មនុស្សរាប់ពាន់នាក់បានត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនកាលពីថ្ងៃអង្គារនៅពេលដែលទឹកជំនន់ដ៏ធំបានធ្វើឱ្យលិចលង់តំបន់ភាគខាងជើងប្រទេសវៀតណាមបន្ទាប់ពីព្យុះសង្ឃរា Yagi ខណៈដែលចំនួនមនុស្សស្លាប់បានឡើងដល់១២៧នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ព្យុះសង្ឃរា Yagi បានបក់បោកកាលពីថ្ងៃសប្តាហ៍មុនដែលធ្វើឱ្យមានខ្យល់យ៉ាងខ្លាំងដែលមានល្បឿន១៤៩គីឡូម៉ែត្រក្នុងមួយម៉ោងហើយការធ្លាក់ភ្លៀងយ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ដែលមិនធ្លាប់ឃើញក្នុងប៉ុន្មានទសវត្សរ៍នេះ។ នេះបើតាមពួកអ្នកស្រុក។
មនុស្សជាង៥ម៉ឺន៩ពាន់នាក់បានត្រូវគេបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងខេត្ត Yen Bai បន្ទាប់ពីទឹកជំនន់ដែលបានលិចលង់ផ្ទះសម្បែងជិត១ម៉ឺន៨ពាន់ខ្នង។ នេះបើតាមពួកអាជ្ញាធរមូលដ្ឋាន។
ទឹកជំនន់នៅក្នុងទីក្រុងហាណូយបានឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០៨មក។ នេះបើតាមបណ្តាញព័ត៌មានរដ្ឋដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មូលដ្ឋានម្នាក់ហើយពួកអ្នកព្យាករណ៍អាកាសធាតុបានព្រមានទឹកជំនន់កាន់តែខ្លាំងឡើងដែលត្រូវគេរំពឹងថានឹងកើតឡើងក្នុងទីក្រុងប្រវត្តិសាស្ត្រនេះ។
អ្នកស្រី Phan Thi Tuyet អាយុ៥០ឆ្នាំដែលរស់នៅជិតទន្លេរក្រហមដែលលិចលង់ហើយហូរកាត់តាមរដ្ឋធានីក្នុងល្បឿនលឿននេះបាននិយាយថាអ្នកស្រីមិនដែលបានឃើញទឹកខ្ពស់បែបនេះទេ។
«ខ្ញុំបានបាត់បង់អ្វីៗទាំងអស់»។ អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដែលកំពុងឱបឆ្កែ២ក្បាលរបស់អ្នកស្រីនៅពេលដែលអ្នកស្រីត្រូវបានជម្លៀសដោយទូក រួមជាមួយអ្នកស្រុកផ្សេងទៀតដែលផ្ទះរបស់ពួកគេបានជន់លិច។
ព្យុះសង្ឃរានៅក្នុងតំបន់កំពុងបក់បោកខិតកាន់តែជិតទៅនឹងឆ្នេរសមុទ្រ ដែលកំពុងមានល្បឿនកាន់តែលឿនឡើងហើយនិងបក់បោកនៅលើដីគោករយៈពេលកាន់តែយូរបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីខែកក្កដា។
ព្យុះសង្ឃរា Yagi បានបំផ្លាញស្ពាន ហែកច្រៀកដំបូលអាគារ ធ្វើឱ្យខូចខាតរោងចក្រនិងបណ្តាលឱ្យមានទឹកជំនន់និងការបាក់ដីយ៉ាងខ្លាំង។
បណ្តាញផ្សាយព័ត៌មានរដ្ឋបានផ្តល់ព័ត៌មានថ្មីៗពីចំនួនមនុស្សស្លាប់ដល់១២៧នាក់កាលពីថ្ងៃអង្គារ ដោយមានមនុស្សយ៉ាងតិចណាស់ក៏៥៤នាក់ដែរនៅបាត់ខ្លួននៅឡើយដោយសារព្យុះសង្ឃរានោះ។
ពួកអាជ្ញាធរក្រុងហាណូយបាននិយាយថាដើមឈើជាង២ម៉ឺន៥ពាន់ដើមបានដួលរលំដោយសារព្យុះសង្ឃរានេះ៕