នៅក្នុងប្រទេសស្រីលង្កា លោកប្រធានាធិបតី Ranil Wickremesinghe បានសន្យាបង្កើតរដ្ឋាភិបាលដែលមានសមាជិកមកពីគ្រប់គណបក្សដែលមានសមត្ថភាពស្នើសុំប្រាក់ជំនួយសង្គ្រោះរាប់ពាន់លានដុល្លារអាមេរិកពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីមក។ ប៉ុន្តែកន្លងមក ការតែងតាំងមន្ត្រីមួយចំនួនរបស់លោកបានបង្កឱ្យមានកំហឹងពីអ្នកតវ៉ា។
អតិផរណាខ្ពស់ខ្លាំងបានធ្វើឱ្យតម្លៃអង្ករកើនឡើង។ កង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរបានធ្វើឱ្យមនុស្សតម្រង់ជួរជាង ៣ គីឡូម៉ែត្រដើម្បីចាក់សាំង ដោយពួកគេមួយចំនួនត្រូវដេករង់ចាំក្នុងស្ថានភាពលំបាកអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ កង្វះប្រេងឥន្ធនៈមានន័យថា ទំនិញចាំបាច់មួយចំនួនដូចជាអង្ករនិងថ្នាំពេទ្យជាដើមមិនអាចដឹកជញ្ជូនទៅដល់តំបន់ជនបទបាន។
លោក Sulaimaan Saim ដែលទើបតែត្រឡប់មកពីការសិក្សាផ្នែកវេជ្ជសាស្ត្រក្នុងប្រទេសបេឡារុសកាលពីពេលថ្មីៗនេះ បាននិយាយថា អ្នកដែលធ្លាប់ជិះរថយន្តទំនើបឥឡូវនេះបែរជាមកជិះម៉ូតូកង់បីទៅវិញ ហើយអ្នកដែលធ្លាប់ជិះម៉ូតូកង់បីឥឡូវនេះត្រូវបង្ខំចិត្តដើរដោយថ្មើរជើងទៅវិញ។
លោក Saim ថ្លែងដូច្នេះថា៖ «រដ្ឋាភិបាលខ្ជីខ្ជានិងខ្ជះខ្ជាយពេលវេលាខ្លាំងពេក។ ពួកគេកំពុងលេងសើចជាមួយនឹងប្រាក់របស់យើង។ ពួកគេកំពុងយកប្រាក់របស់ពលរដ្ឋ។ និយាយទៅ ពួកគេកំពុងលួចប្រាក់របស់ពលរដ្ឋ»។
ប្រទេសស្រីលង្កាមានបំណុលសរុបចំនួន ៥១ ពាន់លានដុល្លារអាមេរិក ហើយប្រទេសនេះត្រូវការថវិកាចំនួន ៧ ពាន់លានដុល្លារអាមេរិកដើម្បីដោះស្រាយកាតព្វកិច្ចបំណុលរបស់ខ្លួន និងដើម្បីអាចបន្តប្រតិបត្តិការរបស់រដ្ឋាភិបាលសម្រាប់រយៈពេលដែលនៅសេសសល់នៅក្នុងឆ្នាំនេះបាន ប៉ុន្តែប្រាក់បម្រុងទុកបរទេសរបស់ខ្លួនសរុបមានចំនួនតែ ១.៧០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាថា ក្នុងចំណោមប្រាក់បម្រុងទុកបរទេសទាំងអស់នោះ មានប្រាក់ចំនួនតែ ២៥ លានដុល្លារអាមេរិកប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។
Your browser doesn’t support HTML5
នេះគឺជាបញ្ហាផ្ទុះឡើងលាយឡំគ្នាដែលបង្កឱ្យមនុស្សរាប់សែននាក់ហ៊ុមព័ទ្ធតវ៉ានៅបរិវេណវិមានប្រធានាធិបតី ដោយបង្ខំឱ្យលោក Gotabaya Rajapaksa ដែលជាប្រធានាធិបតីស្រីលង្កានៅពេលនោះ រត់ភៀសខ្លួនពីប្រទេសនិងលាលែងពីតំណែង។
ទោះជាយ៉ាងនេះក្តី អ្នកតវ៉ាក៏មានកំហឹងផងដែរដោយសារចាប់តាំងពីឡើងកាន់តំណែងមក លោកប្រធានាធិបតី Wickremesinghe បានតែងតាំងលោក Dinesh Gunawardena ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងលោក Rajapaksa ជានាយករដ្ឋមន្ត្រីថ្មី ហើយលោកបានបញ្ជាឱ្យយោធារុះរើជំរំរបស់ក្រុមអ្នកតវ៉ានៅខាងក្រៅបរិវេណវិមានប្រធានាធិបតី។
លោក Ganeshan Wignarjara សមាជិកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាកិច្ចការអាស៊ីខាងត្បូងនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានថ្លែងថា ជម្រើសតែមួយគត់សម្រាប់ប្រទេសស្រីលង្កាគឺត្រូវស្នើសុំប្រាក់ជំនួយសង្គ្រោះពីអង្គការរូបិយវត្ថុអន្តរជាតិ (IMF)។
លោកWignarjara និយាយថា៖ «សេដ្ឋកិច្ចស្រីលង្កាកំពុងប្រឈមនឹងហានិភ័យនៃការដួលរលំ បន្ទាប់ពីស្រីលង្កាខកខានមិនបានសងបំណុលរបស់ខ្លួន។ កំណើនសេដ្ឋកិច្ចស្រីលង្កាឥឡូវនេះស្ថិតក្នុងកម្រិតពី -៤% ទៅ -៦% នៅក្នុងឆ្នាំនេះ ហើយអតិផរណាស្ថិតក្នុងចន្លោះពី ៥០% ទៅ ៧០% នៅឆ្នាំនេះ។ វិបត្តិនេះបានបង្កឱ្យពលរដ្ឋចំនួនប្រហែល ៧៥០.០០០ នាក់ធ្លាក់ក្នុងភាពក្រីក្រ។ ដូច្នេះ វាជាស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសស្រីលង្កា»។
អ្នកស៊ើបអង្កេតបាននិយាយថា ប្រាក់រាប់ពាន់លានដុល្លារអាមេរិកត្រូវបានមនុស្សរបស់លោក Rajapaksa ផ្ទេរចេញទៅគណនីធនាគារនៅក្រៅប្រទេស។ ករណីនេះនាំឱ្យមានការអំពាវនាវឱ្យបើកការស៊ើបអង្កេតឯករាជ្យមួយលើទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារលោក Rajapaksa និងឱ្យមានកម្មវិធីស្តារទ្រព្យសម្បត្តិឡើងវិញ បើទោះបីជាការធ្វើបែបនេះត្រូវចំណាយពេលច្រើនឆ្នាំក៏ដោយ។ ក្រុមគ្រួសាររបស់លោក Rajapaksa បានច្រានចោលការចោទប្រកាន់នេះ៕