មេដឹកនាំ​ក្រុម​​ប្រឆាំង​នៅ​វេណេស៊ុយអេឡា​អំពាវ​នាវឱ្យមានការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ដើម្បីជួយ​ដក​លោក Maduro ពី​តំណែង

រូបឯកសារ៖ លោក Juan Guaido មេដឹកនាំ​ក្រុម​​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ 

ស.រ.អា​បានទទួល​ស្គាល់​លោក Guaido ថា​ ជា​មេដឹកនាំបណ្តោះអាសន្ន​នៃ​ប្រទេស​វេណេស៊ុយអេឡា។​

លោក Juan Guaido មេដឹកនាំ​ក្រុមប្រឆាំង​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់លោក​ក្នុងការ​បង្ខិតបង្ខំ​លោកប្រធានាធិបតី​ Nicolas Maduro ឱ្យ​ចុះចេញ​ពី​អំណាច​ និង​ធ្វើឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញនៅ​ក្នុង​ប្រទេសជាតិ​នេះ​នៃ​ទ្វីប​អាមេរិក​ខាងត្បូង។​

លោក Guaido ប្រធានរដ្ឋសភា​ត្រួតត្រា​ដោយ​ពួក​ប្រឆាំង​ បានប្រកាសខ្លួនឯង​ជា​ប្រធានាធិបតីបណ្តោះអាសន្ន​កាលពី​សប្តាហ៍​មុន​នៅ​ក្រោយ​រដ្ឋសភាបាន​ប្រកាស​ថា​តំណែង​ប្រធានាធិបតី​របស់​លោក​ Maduro មិន​ត្រឹមត្រូវ​តាម​ច្បាប់ទេ ដោយ​និយាយបង្ហាញហេតុផល​ថា​ការជាប់ឆ្នោត​ជា​ថ្មី​របស់លោក​កាលពី​ខែឧសភា​ឆ្នាំ២០១៦មិន​យុត្តិធ៌មទេពីព្រោះ​បេក្ខជន​ប្រឆាំង​ភាគ​ច្រើន​បានត្រូវ​រារាំង​ឱ្យឈរ​ឈ្មោះឬ​បានធ្វើពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោតនេះទេ។

ស.រ.អា​បានទទួល​ស្គាល់​លោក Guaido ថា​ ជា​មេដឹកនាំបណ្តោះអាសន្ន​នៃ​ប្រទេស​វេណេស៊ុយអេឡា។​

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ចុះផ្សាយ​ក្នុង​កាសែត​ The New York Times នៅ​ថ្ងៃព្រហស្បតិ៍នេះ​ លោក Guaido បាននិយាយ​ថា ​ប្រទេសជាង​៥០​បានទទួល​ស្គាល់​លោកជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន ​ឬទទួល​ស្គាល់​រដ្ឋសភា​ជាអាជ្ញាធរ​ត្រឹមត្រូវតាមច្បាប់​ក្នុងប្រទេស​វេណេស៊ុយអេឡា។​ លោកក៏​បានអំពាវនាវ​ដល់​លោកអគ្គលេខាធិការ​អ.ស.ប Antonio Guterres សុំ​ជំនួយ​មនុស្សធ៌ម។​ លោក Guaido ថ្លែងថា​លោកបានចាប់ផ្តើម​ដំណើរការ​តែងតាំង​ឯកអគ្គរដ្ឋទូត និង «ស្វែង​រក​ព្រម​ទាំង​យក​មកវិញ​នូវ​ធនធាន​ជាតិរក្សា​ទុកនៅ​ក្រៅ​ប្រទេស»។

លោក Guaido និយាយ​អះអាង​ថា ​លោកបាន «ជួប​ដោយ​សម្ងាត់» ជាមួយ​ពួកសមាជិកនៃ​ក្រុម​យោធា ដើម្បី​និយាយ​បញ្ចុះ​បញ្ចូលពួក​គេឱ្យ​ឈប់គាំទ្រ​លោក Maduro ដែល​លោកថ្លែង​ថា «មានសារៈសំខាន់​ណាស់​សម្រាប់​ធ្វើឱ្យមានការ​ផ្លាស់​ប្តូរមួយ​ក្នុង​រដ្ឋាភិបាល»៕