ក្រុម​បស្ចិម​ប្រទេស សម្ដែង​«ក្ដី​បារម្ភ​យ៉ាងខ្លាំង» អំពី​ការ​បោះឆ្នោត​សភា​ក្នុង​ទីក្រុង​ហុងកុង

សមាជិក​នៃ​សហព័ន្ធ​សហជីព​ហុងកុងដែល​គាំទ្រ​ទីក្រុង​ប៉េកាំង រួមទាំង​លោក Stanley Ng Chau-pei (កណ្តាល​នៅ​ជួរ​មុខ) ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​បាន​ឈ្នះ​ការបោះឆ្នោត​នីតិបញ្ញត្តិ​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ប្រទេស​កាណាដា អូស្ត្រាលី និង​នូវែលសេឡង់ បាន​សម្តែង​នូវ​«ក្តី​បារម្ភ​យ៉ាង​ខ្លាំង» កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ទាក់ទិន​នឹង​ច្បាប់​បោះឆ្នោត​សភា​ថ្មី​ក្នុង​ទីក្រុង​ហុងកុង បន្ទាប់ពី​ការ​បោះឆ្នោត​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ទាប​ខ្លាំង។ នេះ​ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​បោះឆ្នោត​សភា​ហុងកុង​ដែល​ស្ថិត​ក្រោម​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើកដំបូង​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ដោយ​មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ទាប​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ហុងកុង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ក្រុម​បស្ចិម​ប្រទេស​ទាំងនោះ​បាន​បញ្ជាក់​ថា៖ «ដោយ​បាន​មើល​ឃើញ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​របស់​ទីក្រុង​ហុងកុង ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក យើង​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រេចរឹល​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​របស់​ទីក្រុង​ហុងកុង»។

ច្បាប់​បោះឆ្នោត​ថ្មី​របស់​ទីក្រុង​ហុងកុង​នេះ​ បាន​កាត់​បន្ថយ​ចំនួន​អាសនៈ​សភា​ដែល​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​ការ​បោះឆ្នោត និង​បាន​រឹត​បន្តឹង​លក្ខខណ្ឌ​សម្រាប់​បេក្ខភាព​អ្នក​ដែល​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​បាន។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​បស្ចិម​ប្រទេស​នេះ​ ក៏​បាន​លើកឡើង​ផងដែរ​ថា៖ «ច្បាប់​បោះឆ្នោត​ថ្មី​នេះ​ បាន​លុប​បំបាត់​ក្រុម​នយោបាយ​ប្រឆាំង​សំខាន់​នានា»៕