ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ជំរុញ​ពលរដ្ឋ​ឲ្យ​ជៀសវាង​ការ​ដាំ «គ្រាប់​ពូជ​ដំណាំ​របស់​ចិន» ដែល​បាន​ដោយ​មិន​ដឹង​ខ្លួន

រូបឯកសារ៖ កសិករប្រមូលផលនៅចម្ការជិតក្រុង Farmingdale រដ្ឋ Illinois កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៩។

ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​បាន​ចេញ​ការ​ព្រមាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ ដែល​ទទួល​បាន​កញ្ចប់​គ្រាប់​ពូជ​ដំណាំ​ដោយ​មិន​ដឹង​ខ្លួន ឲ្យ​ប្រគល់​កញ្ចប់​ទាំង​នោះ​ឲ្យ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​តេស្ត​វាយតម្លៃ​លើ​គ្រាប់​ពូជ​ទាំង​នោះ។

កញ្ចប់​គ្រាប់​ពូជ​ដំណាំ​ដ៏​អាថ៌កំបាំង​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ប្រភព​មក​ពី​ប្រទេស​ចិន និង​ត្រូវ​បាន​ផ្ញើ​ទៅ​តាម​ផ្ទះ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​មាន​ការ​តម្រូវ​បែប​នេះ​ទាំង​នៅ​កម្រិត​រដ្ឋ និង​កម្រិត​សហព័ន្ធ។

ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​នៃ​រដ្ឋ Kentucky រដ្ឋ New York រដ្ឋ Idaho និង​រដ្ឋ Georgia បាន​រាយការណ៍​អំពី​កញ្ចប់​គ្រាប់​ពូជ​ដំណាំ​ដ៏​អាថ៌កំបាំង​នេះ ទោះបីជា​គេ​មិន​ទាន់​ដឹង​ថា​មាន​កញ្ចប់​ចំនួន​ប៉ុន្មាន​ដែល​បាន​ផ្ញើ​មក​ក៏​ដោយ។

ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ទាក់ទិន​នឹង​បញ្ហា​ជំងឺ​កូវីដ១៩ បញ្ហា​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ទីក្រុង​ហុងកុង និង​បញ្ហា​ពាក់ព័ន្ធ​នឹង​កម្មវិធី TikTok ជាដើម។

ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​មិន​បាន​រិះគន់​រដ្ឋាភិបាល​ចិន​រឿង​គ្រាប់​ពូជ​ដំណាំ​នេះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បាន​ចាត់ទុក​គ្រាប់​ពូជ​ដំណាំ​ទាំង​នេះ​ថា​ជា «អំពើ​ទុច្ចរិត​បែប​ផ្សព្វផ្សាយ​ផលិតផល» ដែល​មនុស្ស​ទទួល​បាន​ផលិតផល​ដោយ​មិន​ដឹង​ខ្លួន​ពី​អ្នក​លក់ ហើយ​អ្នក​លក់​នោះ​បាន​បង្ហោះ​មតិ​ក្លែងក្លាយ​របស់​អតិថិជន​អំពី​ការ​វាយ​តម្លៃ​លើ​ផលិតផល​នោះ ដើម្បី​បង្កើន​ការ​លក់​ឲ្យ​បាន​ច្រើន៕