ប្រធានាធិបតី​ប្រទេស​​វេណេស៊ុយអេឡា​ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​អាណ្តតិថ្មី

លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Caracas ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

គណកម្មការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​បាន​ប្រកាស​ថា​ លោក Nicolas Maduro ​ដែល​ជា​ប្រធានាធិបតី​កំពុង​កាន់តំណែង​បាន​ទទួល​ជ័យជម្នះ​នៅក្នុង​ការ​បោះឆ្នោត​សម្រាប់​អណត្តិ៦ឆ្នាំ​បន្ទាប់​ទៀត។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​គឺ​ជា​ជ័យជម្នះ​មួយរបស់​មេដឹកនាំ​ផ្តាច់ការ​ ដែល​បាន​ទទួល​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

លោក Maduro វ័យ៥៥ឆ្នាំ​ដែល​ជា​អតីត​អ្នក​បើក​រថយន្ត​ដឹក​អ្នកដំណើរ​ បាន​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​ បើ​ទោះបី​ជា​មាន​វិបត្តិ​យ៉ាងខ្លាំង​បាន​កើតឡើង​នៅក្នុង​ប្រទេស​នេះ​ ដែល​មាន​ដូចជា​កង្វះ​ម្ហូបអាហារ​ និង​មាន​អតិផរិណា​ខ្លាំង​យ៉ាងណា​ក៏ដោយ។

លោក Maduro បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​រដ្ឋធានី​ការ៉ាកាស​ ប្រទេស​វេណាស៊ុយអេឡា​ថា​ ជ័យជម្នះ​របស់​លោក​គឺ​ជា​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ។

លោក Henri Falcon អតីត​អភិបាល​រដ្ឋ​គឺ​ជា​ដៃគូប្រជែង​សំខាន់​មួយ​របស់​លោក Maduro ប៉ុន្តែ​ឱកាស​របស់​លោក Henri Falcon ត្រូវ​បាន​បាត់បង់​បន្ទាប់​ពី​វត្តមាន​របស់​បេក្ខជនប្រកួតប្រជែង​សំខាន់​ទីពីរ​ ដែល​ជា​អ្នក​ប្រឆាំង​នឹងលោក Maduro គឺ​បព្វជិត Javier Bertucci។

លោក Falcon បាន​ថ្លែង​កាល​ពី​ថ្ងៃអាទិត្យ​ថា «លោក​មិន​ទទួល​ស្គាល់​ដំណើរ​បោះ​ឆ្នោត​នេះ​ទេ។ នេះ​មិនមែន​ជា​ការ​បោះឆ្នោត​ដែល​ត្រឹមត្រូវ​នោះទេ។ហើយ​លោក​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ថ្មីមួយ​ទៀត​នៅក្នុង​ប្រទេស​វេណេស៊ុយអេឡា»។

លោក Bertucci ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​មួយ​ផងដែរ។

លោក Falcon បាន​រិះគន់​ទៅ​លើ​ការ​តំឡើង​តង់ពណ៌ក្រហម​នៅ​ជិត​ស្ថានីយ៍​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​ សម្រាប់​ឲ្យ​ពលរដ្ឋ​វេណេស៊ុយអេឡា​ស្កេន​ប័ណ្ឌ​សម្គាល់​របស់​ពួកគេ​បន្ទាប់​ពី​បោះឆ្នោត​រួច​ដើម្បី​ទទួល​បាន​រង្វាន់។ រដ្ឋាភិបាល​បាន​ចេញ​ប័ណ្ឌ​សម្គាល់​ទាំងនេះ​ទុក​សម្រាប់​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​មាន​ដូច​ជា​កញ្ចប់​អាហារ​ជាដើម។ ក្រុម​អ្នករិះគន់​និយាយ​ថានេះ​គឺ​រូបភាព​ទិញ​សន្លឹកឆ្នោត។

ជ័យជម្នះ​របស់​លោក Maduro អាច​នឹង​បណ្តាល​ឲ្យ​មាន​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​ រួមទាំង​ការ​ដាក់​ទណ្ឌប្រេង​ពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ក៏​ដូចជា​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហភាព​អ៊ឺរ៉ុប និង​អាមេរិក​ឡាទីន​ផងដែរ៕