នាវាចម្បាំងរបស់ទាហានជើងទឹកសហរដ្ឋអាមេរិកបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធម្សិលមិញ។
ទីបញ្ជាការយោធាជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានបង្ហោះសារនៅលើទំព័រ Facebook របស់ខ្លួន ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកបង្ហាញអំពីនាវាពិឃាត USS McCampbell ដែលអាចបញ្ជាមីស៊ីលបាន ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ចន្លោះប្រទេសចិន និងកោះតៃវ៉ាន់។
ទីបញ្ជាការយោធាជើងទឹកនេះបានបញ្ជាក់ថា នាវាពិឃាត USS McCampbell នេះ ធ្វើដំណើរកាត់តាមច្រកសមុទ្រនេះជា «ផ្នែកមួយនៃប្រតិបត្តិការជាបន្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា នាវាពិឃាតនេះបានធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង នៅក្នុងអំឡុងពេលធ្វើបេសកកម្មជាប្រចាំរបស់ខ្លួន។ ប៉ុន្តែក្រសួងនេះមិនបានផ្ដល់ព័ត៌មានលំអិតណាមួយបន្ថែមនោះទេ។
ភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់នៅតែងំជាប់ជានិច្ចដែលអាចផ្ទុះឡើងគ្រប់ពេលបានទាំងអស់។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តបំបែកខ្លួនមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ប្រទេសចិនបានធ្វើការហាត់សមតាមផ្លូវសមុទ្រ និងផ្លូវអាកាសជាច្រើនលើកច្រើនសារ នៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានខឹងសម្បារលើការហាត់សមរបស់ទាហានជើងទឹកសហរដ្ឋអាមេរិកនៅជិតកោះតៃវ៉ាន់ និងការគាំទ្រដ៏ខ្លាំងក្លារបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ចំពោះរដ្ឋាភិបាលតៃវ៉ាន់៕