ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានតែងតាំងប្រធានបេសកកម្មថ្មីប្រចាំនៅប្រទេសកម្ពុជាដែលជាអ្នកជំនាញខាងការអភិវឌ្ឍជាងពីរទសវត្សរ៍ខណៈស្ថានភាពសុខាភិបាលបង្កឡើងដោយជំងឺកូវីដ១៩និងការធ្លាក់ចុះសិទ្ធិសេរីភាពកំពុងក្លាយជាបញ្ហាប្រឈមថ្មីនៅក្នុងតំបន់។
អ្នកស្រី Nancy J. Eslick ដែលទើបទទួលការតែងតាំងកាលពីថ្ងៃពុធសប្តាហ៍មុននៅរដ្ឋធានីវ៉ាស៊ីនតោននឹងធ្វើដំណើរទៅប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីដឹកនាំដំណើរប្រតិបត្តិការអភិវឌ្ឍន៍របស់ទីភ្នាក់ងារ USAID ក្នុងវិស័យជាច្រើនរួមមានកសិកម្ម សុខាភិបាល អប់រំ បិរស្ថាននិងការប្រែប្រួលអាកាសធាតុ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី Samantha Power ប្រធាន USAID បានលើកឡើងក្នុងពិធីប្រកាសតែងតាំងនោះអំពីសមិទ្ធិផលធំៗដែលកម្ពុជាបានសម្រេចជាបន្តបន្ទាប់ ក្រោយពេលដែលកម្ពុជាបានបញ្ចប់ជម្លោះនិងសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ ១៩៩១ មក។ ប៉ុន្តែ អ្នកស្រីក៏បានកត់សម្គាល់ពីការធ្លាក់ចុះនៃសិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។
ទីភ្នាក់ងារ USAID បានចាប់ផ្តើមដំណើរប្រតិបត្តិការបេសកកម្មរបស់ខ្លួនឡើងវិញ ដើម្បីជួយកម្ពុជាក្នុងការកសាងនិងស្តារប្រទេសជាតិចាប់តាំងពីឆ្នាំ១៩៩២ក្រោយពីភាគីជម្លោះនយោបាយទាំង៤របស់កម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះមានគោលបំណងនាំមកនូវសន្តិភាពនិងដំណើរការស្តារសង្គមជាតិនិងសេដ្ឋកិច្ចឡើងវិញក្រោយសង្គ្រាមស៊ីវិលជាង២ទសវត្សរ៍។
អ្នកស្រី Samantha Power បានថ្លែងក្នុងន័យដើម ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «មួយឆ្នាំក្រោយកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខាទីភ្នាក់ងារ USAID បានធ្វើប្រតិបត្តិការឡើងវិញនៅកម្ពុជា ដោយផ្តោតលើវិស័យសុខាភិបាល អប់រំ សុខមាលភាពរបស់កុមារ និងសន្តិសុខស្បៀងអាហារ។ ហើយអ្វីដែលយើងបានឃើញក្នុងអំឡុងពេលនេះ គឺស្ថិរភាពល្អ និងការរីកចម្រើនទៅមុខខ្លះៗ»។
អ្នកស្រី Power បានកត់សម្គាល់ថាក៏ប៉ុន្តែទោះបីជាមានសមិទ្ធិផលដ៏ធំធេងទាំងនេះក្តីក៏នៅតែមានឧបសគ្គចម្បងជាច្រើនដែលកម្ពុជាត្រូវជម្នះ ស្របពេលដែលកម្ពុជាព្យាយាមសម្រេចទៅតាមទស្សនវិស័យរបស់កិច្ចព្រមព្រៀងសន្តិភាពនេះ។
អ្នកស្រីបានបន្ថែមថា៖ «សិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសបានធ្លាក់ចុះ ធនធានធម្មជាតិកំពុងរងការបំផ្លិចបំផ្លាញ ហើយពលរដ្ឋជាច្រើននាក់នៅតែមិនទាន់ទទួលបានប្រយោជន៍ពីវិស័យអប់រំនិងសុខាភិបាលនៅឡើយ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធានាឲ្យកម្ពុជាគោរពតាមគោលការណ៍សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងសិទ្ធិនយោបាយដែលជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែស្ថានភាពនយោបាយនិងការគោរពសិទ្ធិពលរដ្ឋនាពេលបច្ចុប្បន្ននេះ នៅតែបន្តធ្លាក់ចុះ ជាពិសេស ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ដែលគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទទួលបានសំឡេងគាំទ្រដ៏ខ្លាំងក្លាមួយ។
នៅចុងឆ្នាំ២០១៧តុលាការកំពូលរបស់កម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិហើយសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលត្រូវបានរឹតត្បិត។ រីឯសកម្មជននយោបាយនិងសកម្មជនបរិស្ថានមួយចំនួនដែលបានតវ៉ាប្រឆាំងឬរិះគន់រដ្ឋាភិបាលត្រូវបានបង្ក្រាបនិងរងការចោទប្រកាន់និងកាត់ទោសតាមប្រព័ន្ធតុលាការ។
អ្នកស្រី Samantha Power ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ក៏បានកត់សម្គាល់ដែរថាទន្ទឹមគ្នានេះដែរជំងឺកូវីដ១៩នៅតែជា«ការគំរាមកំហែងដ៏ចម្បងមួយ»ដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាបើទោះបីជាជាង ៥០ភាគរយនៃប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបង្ការបានគ្រប់ពីរដូសក្តី។
ប៉ុន្តែអ្នកស្រីPowerបានបង្ហាញសុទិដ្ឋិនិយមដល់ប្រទេសកម្ពុជានិងមានជំនឿថាអ្នកស្រី Nancy J. Eslickនឹងអាចធ្វើកិច្ចការ«ប្រកបដោយសមិទ្ធផលធំៗ»។
អ្នកស្រី Power បានបញ្ជាក់ថា៖ «ជាសំណាងល្អ ខណៈកម្ពុជាប្រឈមនឹងបញ្ហាពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ និងភាពចាំបាច់ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស កម្ពុជាមិនត្រឹមតែទទួលបានបុគ្គលដ៏មានសមត្ថភាពមួយរូបប៉ុណ្ណោះទេ គឺថែមទាំងទទួលបានបុគ្គលដែលអាច«សម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់» ឬ (supernova)»។
មុននឹងក្លាយជាប្រធានបេសកកម្មរបស់ទីភ្នាក់ងារUSAID ប្រចាំប្រទេសកម្ពុជាអ្នកស្រី Nancy J. Eslick បានបំពេញតួនាទីជាប្រធានបេសកកម្មរបស់ទីភ្នាក់ងារនេះ នៅប្រទេសបូស្ន៊ីនិងតំបន់ Herzegovina ដោយដឹកនាំក្នុងវិស័យចម្បងៗ ដូចជាសេដ្ឋកិច្ច ការប្រឆាំងអំពើពុករលួយ និងការពង្រឹងនីតិរដ្ឋ។
អ្នកស្រី Nancy J. Eslickមានបទពិសោធន៍ក្នុងតួនាទីជាអ្នកដឹកនាំឲ្យផ្នែកផ្សេងៗប្រចាំទីភ្នាក់ងារUSAID រួមមានតួនាទីជាប្រធានបេសកកម្មស្តីទីនិងអនុប្រធានបេសកកម្មប្រចាំជាដើម។ បន្ថែមលើនេះ អ្នកស្រីក៏មានបទពិសោធន៍ដឹកនាំគម្រោងផ្តួចផ្តើមផ្នែកសន្តិសុខប្រចាំតំបន់អាមេរិកកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងអសន្តិសុខ ក្នុងតំបន់នេះ។ កាលពីឆ្នាំ ២០១៣ អ្នកស្រី Eslick ក៏បានចូលរួមបង្កើតគម្រោងពង្រឹងដំណើរការផ្តល់ជំនួយរបស់ទីភ្នាក់ងារ USAID សម្រាប់អភិវឌ្ឍន៍របស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
អ្នកស្រី Nancy J. Eslick បានបម្រើការងារឲ្យទីភ្នាក់ងារUSAID នៅតាមប្រទេសផ្សេងទៀតរួមមានប្រទេសប៉ាគីស្ថាន និងអាហ្វាហ្គានីស្ថាន។ មុននឹងចូលបម្រើការងារជាផ្លូវការលើកដំបូងឲ្យទីភ្នាក់ងារUSAID នាឆ្នាំ ២០០១ អ្នកស្រី Eslick គឺជាសមាជិកនៃក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps Volunteer នៅប្រទេសអ៊ូងហ្កង់ដាក្នុងទី្វបអាហ្វ្រិក៕