វៀតណាម​ទទួល​បាន​ការ​សរសើរ​ពី​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ចំពោះ​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ចិន

  • Ralph Jennings

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo (ឆ្វេង) និង​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​​​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​លោក Pham Binh Minh ឈរ​ថត​រូប​ជាមួយ​គ្នា នៅ​មុន​កិច្ចប្រជុំ​មួយ​នៅ​ឯ​ក្រសួង​ការបរទេស​វៀតណាម​ ទីក្រុង​ហាណូយ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

នៅ​ឆ្នាំ​នេះ ប្រទេស​វៀតណាម​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ដែល​ជា​ប្លុក​ចរចា​ថ្នាក់​តំបន់​មួយ។ អ្នក​ជំនាញ​និយាយ​ថា​ ការ​ដឹកនាំ​នេះ​បាន​បើក​ឱកាស​ឱ្យ​វៀតណាម​បង្កើន​ការ​ការពារ​ប្រឆាំង​នឹង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​គូ​ប្រជែង​នឹង​វៀតណាម​ជា​យូរ​មក​ហើយ តាម​រយៈ​ទំនាក់ទំនង​កាន់​តែ​រឹងមាំ​ជាមួយ​ប្រទេស​លោក​ខាង​លិច។​

ក្រុម​ដែល​មាន​ឈ្មោះ​ថា «កិច្ច​សន្ទនា​សន្តិសុខ​៤​ប្រទេស»​ ឬ​ហៅ​កាត់​ថា Quad ដែល​ជា​ក្រុម​ប្រទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​និង​រួម​មាន​ប្រទេស​អូស្ត្រាលី ឥណ្ឌា និង​ជប៉ុននោះ​ ក៏​បាន​អញ្ជើញ​វៀតណាម​ឱ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី ​ជំងឺ​កូវីដ១៩​និងផលប៉ះពាល់​សេដ្ឋកិច្ច កាល​ពីខែ​មីនា ហើយ​សមាជិក​នៃ​ក្រុម​ប្រទេស Quad នេះ​បាន​សន្ទនា​ជាមួយ​នឹង​មន្ត្រី​វៀតណាម​យ៉ាង​ទៀងទាត់​ចាប់​តាំង​ពី​ពេល​នោះ​មក។

លោក Michael Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចំនួន​៥នៅ​ទ្វីប​អាស៊ី ដោយ​មាន​ការ​ចូលឈប់សំចត​ក្នុង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី៣០ ខែតុលា​ផង​ដែរ។ លោក​បាន​សរសើរ​ដល់​ «អធិបតេយ្យភាព» ​របស់​ប្រទេស​ម្ចាស់​ផ្ទះ​មួយ​នេះ ​នៅ​ពេល​លោក​បាន​ជួប​ជាមួយ​នឹង​លោក Pham Binh Minh រដ្ឋមន្ត្រី​ការបរទេស​វៀតណាមនៅ​ថ្ងៃ​នោះ​នៅ​ក្នុង​ក្រុង​ហាណូយ ហើយ​លោក​បាន​និយាយ​ថា លោក​ទន្ទឹង​រង់ចាំ​ពង្រឹងបន្ថែម​ទៀត​នូវទំនាក់ទំនង​ប្រទេស​ទាំង​ពីរ។

ប្រទេស​វៀតណាម​គឺ​ជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​មាន​១០ប្រទេស​ជា​សមាជិក ដែល​អ្នក​វិភាគយល់​ថា​ ដោយសារ​តែ​វៀតណាម​មាន​តួនាទី​ជា​ប្រធាន​នេះ​ទើប​ក្រុម​ប្រទេស Quad អញ្ជើញ​វៀតណាម​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ដើម​ខែ​តុលា។ ប្រទេស​វៀតណាមបាន​លេច​ធ្លោ​នៅ​ឆ្នាំ​នេះ ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ដែល​ត្រូវ​ផ្លាស់ប្តូរ​វេនជា​រៀងរាល់​ឆ្នាំ ហើយ​ប្រធាន​អាស៊ានដឹកនាំ​ប្រមុខ​រដ្ឋ​ និង​រដ្ឋមន្ត្រី​អាស៊ាន​ឱ្យ​ធ្វើ​ការ​ពិភាក្សា​តាម​អ៊ីនធឺណិត មិន​មែន​ពិភាក្សា​ទល់​មុខ ដែលជា​ការ​ចង់​បាន​របស់​ពួកគេ​នោះ​ទេ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​ពេល​នេះ។

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Toshimitsu Motegi និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar ចូល​រួម​ក្នុង​កិច្ចប្រជុំ Quad ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី៦ ​ខែតុលា ឆ្នាំ២០២០។

មិន​ដូច​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ផ្សេង​ដែល​ខឹងសម្បាចំពោះ​ការ​ពង្រីក​អំណាច​ដែន​សមុទ្រ​របស់​ចិន​នោះ​ទេ វៀតណាម​ហ៊ាន​បញ្ចេញ​ទស្សនៈប្រឆាំង​របស់​ខ្លួន​យ៉ាង​សកម្ម។ ការ​តស៊ូ​បែប​នេះ​ធ្វើ​ឱ្យ​វៀតណាមទទួល​បាន​ការ​ពេញ​ចិត្តពី​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ទោះ​ជា​វៀតណាម​មាន​រដ្ឋាភិបាល​កុម្មុយនីស្ត​ និង​ធ្លាប់​មាន​សង្គ្រាម​ដ៏​យូរលង់​មក​ហើយ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្តី។

លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការ​សិក្សា​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋ​អាមេរិក បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ប្រទេស​វៀតណាម​ត្រូវ​បាន​អញ្ជើញ​ដោយសារ​តែ​វៀតណាម​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រឆាំង​នឹង​ចិន ប៉ុន្តែ​គេ​អាច​ក្លែង​ថា ប្រទេស​វៀតណាម​ត្រូវ​បាន​អញ្ជើញ​ដោយសារ​តែ​វៀតណាម​ជា​ប្រធាន​អាស៊ាន»។

លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​មាន​ជំនាញ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​បាន​និយាយ​ថា ការ​ចូលរួម​របស់​វៀតណាម​ជាមួយ​នឹង​ក្រុម​ប្រទេស Quad ជា​ការ​បោះជំហាន​ឆ្ពោះ​ទៅ​រក​ការ​លេច​ធ្លា​កាន់​តែ​ខ្លាំងជា​សាកល​ ដែល​កើត​មាន​បណ្តើរៗ​រួច​ទៅ​ហើយ​ក្នុង​នាម​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រយៈពេល​២ឆ្នាំ និង​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ជាមួយ​នឹង​ជប៉ុន និង​ឥណ្ឌា។

លោក Thayer បាន​និយាយ​ថា៖ «ការ​ចូលរួម​ក្នុង​ក្រុម​ប្រទេស Quad គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំ​ទូលាយ​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួន​អ្នក​អាច​ចូលរួម​នៅ​ក្នុង​អង្គការ​ពហុជាតិ​ឱ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន និង​រួមចំណែក​ជា​វិជ្ជមាន ប៉ុន្តែ​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​ឈ្នះ​មិត្ត​នៅជុំវិញពិភពលោក»។

ក្រុម​អ្នកស្រាវជ្រាវជឿ​ថា ប្រទេស​វៀតណាម​ចង់​បាន​មិត្ត​មហាអំណាច​ធ្វើ​ជា​អ្នក​គាំទ្រ​ខ្លួន​នៅ​ក្នុង​កិច្ច​ចរចា​ណា​មួយ ឬ​ចលនា​ណា​មួយ​ដើម្បី​ប្រឆាំង​នឹង​ការ​ពង្រីក​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន និង​ដែល​មាន​ទំហំ​៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ។ ភាគី​ទាំង២ ជា​រឿយៗ បាន​បុក​ទូក​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ព្យាយាម​រារាំង​មិន​ឱ្យ​ភាគី​ណា​មួយ​ទៀតចូល​ទៅ​ជិត​អណ្តូង​ថាមពល​នៅ​បាត​សមុទ្រ ប៉ុន្តែ​ចិន​បាន​ទាញ​យក​ផលប្រយោជន៍​ផ្នែក​បច្ចេកវិទ្យា និង​យោធា​របស់​ខ្លួន​ដើម្បី​កាន់កាប់​កោះ​តូចៗ​នៅ​ទីនោះ។

រូបឯកសារ៖ នាវា​មួយ​គ្រឿង​របស់​កងយាមល្បាត​ជើង​ទឹក​របស់​ចិន​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ក្បែរនាវា​កង​យាមល្បាត​ជើង​ទឹក​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។

ប្រទេស​កុម្មុយនិស្ត​ជិត​ខាង​ទាំង​២​នេះ​ជារឿយៗ​ត្រូវ​គ្នា​វិញ បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​ទាំង​នោះ ប៉ុន្តែ​មិន​ដែល​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ។ ពួកគេ​បាន​ឈ្លោះ​ប្រកែក​គ្នា​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មក​ហើយ ​លើ​បញ្ហា​អធិបតេយ្យភាព​ព្រំដែន ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ចុង​ទសវត្សរ៍​១៩៧០។

អ្នកស្រី Yun Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​ខាង​កើត​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ប្រទេសQuad «នឹង​ផ្តល់​ឱ្យ​វៀតណាម​នូវ​សម្ព័ន្ធមិត្ត​ថ្នាក់​តំបន់​ដ៏​រឹងមាំ​មួយ​ដើម្បី​ធ្វើ​ការ​ជាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ចិន»។​

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «សម្រាប់​ប្រទេស​វៀតណាម​ដែល​កំពុង​តែ​តទល់​នឹង​ចិន​តែ​ម្នាក់​ឯង​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មក​ហើយ ការ​មាន​ដៃគូ​ដ៏​រឹងមាំ​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំហរ និង​ឥទ្ធិពល​របស់​វៀតណាម»។

ក្រុម​ប្រទេស Quad ត្រូវ​បាន​បង្កើត​ឡើង​កាលពី​១៣ឆ្នាំ​មុន។ ក្រុម​ប្រទេស​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ទប់ទល់​នឹង​ការ​ពង្រីក​អំណាច​របស់​ចិន​ តាំង​ពី​នៅ​ព្រំដែន​ចិន-ឥណ្ឌា រហូត​ដល់​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​នូវែលសេឡង់ និង​កូរ៉េខាងត្បូង​បាន​ចូលរួម​ជាមួយ​វៀតណាម​ក្នុង​កិច្ច​ចរចា​របស់​ក្រុម​ប្រទេស Quad នៅ​ឆ្នាំ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​កូវីដ១៩។

លោក Thayer បាន​និយាយ​ថា ចិន​នឹង «គិត​គូរអាក្រក់​បំផុត» អំពី​តួនាទី​របស់​វៀតណាម​នៅ​ក្នុង​ក្រុម​ប្រទេស Quad។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​វៀតណាម​មិនបាន​ភ្លេច​អាស៊ាន ឬចិន​នោះ​ទេ។ នៅ​ពេល​ដែល​អាស៊ាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​នៅ​ថ្ងៃទី១១ ដល់​ទី១៥ ខែវិច្ឆិកា ប្រទេស​វៀតណាម​នឹង​មាន​ឱកាស​ជួយ​សមាជិក​ផ្សេង​ទៀត​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន។ ប្រទេស​ចិន​ជាអ្នក​ផ្តលើផល​ផ្នែក​សេដ្ឋកិច្ច​ភាគច្រើន​នៅ​អាស៊ីអាគ្នេយ៍​រួច​ទៅ​ហើយ ហើយ​កាលពី​ឆ្នាំ​មុន​វៀតណាម​បាន​ចាត់​ទុក​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី២​របស់​ខ្លួន បន្ទាប់​ពី​សហរដ្ឋអាមេរិក។

លោក Rajiv Biswas អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ក្នុង​តំបន់​របស់​ក្រុមហ៊ុន IHS Markit ដែល​ជា​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ និង​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស បាន​និយាយ​ថា ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ឬ RCEP នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​ការ​ចរចា​អស់​រយៈពេល​៩ឆ្នាំនោះ នឹង​ធ្វើ​ឱ្យ​វៀតណាម «មាន​មុខមាត់​ល្អ» តាម​រយៈ​ការ​ជួយ​ដល់​សេដ្ឋកិច្ចប្រទេស​ជាច្រើន។ ប្រទេស​ដែល​នឹង​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ទាំង​១៥​ប្រទេស​នេះមាន​សេដ្ឋកិច្ច​ជិត​៣០%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក។

លោក Biswas បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ដោយសារ​តែ​រឿង​ទាំង​នេះ​ត្រូវ​បាន​គេ​ពិភាក្សា​អូស​បន្លាយអស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប្រសិន​បើ​ពួកគេ​អាច​សម្រេច​វា​បាន​នៅ​ក្រោម​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ នោះ​វា​មើល​ទៅ​ល្អ​ ដោយសារ​តែ​ពួកគេ​ជា​អ្នក​ដែល​អាច​ជួយ​សម្រេចវា​ឱ្យ​ដល់​ត្រើយបាន»៕