ក្តី​សង្ឃឹម​​ចំពោះ​វ៉ាក់សាំង​កូវីដ​១៩​​​ជំរុញ​កំណើន​​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​​នៅ​ដើម​សប្តាហ៍​នេះ

  • ​Reuters

រូប​ឯកសារ៖ មនុស្សម្នា​រង់ចាំ​នៅ​ផ្លូវ​បំបែក​ ដែល​មាន​ផ្ទាំង​ខាង​ក្រោយ​បង្ហាញ​ពី​សន្ទស្សន៍​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Nikkei នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ផ្សារ​ភាគហ៊ុន​ពិភពលោក​បានឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​ក្តី​សង្ឃឹម​ថា​ វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​នឹង​ត្រូវ​គេ​រក​ឃើញ​ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca របស់​ប្រទេស​អង់គ្លេស​ បាន​បន្ត​ការ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​ឡើង​វិញក្នុងដំណាក់កាល​ទី​បី។​ ប៉ុន្តែ​កំណើន​ផ្សារ​ភាគហ៊ុន​នោះ​នៅ​ត្រឹង នៅ​ពេលដែលការ​ប្រយ័ត្ន​ប្រយែង​ កំពុង​កើត​មាន​ នៅ​មុន​ពេល​មាន​ការ​រៀបចំ​កិច្ច​ប្រជុំ​ធនា​គារ​កណ្តាលនៅ​អាមេរិក អង់គ្លេស​និង​ជប៉ុន​ក្នុង​សប្តាហ៍នេះ។

ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca និយាយ​នៅ​ចុង​សប្តាហ៍​ថា​ ខ្លួន​បាន​បន្តការ​សាក​ល្បង​វ៉ាក់សាំង​កូវីដ​១៩​ ក្រោយ​ការ​ផ្អាក​ដោយ​សារ​មាន​ករណី​មិន​ប្រក្រតីកើត​ឡើង​លើ​អ្នក​ចូល​រួម​នៅ​អង់គ្លេស​ម្នាក់។​ វ៉ាក់សាំង AstraZeneca ជា​វ៉ាក់សាំង​សាកល្បង​ដ៏​ជឿន​លឿន​បំផុត​មួយ​ បន្ទាប់​ពី​ទទួល​ការ​អនុញ្ញាត​ក្រុមអ្នក​ឃ្លាំ​មើល​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ។

នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដែរ រូបិយប័ណ្ណ Sterling​ ​ បាន​ទទួល​រង​ការ​ប៉ះ​ពាល់​ ដោយ​សារ​ការបន្ត​មាន​ភាព​ច្របូក​ច្របល់​នៃ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ឬ​ហៅ​ថា Brexit​ កាល​ពី​ពេល​មុន​នោះ ពេល​នេះ​ មាន​អត្រា​នៅ​នឹងនរ​ មុន​ពេល​ការ​បោះ​ឆ្នោតឆ្នោត​ដ៏​សំខាន់​មួយ​ ស្តី​ពី​គ​ម្រោង​របស់នាយករដ្ឋ​មន្ត្រី​អង់គ្លេស​លោក​ Boris Johnson ​ក្នុង​ការ​បំពាន​ច្បាប់​អន្តជាតិ​ ​ដោយ​មិន​អនុវត្ត​នូវ​ផ្នែកមួយ​ចំនួន​នៃ​សន្ធិសញ្ញា​នៃ​ការ​ចាក​ចេញ​របស់​ប្រទេស​អង់​គ្លេស​ពី​សហភាព​អឺរ៉ុបនោះ។​

ផ្សារ​ភាគហ៊ុន​អឺរ៉ុបងើប​ខ្ពស់​ពេល​បើក​ដំណើរ​ការ​ដំបូង​ បន្តែ​ធ្លាក់​ចុះ​បន្តិច​ក្នុង​ពេល​បន្ទាប់​មក។ ផ្សារ​ភាគហ៊ុន​អាមេរិកក្នុង​ពេល​ខាង​មុខ​ មាន​លក្ខណៈ​រឹងមាំ​ និង​មាន​សញ្ញា​វិជ្ជមាន​នៅ​ពេល​បើក​ដំណើរ​ការទីផ្សារ Wall Street។

ចំណែក​នៅ​អាស៊ី​វិញ ផ្សារ​ភាគហ៊ុន​ Nikkei របស់​ជប៉ុន​បាន​កើន​០.៧% បន្ទាប់​ពី លោក Yoshihide Suga រដ្ឋមន្ត្រី​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រីទទួល​ជ័យជម្នះលើស​លុប​ក្នុង​ការ​បោះ​ឆ្នោតផ្ទៃ​ក្នុង​គណ​បក្ស​កាន់​អំណាច ដែល​នឹង​បើក​ផ្លូវ​ឱ្យ​លោក​អាច​ជំនួស​នាយក​រដ្ឋមន្ត្រី Shinzo Abe ដែ​ល​បាន​ប្រកាស​លាលែងពី​តំណែង​ដោយ​សារ​បញ្ហា​សុខភាព៕