អាមេរិក​ពិចារណា​ដាក់​វិធានការ​កូវីដ​ថ្មី​សម្រាប់​អ្នក​ដំណើរ​មក​ពី​ចិន

  • ​Reuters

អ្នកធ្វើដំណើររងចាំចាកចេញពីសណ្ឋាគារធ្វើចត្តាឡីស័ក្តនៅអាកាសយានដ្ឋាន Guangzhou Baiyun ក្នុងខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​ដាក់​វិធានការ​ថ្មី​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩ លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ ដែល​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក ទាក់ទិន​នឹង​ក្ដី​បារម្ភ​អំពី «កង្វះ​ទិន្នន័យ​ដែល​មាន​តម្លាភាព» ដែល​ចេញ​មកពី​រដ្ឋាភិបាល​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ។

វិធានការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជប៉ុន ឥណ្ឌា និង​ម៉ាឡេស៊ី​ បាន​ប្រកាស​អំពី​ការ​បង្កើន​វិធានការ​លើ​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​ នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ ដោយ​លើកឡើង​អំពី​ការ​កើនឡើង​នូវ​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន។

ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​បង្ហាញ​តេស្ដ​អវិជ្ជមាន​ចំពោះ​ជំងឺ​កូវីដ១៩ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់។ ចំណែក​ឯ​ប្រទេស​ម៉ាឡេស៊ី​វិញ​បាន​ដាក់​វិធានការ​តាមដាន​ដិតដល់​បន្ថែម​ទៀត។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «មាន​ក្ដី​បារម្ភ​កើនឡើង​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ទាក់ទិន​នឹង​ករណី​កើនឡើង​ជា​បន្ត​នៃ​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន​ និង​កង្វះ​ទិន្នន័យ​ប្រកប​ដោយ​តម្លាភាព ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទិន្នន័យ​នៃ​ដំណើរការ​កំណត់​ការ​កកើត​វីរុស (genomic sequence) ​ផង​ដែរ ដែល​ប្រទេស​ចិន​កំពុង​រាយការណ៍»។

មន្ទីរពេទ្យ​និង​កន្លែង​រៀបចំ​ពិធី​បុណ្យ​សព​ខ្លះ​នៅ​ក្នុង​ប្រទេស​ចិន​មាន​សភាព​ច្រើន​លើសលុប​ហួស​សមត្ថភាព ស្រប​ពេល​ដែល​វីរុស​ជំងឺ​កូវីដ១៩ បាន​ឆ្លង​រាលដាល​ភាគ​ច្រើន​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​នៅ​ទូទាំង​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​សរុប​ចំនួន ១.៤០០ លាន​នាក់។

ទោះជា​យ៉ាង​នេះ​ក្ដី ស្ថិតិ​ផ្លូវការ​បាន​បង្ហាញ​ថា​ មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ តែ​មួយ​ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល ៧ ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ដែល​នេះ​បណ្ដាល​ឱ្យ​មាន​ការ​សង្ស័យ​ក្នុង​ចំណោម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​និង​ពលរដ្ឋ​អំពី​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចិន​នេះ។ តួលេខ​នេះ​មិន​ស៊ីមេទ្រី​គ្នា​ជាមួយ​នឹង​បទ​ពិសោធន៍​របស់​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​មាន​ប្រជាជន​តិច​ជាង​ប្រទេស​ចិន​ច្រើន បន្ទាប់ពី​ប្រទេស​ទាំង​នោះ​បាន​បើក​ប្រទេស​ឡើង​វិញ។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ឈប់​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​ចិន​ធ្វើ​ចត្តាឡីស័ក​ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ៨ ខែ​មករា​ខាង​មុខ​នេះ​តទៅ ដែល​នេះ​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​ការ​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ព្រំដែន​របស់​ខ្លួន ដែល​ភាគ​ច្រើន​ត្រូវ​បាន​បិទ​តាំងពី​ឆ្នាំ ២០២០ មក៕