ការបន្តទាមទារឱ្យអាជ្ញាធរផ្តល់យុត្តិធម៌នៅតែបន្តកើតមាន បើទោះបីជាការបង្ក្រាបពីសំណាក់កងកម្លាំងចម្រុះលើកម្មករ ដែលបានប្រមូលផ្តុំគ្នាទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារ កាលពីឆ្នាំ ២០១៤ លើកំណាត់ផ្លូវវេងស្រេង និងនៅមុខរោងចក្រយ៉ាកជីង បានកន្លងផុតទៅអស់រយៈពេល ១០ ឆ្នាំក្តី។
បើតាមជនរងគ្រោះ និងអង្គការសង្គមស៊ីវិល នៅក្នុងព្រឹត្តិការណ៍ឆ្នាំ ២០១៤ នោះ ក្រុមកងកម្លាំងចម្រុះ និងក្រុមទាហានឆ័ត្រយោង ៩១១ បានប្រើប្រាស់«ហិង្សាយ៉ាងព្រៃផ្សៃ»លើកម្មករ រួមមានទាំងការបង្ក្រាប និងបាញ់រះគ្រាប់កាំភ្លើងពិត ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤ នាក់ រងរបួសចំនួន៤៤នាក់។ មនុស្ស ២៣ នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ខណៈកម្មករម្នាក់ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតដល់ពេលបច្ចុប្បន្ននេះ។ ពួកគេថា ការបង្ក្រាបយ៉ាងព្រៃផ្សៃនោះកើតឡើងនៅពេលកម្មករតវ៉ាទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលគោលឱ្យដល់ ១៦០ ដុល្លារ ហើយការប្រមូលផ្តុំនេះកើតឡើង ដោយសារការចរចាប្រាក់ឈ្នួលនាពេលនោះជាប់គាំងដែលធ្វើឱ្យកម្មករតវ៉ាទូទាំងប្រទេស។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ អះអាងថា លោកជាជនរងគ្រោះពីការវាយដំដោយទាហានឆ័ត្រយោង ៩១១ នៅមុខរោងចក្រយ៉ាកជីង និងធ្លាប់ជាប់ពន្ធនាគារដោយសារការបង្រ្កាបនេះ។ លោកប្រាប់វីអូអេថា រយៈពេល ១០ ឆ្នាំនេះ យុត្តិធម៌មិនទាន់មានសម្រាប់លោក និងកម្មករផ្សេងទៀតនៅឡើយទេ។ លោកស្នើឱ្យអាជ្ញាធរ និងតុលាការផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ បើទោះបីជាលោកមានជំនឿតិចតួចក្តី។
លោកថ្លែងថា៖ «បើសិនជាដូចបច្ចុប្បន្ននេះ គឺសមត្ថកិច្ចហាក់មិនមានពន្លឺណាមួយ ផ្តល់យុត្តិធម៌សម្រាប់អ្នករងគ្រោះឬគ្រួសារដែលស្លាប់បាត់បង់ជីវិតនោះទេ។ អ៊ីចឹងរយៈពេល ១០ ឆ្នាំនេះ យើងគិតថា ស្ថានភាពបែបនេះគឺយើងនឹងមិនសង្ឃឹមនូវភាពយុត្តិធម៌ ទទួលបានភាពយុត្តិធម៌ទេ។ ប៉ុន្តែបើសិនជារដ្ឋាភិបាលថ្មីនេះគឺរៀបចំប្រព័ន្ធយុត្តិធម៌ណាមួយឱ្យទទួលយកបាន ខ្ញុំគិតថា អាចទៅរួច»។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៤ ក៏បានអំពាវនាវទៅរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់កម្មករ និងអ្នករងគ្រោះក្នុងព្រឹត្តិការណ៍មួយនេះ ដោយទាមទារឱ្យទម្លាក់បទចោទលើកម្មករ និងសកម្មជនសហជីព ដាក់ទោសសមត្ថកិច្ចដែលបានបង្ក្រាបនិងប្រើប្រាស់អំពើហិង្សា បន្តស៊ើបអង្កេតស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន និងផ្តល់សំណងដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន រួមទាំងសំណងដល់កម្មករដែលរងគ្រោះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមអាដហុក និងអង្គការលីកាដូជាដើម។
លោក ថេង សារឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) អះអាងថា លោកក៏ជាជនរងគ្រោះម្នាក់នៅក្នុងការបង្រ្កាបហិង្សាកាលពីដើមឆ្នាំ ២០១៤ និងធ្លាប់ជាប់ពន្ធនាគារកាលនោះ។ លោកបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២ ខែមករាថា «១០ឆ្នាំរង់ចាំយុត្តិធម៌»។
លោក ថេង សារឿន រៀបរាប់បន្តថា៖ «រយៈពេល ១០ ឆ្នាំ ដែលខ្ញុំរង់ចាំយុត្តិធម៌ គិតត្រឹមថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៤ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយ ដែលរូបខ្ញុំមិនអាចបំភ្លេចបាន និងបានចង់ចាំនៅក្នុងខួរក្បាលជារៀងរហូតរាល់គ្រប់រូបភាពនៃការប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃជាទីបំផុតរបស់កងទាហានឆ័ត្រយោង ៩១១ កំបូលមកលើរូបខ្ញុំ ព្រមទាំងការកាត់ក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញរយៈពេល ៤ ខែ ២៨ ថ្ងៃ ក្នុងការតស៊ូមតិស្វែងរកយុត្តិធម៌ក្នុងទិដ្ឋភាពច្បាប់»។
លោកក៏ស្នើតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើរូបលោក និងជនរងគ្រោះដទៃទៀតដើម្បីបំបាត់ភាពឈឺចាប់របស់អ្នករងគ្រោះ។
លោក ថេង សារឿន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែជំរុញឱ្យអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់មកលើពួកខ្ញុំ និងកម្មករ [និង]ផ្តល់យុត្តិធម៌ ពីព្រោះខ្ញុំមិនបានទៅប្រមូលផ្តុំ ផ្តួលរលំរដ្ឋាភិបាលនោះទេ នៅក្នុងព្រឹត្តិការណ៍នេះ គឺមិនបានដឹកនាំ ឬមិនបានធ្វើដូចអ្វីដែលការចោទប្រកាន់ និងការលើកឡើង និងការអះអាងទេ។ ខ្ញុំគ្រាន់តែជាអ្នកឃ្លាំមើលតែប៉ុណ្ណោះ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា ការបង្ក្រាបរបស់អាជ្ញាធរកាលនោះជារឿងត្រឹមត្រូវ ហើយលោកចាត់ទុកថា ការប្រមូលផ្តុំកាលនោះ ខុសច្បាប់ និងមានចេតនាចង់ផ្តួលរលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។
លោកបញ្ជាក់ថា៖ «យើងចាត់ទុកនេះជាអំពើកុបកម្មផ្តួលរលំ ដែលច្បាប់ត្រូវតែព្រមាន ដើម្បីរក្សានូវសន្តិភាពជាតិទាំងមូល»។
លោក ខៀវ សុភ័គ ក៏បានប្រតិកម្មទៅនឹងក្រុមអង្គការសង្គមស៊ីវិល ដែលចូលរួមបន្តទាមទាររកយុត្តិធម៌នៅក្នុងការបង្រ្កាបនេះ។
លោកបញ្ជាក់ថា៖ «អង្គការសង្គមស៊ីវិលជាអង្គការមួយ ដែលធ្វើការបម្រើឱ្យបរទេសយកប្រាក់ខែបរទេស ចេះតែស្រែកឱ្យបរទេស។ ឱ្យគាត់ស្រែកទៀតទៅចុះ ព្រោះគាត់ស្រែកក៏បានលុយដែរ ចិញ្ចឹមពួកគាត់ដែរ ហើយលុយក៏ធ្លាក់ចូលជាតិយើងដែរ។ អាហ្នឹងទុកជាការសម្តែងរបស់គាត់ ជារឿងសម្តែងរបស់គាត់ប៉ុណ្ណឹងទេ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់ថា សម្រាប់លោកនៅតែមើលឃើញថា ការប្រមូលផ្តុំរបស់កម្មករកាលពីថ្ងៃទី ២ និងទី ៣ ខែមករា ឆ្នាំ ២០១៤ គឺជាការធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលដែលមែនជាការផ្តួលរលំរដ្ឋាភិបាលនោះទេ។
លោកបញ្ជាក់ថា៖ «គ្រាន់ជាការមើលឃើញរបស់ខ្ញុំ ការតវ៉ានោះ គឺកូដកម្មរឿងប្រាក់ឈ្នួល អត់មានរឿងនយោបាយ ផ្តួលរលំ[រដ្ឋាភិបាល]អ្វីទេ។ ការលើកឡើងគ្រាន់តែជាការលាបពណ៌អ្នកដែលធ្វើការតវ៉ាទាមទារប្រាក់ឈ្នួលតែប៉ុណ្តោះ»៕