​ផលិត​កម្ម​ស្រូវ​សាលី​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ពិនិត្យ​មើល​ដំណាំ​ស្រូវ​សាលី​របស់​គាត់​នៅ​រដ្ឋ North Dakota ដែល​មាន​សភាព​ក្រិន​ខុស​ពី​ប្រក្រតី។

កសិករ​អាមេរិកាំង​ដាំដុះ​ស្រូវ​សាលី​នៅ​លើ​ផ្ទៃ​ដី​តិចតួច​បំផុត​ចាប់​តាំង​ពី​នាយកដ្ឋាន​កសិកម្ម​អាមេរិកាំង​ បាន​ចាប់​ផ្តើម​​កត់​ត្រា​ទិន្នន័យ​ដំណាំ​ស្រូវ​សាលី​នេះ​នៅ​ឆ្នាំ​១៩១៩មក។ កត្តា​ចម្បង​នៃការ​បាត់​បង់​ការ​ដាំ​ដំណាំ​ស្រូវ​សាលី​នៅ​សហរដ្ឋ​អាមេរិក​គឺ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង។

បុព្វបុរស​របស់​កសិករ​ Russ Higgins បាន​រស់​នៅ​លើ​ដី​ដ៏​ធំទូលាយ​មួយ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Morris ក្នុង​រដ្ឋ​ Illinois តាំង​ពី​ឆ្នាំ​១៨៥៨។ ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​អាមេរិក និង​ព្រឹត្តិការណ៍​សំខាន់ៗ​នានា​ចាប់​ពី​ពេល​នោះ​មក សមាជិក​ម្នាក់​មកពី​គ្រួសារ​ Higgins បាន​ដាំ​ដុះ និង​ប្រមូល​ផល​នៅ​លើផ្ទៃ​ដី​នោះ។

ចាប់​តាំង​ពី​ការ​ភ្ជួរ​រាស់​ជាលើកដំបូង​ដែលបាន​ជ្រោយ​ដីឡើងឲ្យ​មាន​ជី​ជាតិ ​នៅ​លើផ្ទៃដី​នេះ​កាល​ពី​១៦០​ឆ្នាំ​មុន​មក ដំណាំ​មួយ​ប្រភេទ​ដែល​គេ​តែង​ដាំ​ដុះ​នៅ​លើ​ទី​វាល​នោះ​គឺ​ស្រូវ​សាលី។

មុន​ពេល​លោក​ឡើង​ជិះ​លើ​ម៉ូតូ​កង់​៤​របស់​លោក​បើក​ចូល​ទៅ​ក្នុង​វាល​ស្រែ​ លោក​បាន​ប្រាប់​ VOA ​ថា៖ «បន្ទាប់ពី​ប្រមូល​ផល​សណ្ដែក​សៀងរួច​ហើយ យើង​ប្រហែល​ជា​នឹង​ដាំ​ដំណាំ​ផ្សេង​ទៀត​ក្នុង​ពេល​ពីរ​សប្តាហ៍​កន្លះ​ទៅ​បី​សប្តាហ៍​ទៀត»។

នៅ​ពេល​លោក​បើក​ម៉ូតូ​ទៅ​ហួស​គំនរ​ចំបើងដ៏ធំ ​និង​ដើម​ពោត​ខ្ពស់ៗ​ដែល​ជិត​ដល់​ពេល​ប្រមូល​ផល​នោះ ដំណាំ​ម្យ៉ាង​ដែល​មិន​មាន​នៅ​ទីនោះគឺ​ស្រូវ​សាលី។ លោក Higgins និយាយ​ថា​ហេតុ​ផល​គឺ​ដោយ​សារ​តែ​លោក​បានច្រូតកាត់​ស្រូវសាលី​នោះ​ចេញ​ពី​វាល​ស្រែ​នេះ​អស់​ហើយ។ ឥឡូវ​នេះ​មិន​មែន​ជា​រដូវ​ច្រូត​កាត់​ទេ ហើយ​បន្តិច​ទៀត​ត្រូវ​ដល់​ពេល​ដែល​ត្រូវ​ដាំ​ដំណាំថ្មី​ សម្រាប់​រដូវ​រងា​ហើយ។

ប៉ុន្តែតាម​ពិត​ ហេតុ​ផល​ដែល​អ្នក​មិន​ឃើញ​មាន​ដំណាំ​ស្រូវ​សាលី​នៅ​លើ​ផ្ទៃដី​របស់​លោក Higgins គឺ​មិន​ពាក់ព័ន្ធ​នឹង​រដូវ​កាល​នោះ​ទេ។

លោក ​Higgins​ និយាយ​ថា​តម្រូវ​ការ​ទីផ្សារ​មិន​មែនផលិត​ផល​ស្រូវ​សាលី​ទេ។​ លោក​និយាយ​ថា៖ «នៅ​ពេល​អ្នក​គិត​ថា​តើ​កសិករ​ដាំដំណាំ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ គឺ​វាអាស្រ័យ​លើ​តម្រូវ​ការ​ទីផ្សារ​ ហើយ​តម្រូវ​ការ​នោះ​ក៏អាស្រ័យ​លើ​តម្លៃ​ដែល​ពួក​គេ​អាច​ទទួល​បានមក​វិញ​ផង​ដែរ។

លោក​បាន​គូស​ពញ្ជាក់​ថា៖​ «ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​ជាង​២០​ឆ្នាំ​មកនេះ រដ្ឋ​ Illinois ​ បាន​ផ្តោតលើ​ដំណាំ​ពោត​និង​សណ្ដែក​សៀង​ប៉ុណ្ណោះ»។

អ្វី​ដែល​កើត​មាន​ពិត​ប្រាកដ​សម្រាប់​រដ្ឋ ​Illinois​ នេះ​ក៏​កើត​មាន​ជាក់​ស្តែង​សម្រាប់​លោក ​Higgins​ ផង​ដែរ។ លោក​ដាំស្រូវ​សាលី​នៅ​លើ​ផ្ទៃ​ដី​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ នៃ​ផ្ទៃ​ដី​ចំការ​ទាំងអស់​របស់​លោក។ ឆ្នាំ​នេះ​ស្រូវ​សាលី​ផ្តល់​ផលចំណេញ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖ «យើង​បាន​ទទួល​ផល​ជា​មធ្យម​ប្រហែល​ជា​៨៣​ (ល្អី/កញ្ជើ)​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​នេះ។ និយាយ​តាម​ត្រង់​ទៅ​ ស្រូវ​សាលី​នេះ​ប្រហែល​អាច​មានផល​ច្រើន​ជាង​ដំណាំ​ពោត និង​សណ្ដែក​សៀង»។

ថា​តើ​វា​មាន​ផល​ល្អ​ឬ​អត់​នោះ លោក​ Higgins​ និយាយ​ថា​ អាកាស​ធាតុ​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ Illinois​ មិន​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ដំណាំ​ស្រូវ​សាលី​ក្នុង​បរិមាណ​ច្រើន​ទេ ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​មិន​សូវ​មាន​កសិករ​ច្រើន​ដាំ​ដំណាំ​នេះ ធ្វើ​ឲ្យ​ស្រូវ​សាលី​ក្លាយ​ជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ដាំ​ដុះ។

លោក​និយាយ​បន្ថែម​ទៀត​ថា៖ «មិន​មាន​ទីផ្សារ​ដែល​យើ​ងអាច​លក់​ផល​ដំណាំ​បាន​ពេញ​មួយ​ឆ្នាំ​ទេ។ យើង​មាន​ឱកាស​លក់ស្រូវ​សាលី​ក្នុង​អំឡុង​ពេល​តែ​៣​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​យើង​ច្រូត​កាត់​ហើយភ្លាម។ បើ​សិន​យើង​នៅ​អែរអង់​ជាង​នេះ​រហូត​ដល់​ពេល​ដែល​ត្រូវ​ដឹក​វា​ចេញ​នោះ យើង​នឹង​ត្រូវដឹក​ទៅច្រក​ដែលទទួល​ទិញកសិផល​ស្រូវ​សាលីនេះ។ ហើយ​មាន​ពេលខ្លះ ការដឹកជញ្ជូន និងចម្ងាយ​ផ្លូវ​ទៅ​កាន់​ទី​តាំង​ទាំង​នោះ​ ​មិន​មែន​ជា​ជម្រើស​ដែល​អាច​ទៅ​រួច​ឡើយ។

កសិករ​អាមេរិកាំង​ដាំដុះ​ស្រូវ​សាលី​នៅ​លើ​ផ្ទៃ​ដី​តិចតួច​បំផុត​ចាប់​តាំង​ពី​នាយកដ្ឋាន​កសិកម្ម​អាមេរិកាំង​ បាន​ចាប់​ផ្តើមកត់​ត្រា​ទិន្នន័យ​ដំណាំ​ស្រូវ​សាលី​នេះ​នៅ​ឆ្នាំ​១៩១៩មក។ នាយក​ប្រតិបត្តិ​នៃ​សមាគម​ស្រូវ​សាលី​រដ្ឋ​ Illinois លោក Jim Fraley និយាយ​ថា កត្តា​ចម្បង​នៃការ​បាត់​បង់​ការ​ដាំ​ដំណាំ​ស្រូវ​សាលី​នៅ​សហរដ្ឋ​អាមេរិក​គឺ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​សាកល។

លោក ​Fraley បាន​ប្រាប់​ VOA នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ការ​រីក​ចម្រើន​នៃ​កសិកម្ម​ឆ្នាំ​ ២០១៧ (2017 Farm Progress Show) ក្នុង​ទីក្រុង Decatur រដ្ឋ Illinois ដោយ​លោក​បានថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ឈាន​ជើង​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត។ ប្រទេស​ជា​ច្រើន​ដូច​ជា​ បារាំង រុស្ស៊ី អាល្លឺម៉ង់ និង​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មិន​អាច​ដាំ​ដំណាំ​ពោត​បាន​ល្អ ប៉ុន្តែ​ពួក​គេ​មាន​អាកាស​ធាតុ​អំណោយ​ផល​សម្រាប់ដំណាំ​ស្រូវ​សាលី។ សូម្បី​តែ​ប្រទេស​កាណាដា ក៏​ជា​ប្រទេស​ដ៏​ធំ​មួយ​សម្រាប់​ដាំ​ដុះ​ស្រូវ​សាលី​ប្រភេទ​ oat និង​ស្រូវ​សាលី​ធម្មតា​ដែរ»។

លោក ​Fraley​ ក៏​បាន​ចង្អុល​បង្ហាញ​កត្តា​ផ្សេងទៀត ​នោះ​គឺ​ទម្លាប់​នៃ​ការ​បរិភោគ​និង​របបអាហាររបស់​ប្រជាពលរដ្ឋ។ លោក​ពន្យល់​ថា៖ «មាន​និន្នាការ​ធំ​មួយ​ ដែលមនុស្ស​ឈប់​បរិភោគ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ចេញ​ពី​ស្រូវ​សាលី ​ហើយ​ការ​ធ្វើ​ដូច្នេះ​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ទីផ្សារ​ស្រូវ​សាលី​ខ្លះ​ដែរ។ តាម​ពិត​ទៅ​ យើង​ត្រូវ​បង្កើន​ការ​ប្រើស្រូវ​សាលី​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ស្រុក។ យើង​ចង់​ចែកចាយ​វា​នៅ​ក្នុង​ស្រុក ហើយយើង​ក៏​ព្យាយាម​លក់វា​ទៅ​ប្រទេស​ផ្សេង​ទៀត​ផងដែរ។ ការណ៍​នេះ​អាច​ធ្វើ​កសិ​ផលនេះ​ឈាន​ចូល​ក្នុង​ទីផ្សារ​ពិភពលោក​ដែល​មាន​ការ​ប្រកូត​ប្រជែង​ខ្លាំង​ ដែល​នោះ​ហើយ​ជា​ហេតុ​ផល​ធ្វើឲ្យ​តម្លៃរ​បស់វា​កំពុង​រង​សម្ពាធ​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ»។

លោក Fraley ​និយាយ​ថា​ នៅ​សហរដ្ឋ​អាមេរិក​ ឆ្លង​កាត់​បទពិសោធន៍ដាំ​ដុះស្រូវ​សាលី​កន្លង​មក​អាច​ធ្វើ​ឲ្យ​កសិករធ្វើការសម្រេចចិត្ត ថា​តើ​ពួក​គេ​គួរ​ដាំ​ដំណាំអ្វី​នៅ​ពេល​អនាគត​ ។

លោក​បាន​ពន្យល់​ទៀត​ថា៖ «កសិករ​ភាគ​ច្រើន​នៅ​តែ​ចង​ចាំការ​ដាំ​ស្រូវ​សាលី​កាល​ពី​១០​ទៅ​២០​ឆ្នាំ​មុន ដែល​ផល​ស្រូវ​មាន​កម្រិត​ទាប​ ហើយ​គុណភាព​ក៏​ទាប ហើយ​មិន​បាន​ចំណេញ​អ្វី​ទាល់​តែ​សោះ។ ប៉ុន្តែ​មាន​ការ​ប្រែ​ប្រួល​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។ ហើយ​តាមរយៈ​បច្ចេកវិទ្យាថ្មី​ ទាក់​ទង​នឹង​ការ​បង្កាត់​ពូជ​ និង​ការ​គ្រប់​គ្រង​លើ​ជំងឺ​របស់​ដំណាំ ​មានការ​រីក​ចម្រើន​ច្រើននៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​ធ្វើ​ឲ្យដំណាំស្រូវ​សាលី​ក្នុង​រដ្ឋ​ Illiois ​គួរ​តែ​ត្រូវ​បាន​ដាំ​ដុះ​ឲ្យ​បាន​ច្រើន និង​អាច​បង្កើន​ប្រាក់​ចំណូល​បាន​ ផងដែរ»។

ថា​តើ​ដំណាំ​នេះ​វា​មាន​ផល​ចំណេញ​ឬ​អត់​នោះ​ កសិករ ​Russ Higgins​ និយាយ​ថា ​វា​មិន​មែន​ជា​រឿង​សាមញ្ញ ​ដូច​ដែល​កសិករគ្រាន់​តែ​យក​គ្រាប់​ពូជ​ទៅ​ដាំ​ក្នុង​ដី​នោះ​ទេ។

លោក​ Higgins និយាយ​ថា៖ «សម្រាប់​អ្នក​ដែល​ផ្អាក​ដាំ​ដំណាំ​ស្រូវ​សាលី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំកន្លងមកនេះ អាច​មាន​ហានិភ័យ​ខ្លះ​ចំពោះ​ការ​មក​ដាំ​ដុះ​ស្រូវ​សាលី​នេះ។ តែ​ចំពោះ​ដំណាំ​ពត​និង​សណ្ដែក​សៀង​វិញ វា​ហាក់​ដូច​ជា​មាន​ភាពប្រក្រតី ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​មាន​ចំណុច​វិជ្ជមាន​សម្រាប់​បញ្ហា​នេះ»។

យ៉ាង​ណា​ក៏​ដោយ លោក Higgins និយាយ​ថា​ ប្រ​សិន​បើ​តម្លៃ​ពោត​និង​សណ្ដែក​សៀង​បន្តធ្លាក់​ចុះ​នោះ ​អាច​មាន​ផល​វិជ្ជមាន​សម្រាប់​ដំណាំ​ស្រូវ​សាលី។ លោក​និយាយ​ថា៖ «បើ​សិន​ជា​មានការ​ឡើង​តម្លៃ​មែន​នោះ អ្នក​នឹង​ឃើញ​មាន​ការ​ដាំ​ដុះ​ស្រូវ​សាលី​នៅ​លើ​ផ្ទៃដី​ជា​ច្រើន ឬ​ក៏​អ្នក​នឹង​ឃើញសត្វពាហនៈ​ត្រឡប់​មក​តំបន់​នោះ​វិញ។ ប៉ុន្តែ​នេះគ្រាន់​តែ​ជា​ការ​ឧបមា​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​មាន​អ្វី​ម្យ៉ាង​ដែល​កសិករ​មិនសូវ​ពេញចិត្ត​ក្រៅ​ពី​តម្លៃ​ទាប​សម្រាប់​ដំណាំ​ដែល​ពួក​គេ​ដាំ​ដុះ​នោះ មិនថាជាអាកាសធាតុ និង​បរិស្ថាន​នោះ ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ផល​ដំណាំ​ដែល​កសិករ​បាន​ពឹង​អាស្រ័យ​លើ​ នៅ​ពេល​ដល់​រដូវ​ច្រូត​កាត់៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង