លោក Juan Guaido ប្រធានគណបក្សប្រឆាំងប្រទេសវេ៉ណេស៊ុយអេឡា និងជាអ្នកអះអាងខ្លួនឯងថាជាប្រធានាធិបតី បានបញ្ជាក់ថា កូដកម្មរបស់កម្មករដ៏ភ្ញាក់ផ្អើលមួយនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងឈានឆ្ពោះទៅដល់ការធ្វើកូដកម្មជាទូទៅ។
កូដកម្មនេះ គឺជាយុទ្ធសាស្ត្រថ្មីចុងក្រោយបង្អស់របស់លោក ដើម្បីបង្ខំលោកប្រធានាធិបតី Nicolas Maduro ឲ្យចុះចេញពីតំណែង តាមរយៈការងើបបះបោររបស់ប្រជាពលរដ្ឋ។
ការតវ៉ារយៈពេលពីរថ្ងៃ នៅក្នុងទីក្រុងការ៉ាកាសកន្លងមក បានបណ្ដាលឲ្យមានការប្រឈមមុខដាក់គ្នាដោយហិង្សារវាងអ្នកគាំទ្រលោក Guaido និងកងកម្លាំងនៃប្រទេសវេ៉ណេហ្ស៊ុយអេឡា។ មន្ត្រីយោធាកំពូលៗមិនទាន់ចាប់អារម្មណ៍ចំពោះការអំពាវនាវរបស់លោក Guaido ដែលចង់ឲ្យផ្ដាច់ខ្លួនចេញពីលោក Maduro នៅឡើយទេ។
ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡារាប់លាននាក់បានគេចចេញពីប្រទេស ដោយសារតែឆ្អែតចិត្តជាមួយនឹងបញ្ហាអតិផរណាខ្ពស់ហួសកម្រិត បញ្ហាកង្វះម្ហូបអាហារ និងប្រេងសាំង បញ្ហាកង្វះសេវាសុខាភិបាល និងបញ្ហាដាក់ភ្លើងតាមការកំណត់។
ភាពចលាចលនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបានក្លាយទៅជាសមរភូមិប្រយុទ្ធខាងវោហារសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។
បន្ទាប់ពីបានសន្ទនាគ្នាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញ លោក Lavrov បានព្រមានថា នឹងមាន «ផលវិបាកដ៏ធ្ងន់ធ្ងរបំផុត» ប្រសិនបើសហរដ្ឋអាមេរិកបន្តនូវអ្វីដែលខ្លួនហៅថាជា «វិធានការដ៏គឃ្លើន»៕