ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​លម្អៀង​ទៅ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​ហុងកុង


អ្នក​គាំទ្រ​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​កាន់​ទង់ជាតិ និង​បដា​អំឡុង​ការ​ប្រមូល​ផ្តុំ​គាំទ្រ​ការ​បោះ​ឆ្នោត​សភា​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​ធ្នូ ឆ្នាំ២០២១។ (AP)
អ្នក​គាំទ្រ​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​កាន់​ទង់ជាតិ និង​បដា​អំឡុង​ការ​ប្រមូល​ផ្តុំ​គាំទ្រ​ការ​បោះ​ឆ្នោត​សភា​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​ធ្នូ ឆ្នាំ២០២១។ (AP)

បេក្ខជន​ដែល​លម្អៀង​ទៅ​រករដ្ឋាភិបាល​ក្រុង​ប៉េកាំង បានទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ទីក្រុង​ហុងកុង ដោយបាន​ទទួល​ជ័យ​ជម្នះ​លើ​បេក្ខជន​និយម​ផ្លូវ​កណ្តាល​និង​បេក្ខជនឯករាជ្យ​នៅ​ក្នុង​ការបោះឆ្នោត​សាធារណៈ​លើក​ដំបូង​របស់​ទីក្រុង​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដើម្បី​កែប្រែ​ច្បាប់​បោះឆ្នោត​របស់​ហុងកុង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុម​បេក្ខជន​ដែល​ស្មោះត្រង់​នឹងរដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ឈ្នះ​អាសនៈ​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ច្បាប់​បាន​ត្រូវ​ផ្លាស់ប្តូរ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​តែ​បេក្ខជន​ «ស្នេហា​ជាតិ» ដែល​លម្អៀង​ទៅរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ​អាចចូល​គ្រប់គ្រងទីក្រុង​នោះ​បាន។

មេដឹកនាំ​ទីក្រុង​ហុងកុង​លោក​ស្រី Carrie Lam បាន​និយាយ​ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​ថា លោក​ស្រី​«មាន​ការ​ពេញចិត្ត» នឹង​ការ​បោះឆ្នោត​នេះ ថ្វីបើ​អ្នក​បោះឆ្នោត​ចំនួន​ត្រឹម ៣០,២% ប៉ុណ្ណោះ បាន​ចេញ​មក​បោះឆ្នោត​ក៏ដោយ ដែលនេះ​ជា​ចំនួន​ទាប​បំផុត​ចាប់តាំង​ពី​ចក្រភព​អង់គ្លេស បាន​ប្រគល់​ទីក្រុង​ហុងកុង​នោះ​ទៅ​ឲ្យ​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៩៧​មក។

នៅ​ក្រោម​ច្បាប់​ថ្មី ចំនួន​សមាជិក​សភា​ដែល​ត្រូវបាន​ជ្រើសរើស​ផ្ទាល់​តាម​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​ត្រូវ​បាន​កាត់​បន្ថយ​ពី​ចំនួន​៣៥​នាក់​មក​២០​នាក់ ថ្វីបើ​អង្គ​នីតិបញ្ញត្តិ​នេះ​បាន​ត្រូវ​ពង្រីក​អាសនៈ​ពី​ចំនួន​៧០​ទៅ​៩០ក៏ដោយ។ ភាគ​ច្រើន​នៃ​សមាជិក​សភា​ត្រូវ​បាន​តែងតាំង​ដោយ​ស្ថាប័ន​ដែល​ភាគ​ច្រើនលម្អៀង​ទៅរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។

បេក្ខជន​ទាំង​អស់​ក៏​ត្រូវ​បាន​ពិនិត្យ​ដោយ​គណៈកម្មាធិការ​ដែលភាគ​ច្រើន​លម្អៀងទៅ​ក្រុង​ប៉េកាំង​មុន​ពួកគេ​អាច​ត្រូវ​បាន​ទទួល​ការតែងតាំង។

ក្រុម​ប្រឆាំង​បាន​រិះគន់​ការ​បោះឆ្នោត​នោះ ដោយ​គណបក្ស​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​បង្អស់​គឺ​គណបក្ស​ប្រជាធិបតេយ្យ មិន​បាន​ដាក់​បេក្ខជន​ឲ្យ​ប្រកួតប្រជែង​ជា​លើក​ដំបូងចាប់តាំង​ពី​ការប្រគល់​ដែនដី​នោះ​ឲ្យ​ចិន​នៅ​ឆ្នាំ១៩៩៧​មក៕

XS
SM
MD
LG