នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលបានបែងចែកកោះតៃវ៉ាន់ និងចិនដីគោក នៅថ្ងៃអង្គារនេះ។ នេះ បើតាមការបញ្ជាក់របស់កងនាវាជើងទឹកសហរដ្ឋអាមេរិក។ ការឆ្លងកាត់បែបនេះជាលើកទី១ចាប់តាំងពីមេដឹកនាំមហាអំណាចប្រកួតប្រជែងទាំង២ បានធ្វើជំនួបកំពូលតាមអនឡាញមក។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
កងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ដោយនាវាពិឃាត USS Milius ដែលបំពាក់អាវុធនុយក្លែអ៊ែ ជាការឆ្លងកាត់ជាប្រចាំមួយ។
កងនាវាទី៧នោះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការបើកបរនៃការអនុវត្តការធ្វើដំណើរដោយសេរីដែលបានប្រកាសលើកទី១១នៅឆ្នាំនេះ «បង្ហាញពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ការឆ្លងកាត់នៅពេលថ្មីៗនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានព្រមានគ្នាទៅវិញទៅមកយ៉ាងខ្លាំងស្តីពីអនាគតនៃកោះតៃវ៉ាន់នៅឯជំនួបកំពូលតាមអនឡាញនៅដើមខែនេះមក។
បណ្តាញព័ត៌មានរបស់រដ្ឋចិន បានរាយការណ៍បន្ទាប់ពីជំនួបកំពូលនោះថា លោក Xi បានព្រមានលោក Biden ថា ការលើកទឹកចិត្តឲ្យមានឯករាជ្យភាពកោះតៃវ៉ាន់ នឹង«ក្លាយជាការប្រឡែងលេងជាមួយភ្លើង»។
នាវាចម្បាំងសហរដ្ឋអាមេរិក ជានិច្ចកាលធ្វើសមយុទ្ធនៅច្រកសមុទ្រនោះ ហើយជារឿយៗបានធ្វើឲ្យមានការឆ្លើយតបប្រកបដោយការខឹងសម្បារពីរដ្ឋាភិបាលក្រុងប៉េកាំងដែលបានអះអាងថា កោះតៃវ៉ាន់ និងដែនទឹកនៅជុំវិញនោះជាទឹកដីរបស់ខ្លួន។
សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត ចាត់ទុកផ្លូវទឹកនោះជាដែនទឹកអន្តរជាតិបើកចំហសម្រាប់ប្រទេសទាំងអស់។
នាវាចម្បាំងចក្រភពអង់គ្លេស បារាំងនិងអូស្ត្រាលី បានធ្វើការឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងពីប្រទេសចិន៕