វ៉ាក់សាំង​គឺ​ជា​ដំណោះស្រាយ​ដ៏​សំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់

  • Lisa Schlein

រូបឯកសារ៖ កុមារី Pamela Omboko ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​នៅ​គ្លីនិក Hospital Mother and Child Healthcare ក្នុង​សង្កាត់ Siaya នៅ​ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២១។

ជំងឺ​គ្រុនចាញ់​ជា​ជំងឺ​ដែល​អាច​ទប់ស្កាត់​និង​ព្យាបាល​បាន។ ទោះ​ជា​យ៉ាង​នេះក្តី ​ជំងឺ​គ្រុនចាញ់​ធ្វើ​ឲ្យ​មនុស្ស​ជាង២០០លាននាក់​ធ្លាក់​ខ្លួន​ឈឺ និង​សម្លាប់​មនុស្ស​ជាង​៦សែននាក់​ជា​រៀងរាល់​ឆ្នាំ។ ករណី​ស្លាប់​ស្ទើរ​តែ​ទាំង​អស់ ជិត​កន្លះលាន​នាក់​គឺ​ស្ថិត​ក្នុង​ចំណោម​កុមារ​ក្មេងៗ​ក្នុង​ទ្វីប​អាហ្វ្រិក។ នេះ​មាន​ន័យ​ថា​ រៀងរាល់១នាទី​ម្តង មាន​កុមារ​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់។

ទោះ​បី​ជា​មាន​ព័ត៌មាន​អាក្រក់​បែប​នេះ​ក្តី ការ​គ្រប់គ្រង​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​មើល​ឃើញ​ថា ​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។ នេះ​ក៏​ដោយ​សារ​ការ​អភិវឌ្ឍ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺគ្រុន​ចាញ់​ដំបូង​គេ​ក្នុង​ពិភពលោក។ អង្គការ​សុខភាព​ពិភពលោក​ហៅ​សមិទ្ធិផល​នេះ ថា​ជា​របកគំហើញ​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​វិទ្យាសាស្រ្ត។

កម្មវិធី​សាកល្បង​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៩ ក្នុង​ប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី។ ចាប់​តាំង​ពី​ពេល​នោះ​មក អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា កុមារ​ជាង១លាននាក់​នៅ​ក្នុង​ប្រទេសចំនួនបី​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឹ​គ្រុនចាញ់។

អ្នកស្រី Mary Hamel គឺ​ជា​ប្រធាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនចាញ់​នៃ​អង្គការ​សុខភាព​ពិភពលោក។ អ្នកស្រី​ថា​ កម្មវិធី​សាកល្បង​ដែល​មាន​រយៈពេល២ឆ្នាំ បាន​បង្ហាញ​ថា វ៉ាក់សាំង​មាន​សុវត្ថិភាព ងាយស្រួល​ដឹកជញ្ជូន និង​កាត់​បន្ថយ​ការ​ឈឺ​ធ្ងន់ធ្ងរ​ដោយ​សារ​ជំងឺ​គ្រុនចាញ់។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​ថា​ ចំនួន​កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​មក​មន្ទីពេទ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ដោយ​សារ​ជំងឺ​គ្រុនចាញ់ បាន​ធ្លាក់​ចុះ៣០%។ ហើយ​យើង​ក៏​ឃើញ​ផងដែរ​ថា មាន​ការ​ធ្លាក់ចុះ១០%​នៃ​អត្រា​មរណៈ​ទាំង​អស់​របស់​កុមារ។ ប្រសិន​បើ​វ៉ាក់សាំង​ត្រូវ​បាន​ចែកចាយ​ឲ្យ​បាន​ទូលំទូលាយ​ នោះ​មាន​ការ​ព្យាករណ៍​ថា​នឹង​អាច​សង្គ្រោះជីវិត​កុមារ​ពី៤​ ទៅ៨ម៉ឺននាក់​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំៗ»។

អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា​ សម្ព័ន្ធ​វ៉ាក់សាំង​ដែល​ហៅ​កាត់​ថា Gavi នឹង​ផ្តល់​ថវិកា​ជាង១៥៥លានដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ការ​ណែនាំ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនចាញ់​សម្រាប់​ប្រទេស​នានា​នៃ​សម្ព័ន្ធ​វ៉ាក់សាំង Gavi នៅ​តំបន់​ភាគ​ខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

វ៉ាក់សាំង​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ស្រាវជ្រាវ​នៅមុន​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩។ អ្នកស្រី Hamel ថា​ អង្គការ​សុខភាព​ពិភពលោក​បាន​រៀន​សូត្រ​ច្រើន​ពី​កិច្ចប្រឹងប្រែង​ដែល​អាច​ប្រើ​នៅ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​គ្រុនចាញ់​ទៅ​ថ្ងៃ​អនាគត។

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា៖ «យើង​ដឹង​ថា​មាន​ការ​រក​ឃើញ​ថ្មីៗ​ជាច្រើន ចាប់​តាំង​ពី​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​កូវីដ១៩ រួម​ទាំង ការ​ប្រើប្រាស់​បច្ចេកវិទ្យា​វ៉ាក់សាំង mRNA ផងដែរ ហើយ​ឥឡូវ​នេះ ក្រុម​អ្នកផលិត​វ៉ាក់សាំង​មួយ​ប្រភេទ​ក្នុង​ចំណោម​ប្រភេទ mRNA កំពុង​រៀបចំ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនចាញ់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចគ្នា»។

កាល​ពី​ខែកក្កដា ឆ្នាំមុន ក្រុមហ៊ុន BioNTec ដែល​ជា​អ្នកផលិត​វ៉ាក់សាំង Pfizer បាន​ប្រកាស​ថា ខ្លួន​ចង់​ផលិត​វ៉ាក់សាំង​គ្រុនចាញ់ តាម​រយៈការ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA។ ក្រុមហ៊ុន​ផលិត​ឱសថ​ថា ខ្លួន​មាន​បំណង​ចាប់ផ្តើម​ធ្វើ​តេស្ត​សាកល្បង​នៅ​ចុង​ឆ្នាំ​នេះ៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា