វៀតណាមកំពុងខិតចូលកាន់តែជិតឡើងទៅនឹងប្រទេសអូស្រ្តាលីនៅពេលដែលខ្លួនស្វះស្វែងរកការជួយពីសំណាក់អន្តរជាតិកាន់តែធំឡើងដើម្បីទប់នឹងការពង្រីកទឹកដីរបស់ចិនក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។
ប្រទេសទាំង២បានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនាលើភាពជាដៃគូយុទ្ធ សាស្រ្តដើម្បីបង្កើនការសន្ទនាកម្រិតខ្ពស់ដែលកំពុងកត់សម្គាល់នូវការធ្វើឲ្យប្រសើរឡើងដល់ប្រសិទ្ធភាពនូវភាពជាដៃគូផ្សេងទៀត រួមមានការសន្យាឆ្លើយតបដល់ការគំរាមកំហែងខាងសន្តិសុខ ហើយនឹងធ្វើការជាមួយគ្នា«លើគោលនយោបាយផ្លូវនាវាចរណ៍»។
អូស្រ្តាលីនិងវៀតណាមបានធ្វើកិច្ចព្រមព្រៀងនៅពេលដែលវៀតណាមស្វះ ស្វែងរកការជួយកាន់តែខ្លាំងឡើងដើម្បីទប់នឹងរដ្ឋាភិបាលក្រុងប៉េកាំងដែលមានអំណាចកាន់តែធំឡើងក្នុងការត្រួតត្រានៅក្នុងសមុទ្រចិនខាងត្បូងដែលមានការប្រជែងគ្នានោះ។ អូស្រ្តាលីក៏កំពុងស្វែងរកផ្លូវចូលកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅទីនោះខ្លួនមានផលប្រយោជន៍ខាងសន្តិសុខនិងពាណិជ្ជកម្ម។
លោក Frederick Burke ធ្វើការនៅក្រុមហ៊ុនច្បាប់ Baker McKenzie ក្នុងទីក្រុងហូជីមិញបាននិយាយថា៖ «ពួកគេមានការព្រួយកង្វល់អំពីបញ្ហាពិសេសៗដូចជាសេរីភាពនៃការធ្វើការនាវាចរណ៍ និងសមុទ្រចិនខាងកើត ពួកគេមានផលប្រយោជន៍រួមជាមួយវៀតណាមក្នុងការរក្សាផ្លូវនាវាចរណ៍នោះឲ្យនៅបើកចំហរ»។ជម្លោះបូរណភាពទឹកដីរវាងចិន និងវៀតណាមលើផ្នែកនានានៃសមុទ្រដែលសម្បូរទៅដោយធនធានដែលមានចម្ងាយ៣លាន៥សែនគីឡូម៉ែត្រការ៉េចាប់តាំងពីទីក្រុងហុងកុងដល់ទីក្រុង Borneo។ កោះតៃវ៉ានិងប្រទេស៣ទៀតនៅតំបន់អាស៊ីអាគ្នេយ៍បានទាមទារសមុទ្រនោះដែរ។
ពួកអ្នកវិភាគនិយាយថា វៀតណាមកំពុងស្វែងរកមិត្តភាពជាមួយប្រទេសជាច្រើនដើម្បីការពារទូកនេសាទ ការរុករកថាមពលនៅក្នុងសមុទ្រហើយនិងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
លោក Termsak Chalermpalanupap ជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរីបាននិយាយថា៖ «វៀតណាមកំពុងស្វែងរកមិត្តភក្តិ ហើយនិងការគាំទ្រគ្រប់ទីកន្លែង។ វៀតណាមស្វែងរកមិត្តភក្តិនិងការគាំទ្រផ្សេងៗ»។
ប្រទេសអូស្រ្តាលីដែលជាសម្ព័ន្ធមិត្តដ៏យូររបស់សហរដ្ឋអាមេរិកដែលកំពុងប្រឈមបញ្ហាផ្ទាល់ជាមួយចិនបានស្ថិតនៅក្នុងសម្ព័ន្ធភាពចតុភាគីរួមមានប្រទេស ឥណ្ឌា ជប៉ុននិងសហរដ្ឋអាមេរិក។
ប្រមុខរដ្ឋមកពីក្រុមនោះបានជួបគ្នានៅក្នុងទីក្រុងម៉ានីលកាលពីខែវិច្ឆិកាដើម្បីពិភាក្សាថាតើធ្វើយ៉ាងដូចម្តេចដើម្បីឲ្យសមុទ្រនោះនៅបើកចំហរសម្រាប់ផ្លូវនាវាចរណ៍។ ប្រទេសអូស្រ្តាលីនិងជប៉ុនបានអំពាវនាវឲ្យមានសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ «ហើយនិងការគោរពច្បាប់អន្តរជាតិ»។
វៀតណាម និងឥណ្ឌាបានធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូខាងយុទ្ធសាស្រ្តរបស់ខ្លួនកាលពីឆ្នាំទៅ ហើយនៅឆ្នាំ២០១៤ ប្រទេសជប៉ុនបានយល់ព្រមលក់នាវាស៊ើបការណ៍សម្ងាត់ចំនួន៦គ្រឿងទៅឲ្យវៀតណាម។ នៅខែនេះ សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅកាន់ប្រទេសវៀតណាមដែលជាដំណើរទស្សនកិច្ចបែបនេះលើកទីមួយ។
នាវិកបានស្លាប់នៅក្នុងការប៉ះទង្គិចរវាងចិននិងវៀតណាមនៅឯសមុទ្រនៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៨៨ នាវាមកពីប្រទេសចិននិងវៀតណាមបានបើកបុកគ្នាបន្ទាប់ពីចិនបានអនុញ្ញាតឲ្យដំឡើងកន្លែងបូមប្រេងរបស់ខ្លួននៅក្នុងសមុទ្រ។
រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើឲ្យរកាំចិត្តដល់គូប្រកួតប្រជែងទាមទារសមុទ្រចិនខាងត្បូងរបស់ខ្លួនជាងមួយទសវត្សរ៍នេះដោយការស្ថាបនាប្រជុំកោះតូចៗសម្រាប់ប្រើប្រាស់ខាងយោធា និងនាវាកាពារដែនសមុទ្រឆ្លងកាត់ផ្ទៃទឹកជិតប្រទេសនានា។ ប្រទេសអូស្រ្តាលីមិនបានទាមទារដែនទឹកនោះទេ។
លោក Stuart Orr សាស្រ្តាចារ្យនៃការចាត់ចែងខាងយុទ្ធសាស្រ្តនៃសាកលវិទ្យាល័យ Deakin ក្នុងប្រទេសអូស្រ្តាលីបាននិយាយថា អូស្រ្តាលី ប្រហែលជួយ សម្ព័ន្ធភាពចតុភាគីដើម្បីឃ្លាំមើលសមុទ្រចិនខាងត្បូង។ ភាពជាដៃគូជាមួយវៀតណាម «ផ្តល់ឲ្យអូស្រ្តាលីនូវវត្តមានកាន់តែជិតស្និទ្ធឡើង ហើយនិងប្រភពព័ត៌មានផ្សេងទៀតអំពីតំបន់នោះ»។
ក៏ប៉ុន្តែ ទាំងអូស្រ្តាលីនិងវៀតណាមចាត់ទុកចិនជាដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន ដែលមានន័យថា ពួកគេនឹងទំនងបញ្ចៀសការប្រឈមមុខជាមួយចិននៅឯសមុទ្រ។ លោក Burke បាននិយាយទៀតថា «ខ្ញុំគិតថា ពួកគេនឹងមិនប្រើនាវាដឹកយន្តហោះចម្បាំងដូចជាសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនទេ»។
លោក Trung Nguyen ព្រឹទ្ធបុរសនៃទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សជាតិក្នុងទីក្រុងហូជីមិញបាននិយាយថា វៀតណាម ប្រហែលយកចិត្តទុកដាក់លើប្រទេសអូស្រ្តាលីពីព្រោះតែខ្លួនមិនអាចដឹងពីអ្វីដែលសហរដ្ឋអាមេរិកនឹងធ្វើនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ពួកអ្នកស្រាវជ្រាវជាន់ខ្ពស់ក្នុងតំបន់និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ មិនបានបញ្ជាក់ឲ្យច្បាស់ពីគោលនយោបាយខាងនយោបាយនិងសេដ្ឋកិច្ចសម្រាប់ទ្វីបអាស៊ី។
លោក Nguyen បាននិយាយថា៖ «ដោយមានគោលនយោបាយការបរទេសជាច្រើន វៀតណាមអាចធ្វើឲ្យមានតុល្យភាពដើម្បីទប់ទល់នឹងចិនក្នុងករណីអវត្តមានសហរដ្ឋអាមេរិកនៅក្នុងតំបន់។ «ទោះជាអូស្រ្តាលី មានអំណាចកម្រិតទី២ ក្នុងករណីខ្លះ ពួកគេអាចជំនួសឲ្យសហរដ្ឋអាមេរិកបានដែរ បើសិនសហរដ្ឋអាមេរិកត្រឡប់ទៅកាន់គោលនយោបាយគិតពីប្រទេសអាមេរិកមុននោះ»។
ពួកអ្នកវិភាគនិយាយថា អូស្រ្តាលីបានចុះហត្ថលេខាលើភាពជាដៃគូជាមួយវៀតណាមដើម្បីព្យាយាមរឹតបន្តឹងចំណងទាក់ទងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានប្រទេស១០ជាសមាជិក។ អូស្រ្តាលីមើលឃើញក្រុមប្រទេសទាំងនេះ រួមទាំងវៀតណាមជាគន្លឹះដ៏សំខាន់ដល់សន្តិសុខតំបន់អាស៊ីនឹងទីផ្សារសម្រាប់ក្រុមហ៊ុនអូស្រ្តាលី។
សមាគមអាស៊ានមានប្រជាពលរដ្ឋប្រហែល៦៣០លាននាក់ រួមមានទីផ្សារប្រើប្រាស់ទំនិញកំពុងរីកចម្រើនបំផុតដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីននិងវៀតណាម។ លោក Nguyen និយាយទៀតថា វៀតណាមអាចសម្របសម្រួលចំ ណងទាក់ទងរបស់អូស្រ្តាលីក្នុងតំបន់កាន់តែធំឡើង។
លោក Burke និយាយថា ក្រុមហ៊ុនអូស្រ្តាលី ជួនកាលដេញថ្លៃគម្រោងរៀបចំចាត់ចែងទឹកក្នុងប្រទេសវៀតណាម។ នៅខែនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រាប់ឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុង Brisbane នៃប្រទេសអូស្រ្តាលីដើម្បីជួយការផ្លាស់ប្តូរសមាហរណកម្មក្នុងតំបន់និងពាណិជ្ជកម្ម។
ពាណិជ្ជកម្មរវាងអូស្រ្តាលីនិងវៀតណាមក្នុងឆ្នាំ២០១៦និង២០១៧បានឡើងដល់៩ពាន់លានដុល្លារដែលធ្វើឲ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំទី១៥របស់អូស្រ្តាលី។
រដ្ឋាភិបាលបានប្រាប់ឲ្យដឹងនៅក្នុងប្រព័ន្ធ Website របស់ខ្លួនថា កាលពីថ្ងៃទី១៧និងទី១៨ ខែមីនានេះ ប្រទេសអូស្រ្តាលីបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលពិសេសលើកទីមួយរបស់ខ្លួនជាមួយសមាគមអាស៊ានដោយផ្តោតលើបញ្ហាសន្តិ សុខរួមនិងការពារឱកាសកាន់តែច្រើនឡើងសម្រាប់ពាណិជ្ជកម្មយើង»៕
ប្រែសម្រួលដោយជឹង ប៉ូជីន