អាជ្ញាធរក្នុងឯកសណ្ឋានស៊ីវិលបានវាយអ្នកធ្វើយុទ្ធនាការដើម្បីសិទ្ធិមនុស្សនិងអ្នកសរសេរប្លុកក្នុងហេតុការណ៍ចំនួន៣៦ ចន្លោះពីខែមករា ឆ្នាំ២០១៥ ដល់ខែមេសា ឆ្នាំ២០១៧ ហើយជារឿយៗធ្វើឲ្យពួកគេរងរបួសធ្ងន់ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch ដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉ក ដែលបានឲ្យដឹងកាលពីថ្ងៃទី១៧ មិថុនា។ អ្នកខ្លះបានចូលរួមធ្វើបាតុកម្មដើម្បីការពារបរិស្ថានឬទាមទារសិទ្ធិមនុស្ស។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សដដែលនេះ។
អ្នកវិភាគក្នុងប្រទេសនេះបាននិយាយថា វិនិយោគិនបរទេសនិងអ្នកដែលធ្វើជំនួញក្នុងប្រទេសវៀតណាមផ្សេងទៀតនឹងមិនខ្វល់ពីការបង្រ្កាបនេះឬក៏ចាត់ទុកវាថាជាសញ្ញាដែលរដ្ឋាភិបាលកំពុងលុបបំបាត់ការគំរាមកំហែងដែលអាចមានចំពោះការលើកកម្ពស់សេដ្ឋកិច្ចដែលលូតលាស់លឿនរបស់ខ្លួន ហើយដែលពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស។
លោក Adam McCarty ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនប្រឹក្សា Mekong Economics ក្នុងទីក្រុងហាណូយនិយាយថា៖ «នៅពេលនេះ វាស្ទើរតែប្រាកដទៅហើយដែលរដ្ឋឯកបក្សនេះនឹងបន្តដោយគ្មានដែនកំណត់ ហើយបើសិនជាអ្នកពិតជាចង់រិះគន់ជាសាធារណៈ អ្នកកំពុងរកបញ្ហាដាក់ខ្លួនហើយ។ អ្នកជំនួញចូលចិត្តស្ថិរភាពបែបនេះ។ អ្នកប្រហែលជាប្រឆាំងនឹងវាដោយផ្អែកលើសីលធម៌ គុណធម៌ និងមូលដ្ឋានប្រជាធិបតេយ្យ ប៉ុន្តែបើផ្អែកលើមូលដ្ឋានជំនួញ វាគឺជាបរិយាកាសពាណិជ្ជកម្មដែលមានស្ថិរភាពមួយ»។
នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិកនិងអឺរ៉ុបក្នុងទីក្រុងហូជីមិញមិនអាចផ្តល់អត្ថាធិប្បាយបានទេអំពីថាតើសមាជិករបស់ក្រុមហ៊ុនគិតយ៉ាងណាចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម។
អ្នកវិភាគលើកឡើងថា រដ្ឋាភិបាលកុម្មុយនិស្តក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះចង់គ្រប់គ្រងការប្រឆាំងនេះមុនពេលកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា (APEC) ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។ ប្រទេសវៀតណាមបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ (APEC) លើកដំបូងក្នុងឆ្នាំ២០០៦។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំពីប្រទេសចំនួន២០ផ្សេងទៀតអាចនឹងចូលរួមក្នុងកិច្ចប្រជុំឆ្នាំនេះ។
លោក Frederick Burke ដែលជាដៃគូរបស់ក្រុមហ៊ុនច្បាប់អន្តរជាតិ Baker & McKenzie ក្នុងទីក្រុងហូជីមិញបាននិយាយថា ប្រទេសវៀតណាមចង់ចៀសពីភាពអាម៉ាសនានាដែលអាចកើតមានដោយសារបាតុកម្ម អំឡុងពេលដែលខ្លួនបង្ហាញដល់ភ្ញៀវបរទេសក្នុងកិច្ចប្រជុំ APEC ថាខ្លួន «បើកចិត្តទូលាយនិងខ្នះខ្នែង»។
លោក McCarty បន្តថា៖ «ខ្ញុំគិតថាមិនមានអ្វីច្រើនដែលត្រូវត្អូញត្អែរនោះទេ។ កិច្ចប្រជុំ (APEC) នឹងក្លាយជាការបង្ហាញដ៏ធំមួយសម្រាប់វៀតណាម។ អាជ្ញាធរគ្រាន់តែមិនចង់ឲ្យកិច្ចប្រជុំនេះក្លាយជាទីតាំងសម្រាប់បាតុកម្មនោះទេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថា ភ្នាក់ងារជនជាតិវៀតណាមបានវាយសកម្មជននិងអ្នកសរសេរប្លុក ដោយ«មានអភ័យឯកសិទ្ធិ»។ កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះបានទាមទារឲ្យរដ្ឋាភិបាលបញ្ចប់ការវាយដំនានានិងចាប់ខ្លួនជនដៃដល់មកទទួលទោសមុខច្បាប់។ រដ្ឋាភិបាលដែលជាម្ចាស់ជំនួយគួរតែប្រាប់ដល់ប្រទេសវៀតណាមឲ្យបញ្ឈប់សកម្មភាពទាំងនេះ។
រដ្ឋអាជ្ញារវៀតណាមក៏បានចោទប្រកាន់ជាផ្លូវការលើអ្នកស្រី Nguyen Ngoc Nhu Quynh ដែលជាអ្នកសរសេរប្លុកម្នាក់ដែលត្រូវបានគេស្គាល់ថាជា មាតាផ្សិត ពីបទសង្ស័យថាធ្វើការឃោសនាប្រឆាំងរដ្ឋាភិបាល។ អ្នកសរសេរប្លុកដែលបានទទួលពានរង្វាន់នារីក្លាហានអន្តរជាតិពីភរិយានៃប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Melania Trump កាលពីខែមីនារូបនេះ ប្រឈមនឹងទោសជាប់ពន្ធនាគារ ១២ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស។
ប៉ុន្តេលោក Burke បាននិយាយថា ប្រទេសវៀតណាមបានអនុគ្រោះដល់សម្តីឥតបានការជាច្រើនដើម្បីឲ្យការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទូលំទូលាយសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម។
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងជាង៦ភាគរយក្នុងឆ្នាំ២០១៥និងឆ្នាំ២០១៦ គឺរហូតដល់២០០ពាន់លានដុល្លារភាគច្រើនដោយសាររោងចក្រផលិតសម្រាប់ការនាំចេញ ដែលបានជួយធ្វើឲ្យចំនួនអ្នកមានប្រាក់ចំណូលមធ្យមកើនឡើងក្នុងចំនួនប្រជាជនសរុប៩២លាននាក់នោះ។ ការចំណាយលើការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យឧស្សាហកម្មចាប់ពីគ្រឿងសង្ហារឹមដល់គ្រឿងអេឡិចត្រូនិក កាលពីឆ្នាំមុនបានកើនដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមកគឺ១៥.៨លានដុល្លារ។ កាលពីបួនទសវត្សរ៍កន្លងទៅ ប្រទេសវៀតណាមទើបតែងើបពីសង្រ្គាមជាមួយចិននិងសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោក Burke និយាយថា៖ «មានរឿងនយោបាយថ្មីៗជាច្រើនតែងតែកើតមាន ហើយប្រជាពលរដ្ឋតែងតែបញ្ចេញមតិជាសាធារណៈតាមអ៊ីនធឺណិត។ ប៉ុន្តែប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសវៀតណាមហាក់ដូចជានៅមានការបើកចំហច្រើន។ ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook ឬ Google ហើយនិងអ្វីទាំងនោះដែលត្រូវបានរឹតត្បិតនៅក្នុងប្រទេសចិនគឺបើកចំហនៅទីនេះហើយវាពិតជាជួយសេដ្ឋកិច្ចបានច្រើន»។
លោក Burke បន្តថា៖ «ប៉ុន្តែជាធម្មតា វាតែងតែមានចំណុចរសើបខ្លះតាមវិស័យខុសគ្នាៗអំពីថាតើអ្វីត្រូវបាននិយាយ ដោយអ្នកណា ហើយនិយាយយ៉ាងដូចម្តេច»។
សមាជិកសភាអឺរ៉ុបប្រហែលជាចង់ឃើញការប្រសើរឡើងផ្នែកសិទ្ធិមនុស្សមុននឹងផ្តល់សច្ចាបនុមតិលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមដែលត្រូវបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០១៥។ នេះបើយោងតាមលោក Oscar Mussons សហការីជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាផ្នែកជំនួញ Dezan Shira & Associates ក្នុងទីក្រុងហូជីមីញ។
សមាជិកសភាអឺរ៉ុបបានបង្ហាញក្តីបារម្ភកាលពីខែកុម្ភៈនៅពេលអនុគណៈកម្មការសិទ្ធិមនុស្សម្នាក់បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។
ក្រុមហ៊ុននានាបានវិនិយោគនៅក្នុងប្រទេសវៀតណាមដោយសារកម្លាំងពលកម្មថោក ដែលធ្វើឲ្យសម្បូរការធ្វើបាតុកម្មតវ៉ានានា ហើយការតវ៉ាកើតឡើងជារឿយៗមុនឆ្នាំ២០១១ ដើម្បីចង់ឲ្យរដ្ឋាភិបាលកំណត់ឲ្យច្បាស់លាស់ទៅលើប្រាក់ឈ្នួលនិងចំនួនម៉ោងធ្វើការ។
លោក Mussons ថ្លែងថា៖ «តាមការយល់ឃើញរបស់វិនិយោគិន ពួកគេនឹងមកទីនេះហើយនិយាយថា តើស្ថានភាពរបស់សិទ្ធិរបស់បុគ្គលិកយ៉ាងដូចម្តេចដែរ ហើយតើយើងអាចឲ្យពួកគេធ្វើការថែមបានប៉ុន្មានម៉ោង ហើយតើប្រាក់ខែអប្បបរមាប៉ុន្មាន? ដូច្នេះវិនិយោគិនច្បាស់ជាលៃលកទៅតាមនោះដែរ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ