វៀតណាមធ្វើ​ការហ្វឹកហាត់​ប៉ូលិសកម្ពុជា​ក្នុង​ការបង្ក្រាប​ការធ្វើ​បាតុកម្ម

រូបឯកសារ៖ ប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាសុំឲ្យ​មាន​ការដោះលែងសកម្មជនដីធ្លី ទេព វន្នី នៅ​មុខសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៩ ខែ០៩ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគ​ រិះ​គន់​ការ​ហ្វឹកហាត់​កម្លាំង​នគរ​បាល​ជាតិ​ជិត​៣០០​នាក់ ​ក្រោម​ជំនួយ​និង​ការ​​ចូល​រួម​បង្វឹក​របស់​វៀតណាម​ ដើម្បី​បង្រ្កាប​បាតុកម្ម​ពលរដ្ឋ​ខ្លួន​ឯង។

អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​បង្ហាញ​វីដេអូ​ពី​ការ​ហ្វឹក​ហាត់​បង្រ្កាប​ការ​ធ្វើ​បាតុកម្ម​ដែល​ការ​ហ្វឹក​ហាត់​នេះ​ត្រូវ​បាន​អ្នក​វិភាគ​និង​គណបក្ស​ប្រឆាំងលើក​ឡើង​ថា ជា​កម្សោយ​នៃការ​ដឹក​នាំរបស់​រដ្ឋាភិបាល​និង​ថា​ជា​ការ​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន ​ឯង។

គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគ​ រិះ​គន់​ការ​ហ្វឹកហាត់​កម្លាំង​នគរ​បាល​ជាតិ​ជិត​៣០០​នាក់ ​ក្រោម​ជំនួយ​និង​ការចូល​រួម​បង្វឹក​របស់​វៀតណាម​ ដើម្បី​បង្រ្កាប​បាតុកម្ម​ពលរដ្ឋ​ខ្លួន​ឯង។

ក្នុង​វីដេអូ​ឃ្លីប​មួយ​បង្ហោះ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​កាល​ពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ បង្ហាញ​ពីការ​ហ្វឹក​ហាត់​បង្ក្រាប​បាតុកម្ម​របស់​នគរបាល​ជាតិ​ជិត​៣០០នាក់​ មក​ពី​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី-ខេត្ត​ ចំនួន៩ ដោយ​សិក្សា​ចាប់​ពី​ថ្ងៃទី២៧ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០១៦ ។ ក្នុង​វីដេអូ​នោះមាន​នគរបាល​មួយ​ចំនួន​សម្តែង​ជា​សមត្ថកិច្ច​និង​មួយ​ចំនួន​ទៀត​ធ្វើ​ជា​បាតុករ​ដែលកំពុង​ប្រឈម​មុខ​គ្នា​ក្នុង​ពេល​មាន​បាតុកម្ម។

ក្នុង​វីដេអូ​នោះ នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែងថា វគ្គ​ហ្វឹកហាត់​ជំនាញ​ពិសេស​នេះ មាន​ការ​ចូលរួម​បង្ហាត់​បង្រៀន​ដោយ​សាស្រ្តាចារ្យ​មក​ពី​ក្រសួង​នគរបាល​នៃ​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម ៣នាក់ គ្រូ​នគរបាល​ជាតិ​មក​ពី​អង្គភាព​តម្រួត​បទ​បញ្ជា ៨នាក់ និង​គ្រូ​ប្រចាំ​នៅ​សាលា​មិត្តភាព​នគរបាល​កម្ពុជា-វៀតណាម​មួយ​ចំនួន​ទៀត។ លោក​បន្ថែម​ថា កម្លាំង​បង្រា្កប​បាតុកម្ម​កន្លង​មក​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ធ្វើ​បាប​កម្លាំង​សមត្ថកិច្ច ​ដូច្នេះ​លោក​ថា ការ​ហ្វឹក​ហាត់​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​កង​កម្លាំង​ក្នុង​ការការពារ​សង្គម ពលរដ្ឋ​និង​ការពារ​រដ្ឋាភិបាល​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ខុស​ច្បាប់។

លោក នេត សាវឿន បន្ថែម​ថា ការ​ហ្វឹក​ហាត់​នេះ​ក៏​ធ្វើ​ឡើង​ដោយសារ​បច្ចុប្បន្ន​មានអង្គការ​ក្រៅ​រដ្ឋាភិបាល​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​កំពុង​បំពុល​បរិយាកាស​ថា​កម្ពុជា​មាន​វិបត្តិ​នយោបាយ។

លោក​បាន​បញ្ជាក់​ថា៖

«គាត់​ថា​បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ ការ​ពិត​អត់​មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​មួយ​ចំនួន​គាត់​ជាប់​ទោស ហើយ​មាន​បុគ្គល​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ខ្លះ​ជាប់​គុក ហើយ​បច្ចុប្បន្ន​កំពុង​តស៊ូ​អំពី​ផ្លូវ​ច្បាប់ រឿង​ពិត​មាន​ប៉ុណ្ណឹង ក៏​ប៉ុន្តែ​ការ​ពិត​ក្រុម​ខ្លះ​ អង្គការ​ខ្លះ​បាន​ទៅ​ប្ដឹង​ដល់​អង្គការ​សហ​ប្រជាជាតិ បាន​សរសេរ​ទំព័រ​កាសែត បាន​បញ្ចេញ​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម ចុះ​ទៅ​អាប់អ៊ួរ​សម្បើម​ណាស់​។ អញ្ចឹង​នគរបាល​យើង​ត្រូវ​តែ​ក្ដាប់​បញ្ហា​នេះ​ឲ្យ​ជាប់ យើង​ត្រូវ​តែ​រឹង​មាំ​ដើម្បី​ការពារ​ផល​ប្រយោជន៍ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់»។

បន្ទាប់​ពី​ការ​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​ក្នុង​សភា​អស់​រយៈពេល​ជា​ច្រើន​ខែ​ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ ក្រោយ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​និង​មន្រ្តី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត។ ក្រោយ​ការ​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេដឹកនាំ​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រកាស​ពី​ការ​បង្រ្កាបរាល់​ការធ្វើ​បាតុកម្ម​នោះ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ​ យល់​ថា គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ធ្វើ​តែ​បាតុកម្ម​អហិង្សា​ប៉ុណ្ណោះ ដូច្នេះ​លោក​ថា ​រដ្ឋាភិបាល​មិន​គួរ​ហ្វឹក​ហាត់​ការ​បង្រ្កាប​បាតុកម្ម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​បែប​នេះ​ទេ។

លោក​បញ្ជាក់​ថា៖

«ករណី​ទាំងអស់​ហ្នឹង​ជា​ករណី​ដែល​ធ្វើ​ឲ្យ​វាមាន​ការ​ប្រេះ​ស្រាំ​ផ្លូវ​ចិត្ត ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពល​រដ្ឋ ប៉ះ​ពាល់​ទៅ​ដល់​ការ​តស៊ូ​នយោបាយ ពី​ព្រោះ​យើង​ទាំងអស់​គ្នា​ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ ហើយ​យើង​ជា​ខ្មែរ​ មាន​ឈាមជ័រ​ជា​ខ្មែរ​ យើង​កុំ​ធ្វើ​អ្វីៗ​ដែល​បង្ហាញ​ជា​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​បើ​យើង​ចង់ ដូច​ប្រទេស​គេ​អញ្ចឹង គេ​បង្ហាញ​ទៅ​គូ​សត្រូវ​របស់​គេ​នៅ​ក្រៅ​ប្រទេស»។

អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម លោក មាស នី យល់​ថា ការ​ហ្វឹក​ហាត់​នេះ​ជា​ការ​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង ស្រប​ពេលដែល​រដ្ឋា​ភិបាល​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់ពី​បញ្ហា​ព្រំដែន ហើយលោក​ថា នេះ​ជា​ការ​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ ដែល​កំពុង​បារម្ភ​ថា​នឹង​មានការ​តវ៉ា​មិន​សុខ​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្រោយ​ពេល​បញ្ហា​អយុត្តិ​ធម៌ និង​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស​មានកាន់​តែ​ច្រើន៕

លោក​មាន​ប្រសាសន៍​ថា៖

«រឿង​ត្រៀម​គំរាម​កំហែង​លើពលរដ្ឋ​ខ្លួន​ឯង គួរមិន​បាច់​ផ្សាយ​ទេ​ ចង់​យក​ទៅ​ហាត់​នៅ​ព្រៃ​ភ្នំ​ឯណា​ក៏​ហាត់​ទៅ ប៉ុន្តែ​មិន​បាច់ផ្សាយ​ទេ ព្រោះ​កាល​ណា​ផ្សាយ​ម្តងៗ ធ្វើ​ឲ្យ​សាធារណៈ​ជន​យល់​ថា រដ្ឋា​ភិបាល​ហ្នឹង​ចំណាយ​លុយ​សម្រាប់​តែ​ត្រៀម​លក្ខណៈ​ក្នុង​ការ​បង្ក្រាប​ខ្មែរ​គ្នា​ឯង រី​ឯ​រឿង​ព្រំ​ដែន​អត់​ហ៊ាន​ទៅ​ធ្វើអី​ជា​មួយ​គេ​ទេ ប៉ុន្តែ​បើជា​មួយ​គ្នា​ឯង​គឺ​ត្រៀម​លក្ខណៈជាប់​រហូត»។

ការ​បង្រ្កាប​បាតុកម្ម​របស់​អាជ្ញាធរ​កន្លង​មក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ដោយហិង្សា ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស និង​ស្លាប់។ ក្រោយ​ការ​បង្រ្កាប​ទាំងនោះ​ ការ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​សង្កេត​ការណ៍​សិទ្ធិមនុស្ស​លើក​ឡើង​ថា គ្មាន​ពន្លឺ​ក្នុងការ​ចាប់​ខ្លួន​ក្រុមបង្ក​ឲ្យ​មាន​សោកនាដកម្ម​ទាំង​នោះ​មក​ផ្តន្ទាទោស៕