ការកើនឡើងនូវព័ត៌មានក្លែងក្លាយនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ១៩ បានជំរុញឱ្យមេដឹកនាំក្នុងតំបន់ពិចារណាបង្កើតវិធានការបង្ក្រាបថ្នាក់តំបន់ បន្ទាប់ពីមានការស្នើពីមន្ត្រីសន្តិសុខវៀតណាម។
កាលពីថ្ងៃទី ២៥ ខែកញ្ញា មន្ត្រីវៀតណាមម្នាក់បាននិយាយនៅពេលជួបជាមួយមន្ត្រីដទៃទៀតមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ថា ស្ថាប័នប៉ូលិសនៅក្នុងបណ្តាប្រទេសអាស៊ានទាំង ១០ ដែលតំណាងឱ្យប្រជាជនសរុបប្រមាណ ៦៥០លាននាក់ រាប់ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាដល់ប្រទេសហ្វីលីពីន គួរតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបញ្ឈប់ព័ត៌មានក្លែងក្លាយក្នុងចំណោមបទឧក្រិដ្ឋឆ្លងព្រំដែនផ្សេងៗ។
លោក Harris Zainul អ្នកវិភាគនៅវិទ្យាស្ថានយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិម៉ាឡេស៊ីនិយាយថា៖«ខ្ញុំគិតថា បញ្ហានេះគឺជាអ្វីដែលអាស៊ានកំពុងតាមដាន ប៉ុន្តែខ្ញុំគិតថាអ្វីដែលជំរុញឱ្យមានការអំពាវនាវរបស់ប្រទេសវៀតណាមនាពេលថ្មីៗនេះ គឺដោយសារស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ និងការរាតត្បាតនៃព័ត៌មានមិនពិតអំពីជំងឺនេះ»។
លោក Harris Zainul ថ្លែងបន្តថា៖ «យើងដឹងថាមានព័ត៌មានមិនពិតកើនឡើងទាក់ទងនឹងជំងឺកូវីដ១៩ ចាប់តាំងពីពេលដែលការរាតត្បាតចាប់ផ្តើមកើតមានឡើង និងបានមកដល់តំបន់អាស៊ីអាគ្នេយ៍ ដូច្នេះការអំពាវនាវរបស់វៀតណាមគួរត្រូវយកមកពិចារណា»។
លោក Nguyen Thanh Son ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសនៃក្រសួងសន្តិសុខសាធារណៈវៀតណាមបានប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់ពីតំបន់អាស៊ីក្នុងកិច្ចប្រជុំស្តីពីឧក្រិដ្ឋកម្មឆ្លងព្រំដែនថា ប្រទេសជាសមាជិកប្លុកនេះ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយក្នុងឆ្នាំ២០១៤ ដើម្បីលើកទឹកចិត្តដល់បណ្តាញសារព័ត៌មានដែលមានការទទួលខុសត្រូវសង្គម ហើយ៤ឆ្នាំក្រោយមកបានឈានដល់ការព្រមព្រៀងមួយដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
យោងតាមរបាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយអាស៊ី លោក Nguyen ថាការរាតត្បាតនៃជំងឺកូវីដ១៩ ជាមូលហេតុនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងឧក្រិដ្ឋកម្មដទៃទៀត។
ក្នុងករណីមួយនៅក្នុងប្រទេសសមាជិកអាស៊ានមួយ ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនស្ត្រីម្នាក់កាលពីខែមេសា បន្ទាប់ពីស្ត្រីរូបនោះបាននិយាយថា នៅផ្នែកមួយនៃខេត្តមួយមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៩០០០ ករណី នៅពេលដែលការឆ្លងជាក់ស្តែងក្នុងពេលនោះមានតែជាង ៦២០០ ករណី នៅទូទាំងប្រទេសប៉ុណ្ណោះ។
លោក Henelito Sevilla សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យហ្វីលីពីនមានប្រសាសន៍ថា៖ «ក្នុងរូបភាពមើលទៅដូចព័ត៌មានពិត ព័ត៌មានក្លែងក្លាយអាចទៅដល់ប្រជាជនហ្វីលីពីនគ្រប់រូបដោយផ្ទាល់ ដោយគ្រាន់តែចុចលើហ្វេសប៊ុក ហើយនៅទីបំផុតធ្វើឱ្យប្រជាជនហ្វីលីពីនជឿថាជាព័ត៌មានពិត ដោយមិនបានពិនិត្យមើលថាតើព័ត៌មាននោះមកពីប្រភពដែលអាចជឿទុកចិត្តបានឬក៏អត់។ ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នៅពេលព័ត៌មានទាំងនោះបង្ហាញព័ត៌មានមិនត្រឹមត្រូវ។
នៅក្នុងករណីមួយផ្សេងទៀតសម្រាប់តំបន់អាស៊ាន រដ្ឋាភិបាលសិង្ហបុរីបានអះអាងនៅក្នុងខែមេសាតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួនថា ពាក្យចចាមអារាមថាបណ្តាផ្សារទំនើបក្នុងប្រទេសនឹងរឹតត្បិតការចូលដោយផ្អែកលើលេខអត្តសញ្ញាណប័ណ្ណរបស់អតិថិជននោះថា ជារឿង«មិនពិត»។ គេហទំព័រនេះដាក់បង្ហាញព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ តែក្រោយមកមានការកែតម្រូវ។
លោក James Gomez នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Asia Centre ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបាននិយាយថា ជាធម្មតាបណ្តារដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍តបតព័ត៌មានខាងវេជ្ជសាស្ត្រមិនពិត ដោយចេញផ្យាញព័ត៌មានត្រឹមត្រូវឬ «បង្កើនចំណេះដឹងសារព័ត៌មាន»។ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលទាំងនោះត្រូវបានគេរិះគន់ ពួកគេមានទំនោរវាយប្រហារប្រភពព័ត៌មានវិញ។
លោក James Gomez និយាយថា៖ «រដ្ឋាភិបាលប្រទេសអាស៊ីអាគ្នេយ៍ ប្រើច្បាប់បណ្តោះអាសន្នឬច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដែលមានស្រាប់នានា នៅពេលដែលពួកគេចង់ចាប់ក្រុមអ្នករិះគន់ ជាពិសេសអ្នកដែលរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលផ្សេងៗក្នុងការឆ្លើយតបលើបញ្ហាជំងឺកូវីដ១៩»។
លោក Herman Kraft សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យហ្វីលីពីនក្នុងទីក្រុង Diliman និយាយថា នៅក្នុងប្រទេសប្រជាធិបតេយ្យផ្សេងៗដូចជា ប្រទេសហ្វីលីពីន ការពង្រឹងការអនុវត្តច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយបង្កហានិភ័យនៃការមិនគោរពរដ្ឋធម្មនុញ្ញ។ យ៉ាងណាក្តី លោកបាននិយាយថារដ្ឋាភិបាលរបស់ប្រធានាធិបតី Rodrigo Duterte នឹងទំនោរប្រើប្រាស់យន្តការអនុវត្តច្បាប់ថ្មីណាមួយប្រឆាំងនឹងក្រុមអ្នករិះគន់។
លោក Herman Kraft និយាយថា៖ «ប្រសិនបើការប្រឆាំងព័ត៌មានក្លែងក្លាយក្លាយជាវិធានការរបស់អាស៊ានមែន នោះមានន័យថាជាការចាត់វិធានការយកព័ត៌មានក្លែងក្លាយជាលេស ដើម្បីប្រឆាំងគំនិតនានាលើបណ្តាញសង្គមឬសារព័ត៌មានប្រឆាំងដែលមានលក្ខណៈសេរីនិយម ជាពិសេសនៅប្រទេសប្រទេសហ្វីលីពីននេះ។ (ដំណើរការនេះ) គឺជាអ្វីដែលខ្ញុំគិតថា រដ្ឋាភិបាលប្រហែលជាចាប់អារម្មណ៍»។
លោក Harris Zainul និយាយថា ព័ត៌មានក្លែងក្លាយជាធម្មតាគឺជាបញ្ហាក្នុងស្រុកជាជាងបញ្ហាឆ្លងព្រំដែន។ ប៉ុន្តែប្រសិនបើមេដឹកនាំនៃតំបន់អាស៊ីអាគ្នេយ៍ធ្វើតាមគំនិតរបស់វៀតណាម ពួកគេអាចបង្កើតបញ្ជីគោលការណ៍រួមមួយសម្រាប់ប្រទេសជាសមាជិកទាំងអស់ឲ្យអនុវត្តតាម។ ភាគីទាំងអស់អាចបង្កើនការចែករំលែកព័ត៌មានពីប្រទេសមួយដែលប៉ះពាល់ដល់ប្រទេសមួយទៀតបាន។
លោក Alan Chong សាស្ត្រាចារ្យនៅសាលាសិក្សាអន្តរជាតិ S. Rajaratnam នៅ ប្រទេសសិង្ហបុរីមានប្រសាសន៍ថា ប្រទេសសិង្ហបូរី ថៃ និងវៀតណាមនឹងជាប្រទេសដែលចាប់អារម្មណ៍បំផុតក្នុងចំណោមប្រទេសសមាជិកទាំង ១០។ លោកបន្តថា ជាពិសេសប្រទេសវៀតណាមដែលពឹងផ្អែកខ្លាំងលើភាពត្រឹមត្រូវនៃព័ត៌មាន។ ការបញ្ចេញមតិដោយសេរីមិនត្រូវបានការពារដោយស្របច្បាប់ទេ ប៉ុន្តែមន្ត្រីវៀតណាមដែលគិតពីការអភិវឌ្ឍសេដ្ឋកិច្ច កម្រនឹងបិតគេហទំព័រនានាណាស់។
លោក Alan Chong ពន្យល់ថា៖ «វាជាផ្នែកមួយនៃសង្គ្រាមប្រឆាំងនឹងអ្នកសរសេរប្លុកនិងបណ្តាញសង្គមដែលកំពុងកើតឡើងនៅវៀតណាម ពីព្រោះបណ្តាញសង្គមត្រូវបានគេចាត់ទុកថា ជាវិទ្ធង្សនា និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់និងសិទ្ធិអំណាចរបស់បក្សកុម្មុយនីស្តវៀតណាម»៕
ប្រែសម្រួលដោយលោក ចាប ចិត្រា