ស្ត្រីទេសចរបរទេសម្នាក់ត្រូវសង្ស័យថាបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងររូបព្រះពុទ្ធបដិមាមួយអង្គនៅប្រាសាទបាយ័នក្នុងខេត្តសៀមរាប។ ក្រុមមន្ត្រីកម្ពុជាចោទប្រកាន់ថានេះគឺជាចេតនាបំផ្លាញសម្បត្តិវប្បធម៌របស់ខ្មែរ។
ព្រះពុទ្ធបដិមាមួយអង្គនេះចំណាស់៩០០ឆ្នាំក្នុងខេត្តសៀមរាបបានបែកបាក់ធ្លាក់មកដីទំនងជាទទួលរងការវាយបំផ្លាញ។ ក្រុមអាជ្ញាធរមានសមត្ថកិច្ចនិងអាជ្ញាធរអប្សារានៃប្រទេសកម្ពុជាដែលមានភារកិច្ចអភិរក្សប្រាង្គប្រាសាទចំណាស់ៗបានភ្ជាប់ការសង្ស័យលើស្ត្រីជនជាតិ នូវ៉ែលហ្ស៊េឡង់ វ័យ៤០ឆ្នាំម្នាក់ដែលទំនងជាបានចាកចេញពីប្រទេសកម្ពុជាភា្លមៗក្រោយពីកងប៉ូលិសបានប្រទះឃើញការបែកបាក់របស់ព្រះពុទ្ធបដិមានេះ។
រូបបដិមានេះមានព្រះកេសធ្វើពីស៊ីម៉ង់តិ៍និងតួព្រះកាយផ្គុំពីបំណែកថ្មភក់ចំនួនបួនផ្ទាំង។ ព្រះពុទ្ធដិមាគង់លើព្រះភ្នែននៅចំប្រាង្គប៉ោមកណ្តាលនៃប្រាសាទបាយ័ន។ ព្រះពុទ្ធរូបសម្រាប់ឲ្យភ្ញៀវទេសចរដែលប្រកាន់ជំនឿគោរពបូជាក្នុងអំឡុងពេលទស្សនា។ ប៉ូលិសសង្ស័យថាព្រះពុទ្ធរូបត្រូវគេរុញច្រានហើយបានធ្លាក់បែកជាបួនកំណាត់ រួមទាំងព្រះកេសបែកទាំងស្រុង។
លោក ម៉ាន់ ឈឿន ប្រធានការិយាល័យនគរបាលបេតិកភណ្ឌខេត្តសៀមរាបមានប្រសាសន៍ថាប៉ូលិសសង្ស័យលើស្ត្រីជនជាតិនូវ៉ែលហ្ស៊េឡង់ដែលបានបាត់ខ្លួនក្នុងបរិវេណប្រាសាទដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងនេះ។
«យើងចាប់អារម្មណ៍មុខសញ្ញាសង្ស័យមានតែមួយទេដែលយើងត្រូវស្រាវជ្រាវតែយើងមិនទាន់ចោទប្រកាន់គេជាអ្នកច្រាននោះទេ។ តាមការត្រួតពិនិត្យរបស់ខ្ញុំគឺមនុស្សនេះបានច្រានដោយចេតនា។មិនអាចស្ងៀមៗធ្លាក់មកដោយធម្មជាតិនោះទេ»។
រឿងហេតុបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ រីឯស្ត្រីនូវ៉ែលហ្ស៊េឡង់ បានបាត់ខ្លួននៅនៅពេលដែលដល់ពេលផុតកំណត់អនុញ្ញាតឲ្យទស្សនា ហើយ អ្នកបើករ៉ឺម៉កម៉ូតូម្នាក់បានរាយការណ៍ជូននគរបាលការពារបេតិកភណ្ឌប្រចាំការនៅតំបន់វត្តព្រះអង្គគោកធ្លក ក្បែរប្រាសាទបាយ័ននោះថា ស្ត្រីទេសចរខាងលើមិនបានវិលត្រឡប់មកវិញតាមពេលវេលាកំណត់ដើម្បីវិលទៅកាន់ផ្ទះសំណាក់វិញទេ។
យោងតាមរបាយការណ៍នគរបាលបេតិកភណ្ឌឲ្យដឹងថាស្ត្រីរូបនោះត្រូវបានរកឃើញនៅក្បែរប្រាសាទបាយ័នដដែលនោះនៅវេលាទៀបភ្លឺហើយក្រុមនគរបាលបានសាកសួរព័ត៌មានមួយចំនួនមុននឹងហៅឲ្យម្ចាស់ផ្ទះសំណាក់មកដឹកស្ត្រីទេសចររូបនេះទៅកាន់បន្ទប់ស្នាក់នៅវិញ។ លុះក្រោយពីស្ត្រីនោះត្រឡប់ទៅកាន់កន្លែងស្នាក់នៅរួចហើយទើបក្រុមប៉ូលិស បានប្រទះឃើញរូបព្រះពុទ្ធបដិមាបានដួលបែកបាក់។
លោក ម៉ាន់ ឈឿន បញ្ជាក់ថា ក្រុមនគរបាលបានស្វែងរកស្រ្តីជាប់សង្ស័យភ្លាមៗដែរប៉ុន្តែស្ត្រីនោះបានចាកចេញពីកន្លែងស្នាក់មុនពេលកងនគរបាលទៅដល់។
មន្ត្រីនៃអាជ្ញាធរអប្សារាជឿជាក់ថាស្ត្រីទេសចរបានចេញដំណើរទៅកាន់ប្រទេសថៃរួចទៅហើយ។
លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សារាបញ្ជាក់ថាព្រះពុទ្ធបដិមានោះមិនមែនព្រះបដិមាដែលសាងសង់ក្នុងសតវត្សរ៍ទី១២ នៃការសាងសង់ប្រាសាទបាយ័ននេះទេ។បា្រសាទបាយ័ននិងប្រាសាទអង្គរស្ថិតក្នុងរជ្ជកាលនៃអតីតព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញគឺព្រះបាទជ័យវរ្ម័នទី៧។
ប៉ុន្តែគឺជារូបបដិមាដែលផ្គុំដោយថ្មភក់ពីសម័យបុរាណដូចជាផ្នែកដងខ្លួនទាំងបួនបំណែកនិងព្រះភ្នែនហើយផ្សារភ្ជាប់គ្នាដោយស៊ីម៉ង់តិ៍បូករួមទាំងព្រះកេសផងដែរ។
លោក ប៊ុន ណារិទ្ធ បញ្ជាក់ថាការខូចខាតនេះបណ្តាលមកពីចេតនានៃការបំផ្លាញបេតិកភណ្ឌរបស់កម្ពុជា។ ប៉ុន្តែលោកមិនទាន់អាចកំណត់អត្តសញ្ញាណនៃជនសង្ស័យពិតបា្រកដបាននៅឡើយ។
«នេះគឺជាចេតនាធ្វើឲ្យខូចហើយ។ ដែលហៅថាបំផ្លាញបេតិកភណ្ឌហើយ។ ហើយយើងកំពុងស្រាវជ្រាវថាអ្នកណាអ្នកបង្កើតរឿងនេះ»។
លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មិនធ្វើសេចក្តីអត្ថាធិប្បាយលើបញ្ហានេះទេ។ យ៉ាងណាក៏ដោយក្រុមប៉ូលិសអះអាងថាការស្រាវជ្រាវពីបញ្ហានេះកំពុងបន្ត៕