វៀតណាមរឹតត្បិតការធ្វើដំណើរ ខណៈសហរដ្ឋអាមេរិកកំពុងទប់ទល់ចំនួនមនុស្សស្លាប់ដ៏ច្រើន

រូបឯកសារ៖ អ្នកជំនាញផ្នែកសុខាភិបាលម្នាក់ដើរកាត់ស្តង់សម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

មន្រ្តីសហរដ្ឋអាមេរិកនិយាយថា ពលរដ្ឋអាមេរិកាំងត្រូវតែប្រុងប្រៀបការស្លាប់ពី១សែន ទៅ២សែន៤ម៉ឺននាក់ ដោយសារការផ្ទុះឡើងនូវមេរោគកូរ៉ូណា ខណៈដែលរដ្ឋាភិបាលអាមេរិកសង្កត់ពីភាពចាំបាច់នៃវិធានការឲ្យមនុស្សស្ថិតនៅឆ្ងាយពីគ្នាដែលផ្តល់ឱកាសដ៏ល្អបំផុតនៃការកាត់បន្ថយចំនួនមនុស្សស្លាប់។

លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយថា លោកសង្ឃឹមថា ចំនួនមនុស្សស្លាប់នឹងច្រើនជាងនេះទេ ក៏ប៉ុន្តែត្រូវមានភាពប្រាកដប្រជាថា ពលរដ្ឋត្រូវតែប្រុងប្រៀបអំពីបញ្ហានេះ។

លោកវេជ្ជបណ្ឌិត Fauci មានប្រសាសន៍ទៀតថា «ពលរដ្ឋនឹងទទួលការឈឺចាប់។ពលរដ្ឋនឹងស្លាប់។ វាប៉ះពាល់ខាងសេដ្ឋកិច្ចរហូតដល់មនុស្ស។ ក៏ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហារបស់យើង យើងត្រូវតែរួបរួមគ្នា។ យើងរំពឹងថា រយៈពេល៣០ថ្ងៃទៀត យើងអាចធ្វើបាន»។

ប្រទេសនានានៅទូទាំងពិភពលោកបានបិទជិតទីក្រុង តំបន់ និងថែមទាំងប្រទេសទាំងមូលដើម្បីព្យាយាមបញ្ឈប់វីរុសកុំឲ្យរាលដាល។

ប្រទេសមួយនៃបណ្តាប្រទេសដែលបិទ២សប្តាហ៍នៅពេលថ្មីៗនេះ​ លើកលែងតែសកម្មភាពសំខាន់ៗគឺ វៀតណាមដែលបានចាប់ផ្តើមនៅថ្ងៃពុធនេះ។

កាលពីសប្តាហ៍មុន ប្រទេសនូវែលសេឡង់បានបិទភោជនីយដ្ឋាន រង្គសាល ការិយាល័យ និងសាលារៀន។ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនៃប្រទេសនូវែលសេឡង់បាននិយាយនៅថ្ងៃពុធនេះថា វានៅឆាប់ពេកដើម្បីប្រាប់ថា​ វិធានការទាំងនោះបានជួយនៅពេលនេះ ហើយលោកស្រីបានគាំទ្រការធ្វើតេស្តកាន់តែច្រើនឡើងដើម្បីតាមដានការឆ្លងហើយនឹងបញ្ឈប់ការឆ្លងថ្មី។

រដ្ឋាភិបាលរបស់លោកស្រីបានរាយការណ៍ពី៦១ករណីថ្មីដែលធ្វើឲ្យនូវែលសេឡង់មានចំនួនទាំងអស់៧០៨ករណីនៃមេរោគកូរ៉ូណា៕