វៀតណាមបានដាក់ពន្ធនាគារបុរសជនជាតិកូរ៉េខាងត្បូង៤នាក់ ដែលបានរត់ពន្ធមនុស្សចូលក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ក្រុមប៉ូលិសវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
បុរសជនជាតិកូរ៉េខាងត្បូងឈ្មោះ Lee Kwan Yuong អាយុ៥៥ឆ្នាំ និងឈ្មោះ Seo Yuong Jin អាយុ៥០ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់គុក១០ឆ្នាំពីបទរៀបចំការចូលប្រទេសវៀតណាមដោយខុសច្បាប់។ នេះបើយោងទៅលើគេហទំព័ររបស់ប៉ូលិសវៀតណាមនៅក្នុងទីក្រុង Danang នៅភាគកណ្តាលវៀតណាម។
ចំណែកបុរសជនជាតិកូរ៉េខាងត្បូងពីររូបផ្សេងទៀតដែលមា្នក់មានឈ្មោះ Song Hong Sup ត្រូវបានតុលាការក្រុង Danang កាត់ទោសឱ្យជាប់ពន្ធនាគារ៩ឆ្នាំ ហើយម្នាក់ទៀតឈ្មោះ Kim Chang Gi ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំកន្លះ។
វៀតណាមបានបិទព្រំដែនរបស់ខ្លួនភាគច្រើនពីពិភពលោកក្នុងដើមឆ្នាំ២០២០ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩ លើកលែងតែអ្នកជំនាញបរទេសនិងកម្មករជំនាញមួយចំនួនតូចពីក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតប៉ុណ្ណោះដែលត្រូវបានគេអនុញ្ញាតឱ្យចូលមកកាន់ប្រទេសនេះ នៅក្នុងអំឡុងពេលនោះ។ វៀតណាមបានបើកព្រំដែនរបស់ខ្លួនឡើងវិញកាលពីឆ្នាំ២០២២ កន្លងទៅ។
សារព័ត៌មានរដ្ឋវៀតណាមរាយការណ៍ថា បុរសជនជាតិកូរ៉េខាងត្បូងទាំង៤នាក់នេះ បានប្រើប្រាស់ក្រុមហ៊ុនរបស់គេដើម្បីនាំជនជាតិកូរ៉េខាងត្បូងជិត២០០នាក់ចូលក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីត១៩។
បុរសនិងស្ត្រីជនជាតិវៀតណាម១៥នាក់ទៀត ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ ហើយ៥នាក់ផ្សេងទៀត ដែលក្នុងនោះមានម្នាក់ជាជនជាតិកូរ៉េខាងត្បូង ត្រូវបានព្យួរទោសពីបទចោទប្រកាន់ដូចគ្នានេះ។
ពួកមន្ត្រីនិងអ្នកជំនួញវៀតណាមយ៉ាងហោចណាស់ក៏១០០នាក់ដែរ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយជុំវិញការចែកចាយឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩៕