ក្នុងដំណើរទស្សនកិច្ចមិនប្រកាសឲ្យដឹងមុនមួយដើម្បីវាយតម្លៃអំពីការខូចខាតពីការរញ្ជួយដីនៅប្រទេសហៃទី នៅថ្ងៃព្រហស្បតិ៍ នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID លោកស្រី Samantha Power បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៣២ លានដុល្លារ ដល់ជនរងគ្រោះ។
លោកស្រី Power បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture ក្នុងរដ្ឋធានីព័រអូប្រ៉ាំងថា «ខ្ញុំមកទីនេះដើម្បីប្រកាសដោយរីករាយថា USAID នឹងផ្តល់ថវិកាបន្ថែមចំនួន ៣២លានដុល្លារ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់អាមេរិកកាន់តែទូលំទូលាយដើម្បីគាំទ្រប្រជាជននៅទីនេះដែលរងផលប៉ះពាល់ដោយការរញ្ជួយដី»។
ការរញ្ជួយដីកម្លាំង ៧,២ រ៉ិចទ័រ បានបំផ្លិចបំផ្លាញទីក្រុងនានានៅភាគនិរតីប្រទេសហៃទី នៅថ្ងៃទី ១៤ ខែសីហា។ ក្រោយមកនៅថ្ងៃនោះ លោកប្រធានាធិបតី Joe Biden បានតែងតាំងលោកស្រី Power ជាមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិកដើម្បីសម្របសម្រួលកិច្ចប្រឹងប្រែងជួយសង្គ្រោះក្រោយការរញ្ជួយដី។ លោកស្រី Power បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីបានជិះយន្តហោះកាត់បណ្តាទីក្រុងដែលរងគ្រោះខ្លាំងបំផុត។
លោកស្រីបានមានប្រសាសន៍ថា «ថ្ងៃនេះយើងមានឱកាសបានឃើញផលប៉ះពាល់នៃការរញ្ជួយដី និងការឆ្លើយតបដោយផ្ទាល់។ ដំបូងយើងហោះកាត់តំបន់ដែលរងផលប៉ះពាល់។ ហើយយើងឃើញឃើញភ្នំ ផ្លូវតូចចង្អៀតដែលភាគច្រើនបានខូចខាត ឬត្រូវរាំងស្ទះដោយការរអិលបាក់ដី។ ទិដ្នភាពនេះ គឺរំឭកបញ្ហាប្រឈមក្នុងការធ្វើដំណើរចូលទៅកាន់ផ្នែកជាច្រើននៃតំបន់ដែលរងផលប៉ះពាល់»។
លោកស្រី Power បាននិយាយថា លោកស្រីក៏បានទៅទស្សនាទីក្រុង Maniche ផងដែរ។ លោកស្រីបាននិយាយថា «យើងបានឈប់នៅ Maniche ហើយបាននិយាយជាមួយគ្រួសារដែលរកការបំផ្លិចបំផ្លាញដោយការរញ្ជួយដី។ អភិបាលក្រុង Maniche ឱ្យដឹងថា ក្នុងចំណោមផ្ទះចំនួន ៩.៨០០ខ្នង នៅតំបន់នោះ មានផ្ទះជាង ៥.០០០ខ្នង ត្រូវបានបំផ្លាញ»៕