ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់ កំពុងឈានជិតមកដល់ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយថ្មីមួយទៀត ដើម្បីជួយដល់ការងាររៀបចំការបោះឆ្នោត។ ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតយល់ថា ជំនួយនេះនឹងរួមចំណែកជំរុញការបោះឆ្នោតឱ្យកាន់តែប្រសើរ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (U.S. Agency for International Development ឬUSAID) ប្រកាសផ្ដល់ថវិកា១,៨លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់រៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ជំនួយនេះត្រូវបានផ្ដល់តាមរយៈគម្រោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជាដែលមានរយៈពេល២ឆ្នាំ និងត្រូវបានផ្ដល់ទៅឱ្យមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត ( International Foundation for Electoral Systems ឬIFES)។
សេចក្ដីប្រកាសព័ត៌មានបន្តថា គម្រោងនេះ នឹងជួយ គ.ជ.ប ដើម្បីធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោត ពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកម្ពស់សមត្ថភាពរបស់ គ.ជ.ប ក្នុងការរកនិងកាត់បន្ថយចំណុចខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺលោក វីលៀម ហៃទ៍ (William Heidt) ត្រូវបានដកស្រង់សម្ដីដូចនេះថា៖
«ការចូលរួមក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយនឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរការនៃការរៀបចំការបោះឆ្នោតត្រូវការជំនួយពីគ្រប់ភាគី។ លោកថា គ្រប់ទម្រង់នៃជំនួយនឹងជួយដល់ការរៀបចំការបោះឆ្នោតឱ្យកាន់តែប្រសើរ។
«ជំនួយ ទោះបីជាក្នុងកម្រិតណាក៏ដោយ ក៏អាចជួយដល់ គ.ជ.ប ធ្វើឱ្យមានភាពល្អប្រសើរ ពិសេសដល់តម្លាភាពនៃការបោះឆ្នោត»។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា Nicfec មានប្រសាសន៍ថា អង្គការ IFES កំពុងធ្វើការជាមួយ គ.ជ.ប ក្នុងការងារបោះឆ្នោត ដើម្បីលើកស្ទួយគោលការណ៍បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកថា ជាមួយនឹងជំនួយជាថវិកាបន្ថែមនេះ ការអនុវត្តគម្រោងនេះនឹងកាន់តែមានប្រសិទ្ធភាព។
«ហើយដូច្នេះបើសិនជាជំនួយមកតាម ទោះបីជាមិនចំទៅ NEC (គ.ជ.ប) មក IFES ក៏ដោយ ក៏លុយហ្នឹងលុយគម្រោងបោះឆ្នោត ជួយធានាគោលការណ៍បោះឆ្នោត ធានាការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរ»។
លោក អ៊ូ វីរៈ ស្ថាបនិកនិងជាប្រធានអង្គការវេទិកាអនាគត មានប្រសាសន៍ថា ជំនួយនេះឆ្លុះបញ្ចាំងថាសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើការបោះឆ្នោតនៅកម្ពុជា។ ក៏ប៉ុន្តែ លោកថា អាមេរិកតែងផ្ដល់ជំនួយដល់ដំណើរការរៀបចំបោះឆ្នោតជារៀងរាល់អាណត្តិ តែជំនួយទាំងនោះមិនត្រូវបានផ្ដល់ឱ្យផ្ទាល់ទៅ គ.ជ.ប ដែលបង្ហាញថា អាមេរិកមិនទាន់ទុកចិត្តលើ គ.ជ.ប នោះទេ។
«ការឱ្យលុយទៅ IFES មានន័យថា អាមេរិកនៅមិនទាន់ទុកចិត្តលើ គ.ជ.ប នោះទេ។ អាមេរិកមិនទាន់ឱ្យលុយទៅផ្ទាល់ទេ។ ស្ថាប័នពីរផ្សេងទៀត ម្ចាស់ជំនួយពីរផ្សេងទៀតគឺសហគមន៍អឺរ៉ុបនិងជប៉ុន បានឱ្យលុយផ្ទាល់ទៅ គ.ជ.ប ច្រើន។ អញ្ចឹងខុសគ្នា មានលក្ខណៈខុសគ្នា»។
បើយោងតាមស្ថានទូតអាមេរិក គម្រោងនេះបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះ គ.ជ.ប ដែលរួមមានការវាយតម្លៃសមត្ថភាពផ្ទៃក្នុង ការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងការបោះឆ្នោតនិងជំនួយដើម្បីធ្វើសេចក្ដីប្រកាសរបស់ផ្នែកសេវាសាធារណៈស្ដីពីការចុះឈ្មោះអ្នកបោះឆ្នោត៕