នាវា​ចម្បាំង​អាមេរិក​​បើក​​ក្បែរ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ខណៈ​ភាព​តាន​តឹង​កាន់​តែ​កើន​ជាមួយ​ចិន

រូបឯកសារ៖ នាវា​ច​ម្បាំង​សហរដ្ឋ​អាមេរិក​ដែល​មាន​បំពាក់​មីស៊ីល USS Mustin បាន​មក​ក្បែរ​ខេត្ត​ព្រះសីហនុ កាល​ពី​កន្លង​ទៅ។

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​បានបើក​ឆ្លង​កាត់​តំបន់​ក្បែរ​ប្រជុំ​កោះ​ Paracel ដ៏មាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​នេះ។​

ការ​បើក​ឆ្លង​កាត់​របស់​នាវា​ចម្បាំង​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ​កើត​មាន​ឡើងមួយ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​ចិនបាន​ធ្វើ​សមយុទ្ធ​យោធាដោយ​បាញ់​កាំជ្រួច​ផ្លោងទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ព្រឹត្តិការណ៍​នេះ​កាន់​តែ​ដុត​កម្តៅ​នៃ​ភាព​តានតឹង​ខាង​យោធា​រវាង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​និងរដ្ឋាភិបាលប៉េកាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។​
បញ្ជាការដ្ឋាន​នៃ​កងនាវា​ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា នាវា​ចម្បាំង​ USS Mustin ​ដែល​បំពាក់​ដោយ​មីស៊ីល​ស្វ័យប្រវត្តិ​ផង​នោះ បាន​ធ្វើ​នាវាចរណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ «នៅ​ក្នុង​តំបន់​ក្បែរ​ប្រជុំ​កោះ​ Paracels ដើម្បី​ធានា​ថា​ផ្លូវ​នាវាចរណ៍​សំខាន់ៗ​នៅ​ក្បែរ​នោះ​នៅ​តែបើក​ចំហ»។​

សហរដ្ឋ​អាមេរិក​ជា​រឿយៗតែងធ្វើ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា«ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍» នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន​ថា ​តំបន់​សមុទ្រ​នេះ​ជា​អធិបតេយ្យភាព​របស់​ខ្លួន។​

យោធា​ចិន​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចោទ​ប្រកាន់​ថា​ នាវា​សហរដ្ឋ​អាមេរិកបាន​ចូល​ដែន​ទឹក​របស់​ចិន​នៅ​ជិត​ប្រជុំ​កោះ Paracels នោះ​ ដោយ​គ្មាន​ការ​អនុញ្ញាត។ អ្នក​នាំ​ពាក្យ​លោក Li Huamin និយាយថា កងកម្លាំង​ចិន​បាន​តាមដាន​ដំណើរ​របស​នាវា​អាមេរិក​នេះ​រួម​បាន​ជូន​ដំណឹង​ឲ្យ​នាវានេះ​ត្រូវ​ចាកចេញ​ពី​តំបន់​នោះ៕