អនុ​ប្រធានាធិបតី​អាមេរិក បើក​ការិយាល័យ​ថ្មី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ នៅ​វៀតណាម

  • ​Reuters

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ការិយាល័យ​ថ្មី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

អនុ​ប្រធានាធិបតីសហរដ្ឋអាមេរិក​អ្នកស្រី​ Kamala Harris ​នៅថ្ងៃ​ពុធ​ បាន​បើក​ដំណើរ​ការ​ទីភ្នាក់ងារ​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​ (CDC) ​របស់​អាមេរិក ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​ហាណូយ​ក្នុង​ពិធី​មួយ​ដែល​រួមមាន​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​និង​សុខុមាលភាព​ពលរដ្ឋអាមេរិក​ នាយក​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ស.រ.អ. ​និង​ឧបនាយក​រដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​សុខាភិបាល​មកពី​ប្រទេស​ចំនួន១១។​

ការិយាល័យ​ប្រចាំ​តំបន់​ថ្មី​នេះ​ ពង្រឹង​សមត្ថភាព​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ ក្នុង​ការ​បំពេញ​បេសក​កម្ម​ការពារ​ជនជាតិ​អាមេរិក ​និង​ប្រជាជន​ក្នុង​តំបន់​តាម​រយៈ​ការ​ឆ្លើយតប​ឆាប់​រហ័ស​ទៅនឹង​ការ​គំរាម​កំហែង​ផ្នែក​សុខភាព​នៅ​ទី​កន្លែង​ដែល​កើត​មាន​ ហើយ​បង្កើត​ទំនាក់​ទំនង​សំខាន់ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​សុខភាព​រួមគ្នា។​

អ្នកស្រី ​Harris ​បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​សុខាភិបាល​ក្នុង​តំបន់​ និង​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​មាន​សកម្មភាព​ត្រៀម​បង្ការ​ និង​ឆ្លើយតប​ជំងឺ​រាតត្បាត។​

លោក​ Xavier Becerra ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​និង​សុខុមាលភាព​ពលរដ្ឋ​ស.រ.អ.​ថ្លែង​ថា៖ ​«តាម​រយៈ​ការិយាល័យ​នេះ​ យើង​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​របស់​យើង​ក្នុង​តំបន់​ដើម្បី​ចែក​រំលែក​យុទ្ធសាស្ត្រ​ និង​ពង្រឹង​សមត្ថភាព​គ្នា​ក្នុង​ការ​ការពារ​ ​ ស្វែង​រក និង​ឆ្លើយតប​ការ​គំរាម​កំហែង​នៃ​ជំងឺ​ឆ្លង​នាពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។​ សមិទ្ធ​ផល​នេះ គឺ​ជា​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្រិត​ខ្ពស់​ជាច្រើន​ឆ្នាំ​រវាង​រដ្ឋាភិបាល​របស់​យើង។ ​វា​ ក៏​ជាឱកាស​ដ៏សំខាន់​មួយ​ដើម្បី​ជួបជុំគ្នា​ពិភាក្សា​អំពី​អាទិភាព​សន្តិសុខ​សុខភាព​រួមគ្នា​របស់​ប្រទេស​យើង​ផង​ដែរ»៕