ច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរបស់វៀតណាម ដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានិងអង្គការឃ្លាំមើលសិទ្ធិសកលលោកបានព្រមានថា អាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងការច្នៃប្រឌិតថ្មី នឹងការពារប្រទេសនេះពីការកើនឡើងការគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមក្រសួងសន្តិសុខវៀតណាម។
សមាជិកសភាវៀតណាមបានអនុម័តលើច្បាប់នេះកាលពីខែ មិថុនា បើទោះជាមានការប្រឆាំងពីបណ្តាក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន ហ្វេសប៊ុក ក្រុមហ៊ុន Google អង្គការឃ្លាំមើលសិទ្ធិ និងរដ្ឋាភិបាលបស្ចិមប្រទេស ដោយរួមទាំងសហរដ្ឋអាមេរិកក៏ដោយ។
ក៏ប៉ុន្តែក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលគ្រប់គ្រងកងកម្លាំងប៉ូលិស បានឲ្យដឹងថា ប្រទេសកុម្មុយនីស្តមួយនេះត្រូវបានគំរាមកំហែង ដោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលក្ខណៈទ្រង់ទ្រាយធំរាប់ម៉ឺនដង ដែលបង្កឲ្យខាតបង់ដោយផ្ទាល់ទៅលើវិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងគំរាមដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទៀតផង។
ក្រសួងសន្តិសុខសាធារណៈវៀតណាមបានឲ្យដឹងតាមរយៈផ្នែកសំណួរនិងចម្លើយលើគេហទំព័ររបស់ក្រសួងនេះថា «ការអនុវត្តច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតនេះគឺសំខាន់ខ្លាំងណាស់ ដើម្បីបំពេញទៅតាមលក្ខខណ្ឌជាបន្ទាន់នានាក្នុងការការពារសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត»។ ច្បាប់ដែលនឹងចូលជាធរមាននៅឆ្នាំក្រោយនេះ តម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបរទេសបង្កើតការិយាល័យ និងផ្ទុកទិន្នន័យនៅក្នុងប្រទេសវៀតណាមតែម្តង។
ក្រុមហ៊ុន ហ្វេសប៊ុក និងក្រុមហ៊ុន Google ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសនេះ មិនមានការិយាល័យឬកន្លែងសម្រាប់ផ្ទុកទិន្នន័យនៅក្នុងប្រទេសនេះឡើយ។ ក្រសួងសន្តិសុខសាធារណៈវៀតណាមបានឲ្យដឹងបន្ថែមទៀតថា វៀតណាមមិនដែលមានមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងលើបញ្ហានានា ដូចជាព័ត៌មានប្រឌិតនិងការនិយាយបរិហារកេរ្តិ៍ ដែលបង្កជាផលវិបាកនានានោះឡើយ៕