងនេះជំនួសលោក To Lam។ លោក Lam បានកាន់តំណែងជាប្រធានាធិបតីនេះស្របពេលដែលលោកកំពុងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផងដែរ ដែលការអនុវត្តដូចនេះគឺខុសពីការអនុវត្តធម្មតាដោយសារតែក្នុងអំឡុងពេលនោះមានភាពចលាចលកើតឡើងពាក់ព័ន្ធទៅនឹងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំនៅក្នុងប្រទេស៕