សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​ផ្តល់​​កម្ចី​ ២៥០​លាន​ដុល្លារ​របស់​ធនាគារ ​ADB​ ដល់​កម្ពុជា​ដើម្បី​ដោះស្រាយ​វិបត្តិ​​កូវីដ១៩

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិះ​រថយន្ត​ឈ្នួល​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​សៅរ៍ ទី២៦ ខែតុលា ឆ្នាំ​២០១៩។ (AP Photo/Heng Sinith)

សហ​រដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​ផ្តល់កម្ចី​ចំនួន ​២៥០​ លាន​ដុល្លារអាមេរិក​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank) ហៅ​កាត់​ថា​ ADB ដល់​ប្រទេស​កម្ពុជា ​ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ការ​សាទរ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​ធនាគារ​ ADB ​នេះ ធ្វើ​ឡើង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ពីរ​ថ្ងៃ​ក្រោយ​ពី​ធនាគារ​នេះ​បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​នេះ​ដល់កម្ពុជា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩ ​តាម​រយៈ​ការ​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​ និង​កម្មវិធី​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ និង​ក្រុម​ជន​ងាយរងគ្រោះ ព្រម​ទាំង​ការ​គាំទ្រ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​ក្នុង​រង្វង់​ -៥,៥% ​ក្នុង​ឆ្នាំ ​២០២០​ នេះ​ ដោយសារ​តែ​ការ​ថយ​ចុះ​នៃសកម្មភាពក្នុងវិស័យ​ទេសចរណ៍​ សំណង់​ និង​ការនាំ​ចេញ​សម្លៀក​បំពាក់ ​ស្បែកជើង ​និង​សម្ភារៈធ្វើ​ដំណើរ។ ​ការ​ធ្លាក់​ចុះ​នេះ​អាច​នឹង​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១,៣​ លាន​នាក់​ទៀត ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ។​

កាល​ពី​ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់ដល់​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ចំនួន​ជាង​ ៥៦ ​ម៉ឺន​គ្រួសារ​ ឬ​ស្មើ​នឹង​ជាង ​២ ​លាន ​៣ ​សែន​នាក់ ​ក្នុង​គ្រា​វិបត្តិ​កូវីដ១៩​នេះ ​ហើយ​ថា​ ​ចំនួន​អ្នក​ក្រីក្រ​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត ដោយរដ្ឋ​ត្រូវ​ចំណាយថវិកា ​២៥ ​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ពួក​គេ។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​សមាជិក​ចំនួន ​៦៨ ​ប្រទេស ​ក្នុង​នោះ ​៤៩​ ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​រួម​ទាំង​កម្ពុជា​ផង​ដែរ៕