លោក​ Maduro នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​បដិសេធ​ការ​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ

លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolas Maduro ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី Miraflores ក្នុង​ក្រុង Caracas ប្រទេស​វ៉េណាស៊ុយអេឡា កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

មេដឹកនាំ​ប្រទេស​វ៉េណេស៊ុយអេឡា​គឺ​លោក Nicolas Maduro បាន​ជំទាស់​នឹង​ការ​ទាមទារ​របស់​អន្តរជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ ឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ ខណៈ​ដែល​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​របស់​លោក កាន់​តែ​ធ្លាក់​ដុនដាប​ទៅ។ ការ​ជំទាស់​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតី​បណ្ដោះ​អាសន្ន​នៃ​ប្រទេស​នេះ។

​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ CNN​ ផ្សាយ​ជា​ភាសា​តួកគី​កាល​ពី​ថ្ងៃ​អាទិត្យ លោក Maduro បាន​ជំទាស់​នឹង​ឱសានវាទដាក់​ដោយ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប ដែល​តម្រូវ​ឱ្យ​លោក​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ​ក្នុង​រយៈពេល​៨​ថ្ងៃ​ខាង​មុខ​នេះ។ បើ​មិន​ដូច្នោះ​ទេ ប្រទេស​ទាំង​នោះ នឹង​ទទួលស្គាល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក Juan Guaido ​ដែល​មាន​អាយុ​៣៥​ឆ្នាំ​ ថា​ជា​ប្រធានាធិបតី។

​លោកMaduro ​បាន​មាន​ប្រសាសន៍​ជា​ភាសា​អេស្ប៉ាញ ដែល​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​តួកគី​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​នោះ​ថា «‍ប្រទេស​ទាំង​នោះ គួរ​តែ​ដក​ឱសានវាទ​នេះ​ចេញ។ គ្មាន​នរណា​ម្នាក់ អាច​ដាក់​ឱសានវាទ​ឱ្យពួក​យើង​បាន​ទេ»។

ប្រទេស​វ៉េណេស៊ុយអេឡា បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​ឆ្នាំ​២០១៨។ ប៉ុន្តែ អ្នក​បោះឆ្នោត​ជា​ច្រើន បាន​ធ្វើ​ពហិការ​ ដោយ​និយាយ​ថា ការ​បោះឆ្នោត​នោះ មិន​សេរី​និង​មិន​យុត្តិធម៌។ សមាជិក​បក្ស​ប្រឆាំង​ជាច្រើន​រូប ក៏​ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ​ដែរ។

សហរដ្ឋ​អាមេរិក បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នឹង​មាន​ «‍ការ​ឆ្លើយតប​ជា​ដុំ​កំភួន» ចំពោះ​ជន​ណា​ដែល​បាន​គំរាម​ ឬ​សម្លុត លោក Guiado ឬ​អ្នកការទូត​អាមេរិក៕