សហរដ្ឋ​អាមេរិក​ថ្លឹងថ្លែង​ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​គាំទ្រ​របប​អាសាធ​​នៃ​ប្រទេស៊ីរី

លោកស្រី Sarah Huckabee Sanders ​អ្នកនាំ​ពាក្យ​សេតវិមាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​ថ្មី​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ចំពោះ​តួនាទី​របស់​ប្រទេស​នោះ​នៅ​ក្នុងការ​គាំទ្រ​ប្រធានា​ធិបតី Bashar Al-Assad នៃ​ប្រទេស​ស៊ីរី​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​៧​ឆ្នាំ​របស់​ប្រទេស​នោះហើយ​និង​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​របស់​របប​អាសាធ។

​លោកស្រី Sarah Huckabee Sanders ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយថា ​សេចក្តី​សម្រេច​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​អនាគត​ឆាប់ៗ​នេះ។

​កាល​ពី​ថ្ងៃ​អាទិត្យ ​លោកស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា «សេចក្តី​សម្រេច​នោះ​ដើម្បី​ដាក់​ទណ្ឌកម្ម​សេចក្តី​បាន​ធ្វើ​រួច​ហើយ‍»។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅអង្គការ​សហប្រ​ជាជាតិ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CBS ថា «អស់លោក ​អ្នក ​នឹង​ឃើញ​ថា ​ការ​ដាក់​ទណ្ឌកម្ម​ប្រទេស​រុស្ស៊ី​នឹង​កើត​មាន​ឡើង‍»។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត Haley ​បាន​មាន​ប្រសាសន៍​ថា ​លោក Steven Mnuchin ​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិកនឹង​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​នៅ​ថ្ងៃ​នេះ ​ប្រសិន​បើ ​ការ​ដាក់​ទណ្ឌកម្ម​នោះ​មិន​ទាន់​បាន​ធ្វើទេ​នោះ ​ហើយ​ការ​ដាក់​ទណ្ឌកម្ម​នោះ​នឹង​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ទៅលើ​ក្រុមហ៊ុន​ណា​ដែល​មានការទាក់​ទិន​ទៅ​នឹង​របប​អាសាធ​ហើយ​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​គីមី។​

លោកស្រី Haley ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅអង្គការ​សហប្រ​ជាជាតិបាន​មាន​ប្រសាសន៍​ថា ​លោកស្រី​គិតថា ​ប្រទេស​ទាំងអស់​ដឹងថា ​យើង​បាន​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ដោយ​ការ​វាយ​ប្រហារ​កាំជ្រួច​មីស៊ីលរបស់​សហរដ្ឋ​អាមេរិក ​ចក្រ​ភព​អង់គ្លេស​និង​បារាំងកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន​ទៅ​លើ​ឃ្លាំង​អាវុធ​គីមី​របស់​ស៊ីរី​ហើយ​សេចក្តី​សង្ឃឹម​របស់​យើងគឺថា ​ពួកគេ​នឹង​ស្តាប់​យើង៕