វៀតណាមកំពុងពិចារណាថាតើពេលណាគួរនាំចេញអង្ករទៅលក់នៅក្រៅប្រទេសវិញ ខណៈពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាតទូទាំងពិភពលោក។ វៀតណាមបានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីបានបញ្ជាក់កាលពីថ្ងៃទី២៤ ខែមីនា ថា ខ្លួននឹងផ្អាករាល់ការចុះកិច្ចសន្យាថ្មីៗលើការនាំចេញអង្ករ។ ប្រទេសវៀតណាមគឺជាអ្នកនាំចេញអង្ករធំបំផុតទីបីនៅក្នុងពិភពលោក។
អាជ្ញាធរវៀតណាមកំពុងតែពិចារណាឡើងវិញទៅលើការផ្អាកការនាំអង្ករចេញទៅលក់នៅក្រៅប្រទេស ដោយសារតែបណ្ដាក្រុមហ៊ុនមួយចំនួនកំពុងតែនិយាយថា មានអង្ករស្ដុកទុកយ៉ាងច្រើនក្នុងស្រុក។ វៀតណាមចាត់ទុកការស្ដុកទុកអង្ករក្នុងស្រុកជាអាទិភាព ដើម្បីឲ្យពលរដ្ឋអាចស្ដុកទុកស្បៀងអាហារនិងស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
រដ្ឋាភិបាលវៀតណាមបានបង្កើតក្រុមការងារមួយដើម្បី«ធ្វើការជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងបណ្ដាក្រុមហ៊ុននាំចេញអង្ករ ឲ្យត្រួតពិនិត្យ ធ្វើអធិការកិច្ច និងវាយតម្លៃការផ្គត់ផ្គង់អង្ករ ស្ថានភាពនាំចេញអង្ករ ការបង្វិលអង្ករបម្រុង និងស្ថានភាពនៃការអនុវត្តកិច្ចសន្យានាំចេញអង្ករ»។ នេះបើតាមគេហទំព័រផ្លូវការរបស់វៀតណាម ដែលបានឲ្យដឹងកាលពីថ្ងៃពុធ ទី២៥ ខែមីនា។
សមាគមស្បៀងអាហារវៀតណាមបានឲ្យដឹងថា វាមានសុវត្ថិភាពក្នុងការនាំអង្ករចេញ ដោយសារតែបញ្ជីសារពើភ័ណ្ឌអង្ករក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ប្រជាជន។
សាស្ត្រាចារ្យកសិកម្ម លោក Vo Tong Xuan បានយល់ស្រប ដោយនិយាយថា ប្រទេសវៀតណាមអាចនាំចេញអង្ករចំនួនបីលានតោនទៅក្រៅប្រទេស ហើយនៅតែរក្សាសន្ដិសុខស្បៀងអាហារក្នុងស្រុកដដែល។ ខណៈពេលជាមួយគ្នានេះ វៀតណាមមានគោលបំណងនឹងរក្សាទុកអង្ករចំនួន១៩០.០០០តោនបម្រុងទុកសម្រាប់ខ្លួនឯង ដែលបរិមាណនេះប្រហាក់ប្រហែលនឹងបរិមាណអង្ករបម្រុងកាលពីឆ្នាំមុនដែរ។
លោក Xuan បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងកាសែត Tuoi Tre របស់រដ្ឋថា៖ «នៅមានសល់អង្ករយ៉ាងច្រើនក្រាស់ក្រែលក្នុងឃ្លាំងស្ដុករបស់បណ្ដាក្រុមហ៊ុននានា ហើយឥឡូវនេះ ក្រុមគ្រួសារកសិករនៅតាមតំបន់ដីសណ្ដទន្លេមេគង្គកំពុងតែច្រូតកាត់បន្ថែមទៀត»។
ការមិនអនុញ្ញាតឲ្យនាំអង្ករចេញអាចប្រឈមនឹងហានិភ័យធ្វើឲ្យមានប្រតិកម្មអវិជ្ជមានលើសង្វាក់ផ្គត់ផ្គង់ ដែលកាលពីមុន វិធានការបែបនេះបាននាំឲ្យមានប៉ះពាល់មិនល្អទៅវិញទេ។
នេះគឺជាអ្វីដែលបានកើតឡើង នៅពេលដែលឥណ្ឌាឈប់នាំចេញអង្ករកាលពីឆ្នាំ២០០៨ ដែលធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម រហូតនាំឲ្យមានការហាមឃាត់ការនាំចេញផ្សេងទៀត សូម្បីតែអង្ករលក់នៅតាមហាងលក់ទំនិញ Costco នៅសហរដ្ឋអាមេរិកក៏រងប៉ះពាល់ដែរ។
បញ្ហាទាំងអស់នេះបានកើតឡើង បើទោះជាមានការផ្គត់ផ្គង់អង្ករច្រើនលើសពីតម្រូវការក៏ដោយ។ ឥណ្ឌាដែលជាអ្នកនាំចេញអង្ករធំបំផុតនៅក្នុងពិភពលោក កាលពីពេលនោះបានសម្រេចថា ត្រូវស្ដុកទុកអង្កររបស់ខ្លួន ដើម្បីជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់រដ្ឋក្នុងការធានាថា ពលរដ្ឋមានអង្ករគ្រប់គ្រាន់។ ការណ៍នេះធ្វើឲ្យប្រទេសដទៃទៀតគិតដូចគ្នាដែរ ហើយពួកគេត្រូវស្ដុកទុកអង្ករនិងឈប់នាំចេញទៅក្រៅប្រទេស។
តាមពិត មិនមានការខ្វះខាតអង្ករនោះទេ ប៉ុន្តែសកម្មភាពព្រមៗគ្នាទាំងនេះ ធ្វើឲ្យអតិថិជនគិតថា ពួកគេត្រូវទិញអង្ករស្ដុកទុក ដោយសារពួកគេឃើញតម្លៃអង្ករឡើងថ្លៃ។ នេះបើយោងតាមការបញ្ជាក់របស់លោក Harrison Hong អ្នកសេដ្ឋកិច្ចវិទូនៃសាកលវិទ្យាល័យ Princeton។
លោក Hong បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកអាចហៅអាកប្បកិរិយានេះថាជាសភាវគតិដើម្បីបានរស់រានមានជីវិត។ អ្នកអាចហៅអាកប្បកិរិយានេះថាជាការស្ដុកទុក។ ប៉ុន្តែអ្នកខ្លះមានប្រតិកម្មបែបនេះ»។
លោក Hong និងសាស្ត្រាចារ្យដទៃទៀតបានសិក្សាអំពីអាកប្បកិរិយារបស់អ្នកប្រើប្រាស់នៅក្នុងពេលមានវិបត្តិ។
លោក Hong បានថ្លែងទៀតថា៖ «ការរកឃើញរបស់យើងបង្ហាញថា វិធីមួយក្នុងការធ្វើឲ្យទីផ្សារមានតុល្យភាពគឺត្រូវសន្យាថា អតិថិជននឹងអាចទិញអង្ករក្នុងបរិមាណមួយបាន។ ធ្វើដូច្នេះនឹងអាចកាត់បន្ថយការភ័យខ្លាចរបស់ពួកគេក្នុងការទទួលបានបរិមាណស្បៀងអាហារដែលពួកគេត្រូវការ»។
ហើយនេះក៏ជាការព្រួយបារម្ភម្ដងហើយម្ដងទៀត ក្នុងពេលដែលជំងឺកូវីដ១៩ឆ្លងរាតត្បាតទូទាំងពិភពលោកផងដែរ។ ប្រទេសមួយចំនួន ដូចជាប្រទេសរុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្ដើមដាក់កម្រិតលើការនាំចេញផលិតផលស្បៀងអាហាររបស់ខ្លួនរួចទៅហើយ។
ការផ្អាកការនាំចេញអង្កររបស់វៀតណាមក៏បានធ្វើឲ្យមានសញ្ញានៃផលប៉ះពាល់នៅក្នុងប្រទេសដទៃទៀតរួចទៅហើយ ដោយរួមទាំងក្នុងប្រទេសអូស្ត្រាលីផងដែរ។
ផលប៉ះពាល់ពីការផ្ទុះរាលដាលជំងឺកូវីដ១៩ទៅលើការជឿជាក់របស់អ្នកទិញទំនិញនៅវៀតណាមកើតមាន ដោយសារតែអ្នកស្រុកចាប់ផ្ដើមព្រួយបារម្ភខ្លាំងជាងមុនអំពីស្បៀងអាហារ ប្រាក់កាស និងសុខភាព។ នេះបើយោងតាមក្រុមហ៊ុន Nielsen Vietnam ដែលជាក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារមួយ។
លោកស្រី Louise Hawley ដែលជានាយកគ្រប់គ្រងក្រុមហ៊ុននេះ បានថ្លែងថា សូម្បីតែនៅមុនពេលជំងឺកូវីដ១៩នេះផ្ទុះឡើង ការវាស់ស្ទង់មតិរបស់ក្រុមហ៊ុនលោកស្រីកាលពីចុងត្រីមាសឆ្នាំ២០១៩បានបង្ហាញថា ពលរដ្ឋវៀតណាមបារម្ភអំពីការឡើងថ្លៃម្ហូបអាហារ។
លោកស្រី Hawley និយាយថា៖ «ឧទាហរណ៍មួយគឺតម្លៃសាច់ជ្រូក ដោយសារតែជំងឺផ្ដាសាយជ្រូកអាហ្វ្រិកបានប៉ះពាល់ដល់ឧស្សាហកម្មសាច់ជ្រូកនិងធ្វើឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា