អាមេរិក​ផ្អាក​ជំនួយ​អាវុធ​ខ្លះ​ដល់​អ៊ីស្រាអែល​ដោយសារ​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីក្រុង Rafah

ទាហាន​អ៊ីស្រាអ៊ែល​ស្ថិត​នៅ​ក្បែរ​ព្រំដែនហ្កាហ្សា​និង​អ៊ីស្រាអ៊ែល​កាលពីថ្ងៃទី​១៦ មេសា ឆ្នាំ២០២៤(AP Photo/Ohad Zwigenberg)

សម្រាប់​លើក​ដំបូង​បង្អស់​តាំងពី​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) បាន​ចាប់ផ្ដើម​មក រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ផ្អាក​ការ​ដឹក​ជញ្ជូន​អាវុធ​មួយ​ចំនួន​ឱ្យ​អ៊ីស្រាអែល នៅ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ផែនការ​របស់​អ៊ីស្រាអែល​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ទីក្រុង Rafah នៅ​តំបន់​ហ្កាហ្សា (Gaza) ដែល​សហរដ្ឋ​អាមេរិក​មិន​គាំទ្រ។

ការ​សម្រេច​ដូចនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ជាមួយ​នឹង​អ៊ីស្រាអែល​អំពី​របៀប​ដែល​អ៊ីស្រាអែល​នឹង «ធ្វើ​ប្រតិបត្តិការ​ផ្ទុយ​ពី​នេះ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​នៅ​ទីនោះ​ជាង​ប្រតិបត្តិការ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់​ហ្កាហ្សា»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​លោក Biden នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ផ្ញើ​មកកាន់ VOA។ មន្ត្រី​រូប​នេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​អំពី​បញ្ហា​រសើប​នេះ។

ប្រសិនបើ​មាន​ការ​ការ​វាយប្រហារ​តាម​ផ្លូវគោក​របស់​អ៊ីស្រាអែល​លើ​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា វា​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ជន​ស៊ីវិល ១ លាន ៣ សែន​នាក់​ដែល​បាន​ជម្លៀស​មកពី​ផ្នែក​ខាង​ជើង​និង​កណ្ដាល​នៃ​តំបន់​ហ្កាហ្សា​ដើម្បី​ស្វែងរក​សុវត្ថិភាព​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា។ អ៊ីស្រាអែល​វាយ​ប្រហារ​លើ​តំបន់​ហ្កាហ្សា​នេះ​គឺជា​ការ​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ​មុន។

មន្ត្រី​រដ្ឋបាល​របស់​លោក Biden បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​គាំទ្រ​ការ​លុកលុយ​ចូល​ទីក្រុង Rafah ទេ ដរាបណា​អ៊ីស្រាអែល​ផ្ដល់​នូវ​ផែនការ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​អំពី​របៀប​ដែល​អ៊ីស្រាអែល​នឹង​ការពារ​ជន​ស៊ីវិល។ នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី ៤ ខែ​មេសា លោក Biden បាន​ព្រមាន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថា​លោក​នឹង​ដក​ជំនួយ​យោធា​ប្រសិនបើ​អ៊ីស្រាអែល​មិន​ផ្លាស់ប្ដូរ​វិធី​ធ្វើ​សង្គ្រាម​របស់​ខ្លួន។

លោក Biden បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍ CNN នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​បាន​ផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ផ្គត់ផ្គង់​អ៊ីស្រាអែល​នូវ​អាវុធ​ការពារ​ខ្លួន​ដូចជា​ប្រព័ន្ធ​អាវុធ Iron Dome ជាដើម។

ការ​ដឹក​ជញ្ជូន​នេះ​ត្រូវបាន​គេ​សន្មត​ថា​រួមមាន​នូវ​គ្រាប់បែក​ទម្ងន់ ៩០៧ គីឡូក្រាម​ចំនួន ១.៨០០ គ្រាប់​និង​គ្រាប់បែក​ទម្ងន់ ២២៦ គីឡូក្រាម​ចំនួន ១.៧០០ គ្រាប់​ផងដែរ។ រដ្ឋបាល​លោក Biden បាន​បញ្ជាក់​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​ជា​ចម្បង​លើ «គោល​បំណង​ចុងក្រោយ​បង្អស់​នៃ​ការ​ប្រើ​គ្រាប់បែក​ទម្ងន់ ៩០៧ គីឡូក្រាម​នេះ​និង​ផល​ប៉ះពាល់​ដែល​គ្រាប់បែក​នេះ​អាច​មាន​លើ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ណែនណាន់​តាន់តាប់​ក្នុង​ទីក្រុង​ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ហ្កាហ្សា»៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​សភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Katherine Gypson អ្នក​ឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Carla Babb និង​ប្រធាន​ការិយាល័យ VOA ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Nike Ching រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។