នាវាដឹកយន្តហោះចម្បាំងសហដ្ឋអាមេរិក USS Theodore Roosevelt កាលពីថ្ងៃព្រហស្បតិ៍បានត្រឡប់ទៅធ្វើនាវាចរណ៍ឡើងវិញដោយបើកចូលសមុទ្រហ្វីលីពីន ក្រោយពីនាវានេះបានផ្អាករយៈពេល២ខែ ដោយសារមានការផ្ទុះរាតត្បាតវីរុសកូរ៉ូណាលើនាវានេះដែលបានឆ្លងដល់នាវិកចំនួនជាង១.១០០នាក់។
កាលពីថ្ងៃទី២៧ ខែមីនា នាវាចម្បាំងអាមេរិកនេះបានចូលចតនៅកោះ Guam ក្រោយពីមានការផ្ទុះឆ្លងវីរុសកូរ៉ូណា ហើយនាវិក៥.០០០នាក់លើនាវាត្រូវគេធ្វើតេស្តភា្លមនៅសប្តាហ៍បន្ទាប់។ មាននាវិកម្នាក់បានស្លាប់ និងនាវិក៩នាក់ត្រូវបញ្ជូនទៅសម្រាកនៅពេទ្យ។
នាវាចម្បាំង USS Theodore Roosevelt ក៏ចំណុចនៃការស៊ើបអង្កេតមួយដែលកំពុងបន្តទាក់ទងនឹងការបណ្តេញចេញដ៏ចម្រូងចម្រាស់នូវមេបញ្ជាការនាវានេះគឺលោក Brett Crozier ក្រោយពីលោកបានរាយការណ៍ពីការបារម្ភអំពីការឆ្លងកូវីដ១៩ទៅថ្នាក់លើរបស់លោក។
បច្ចុប្បន្នសហរដ្ឋអាមេរិកមាននានាដឹកយន្តហោះចម្បាំង៧គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញពិភពលោក៕