នៅថ្ងៃអាទិត្យនេះ យន្តហោះទម្លាក់គ្រាប់បែកយោធាដែលហោះបានឆ្ងាយមួយគ្រឿងរបស់ស.រ.អ. បានហោះពីលើប្រទេសកូរ៉េខាងត្បូង ជាការឆ្លើយតបដល់កូរ៉េខាងជើងអំពីការពិសោធន៍អាវុធបរមាណូថ្មីៗបំផុតរបស់ប្រទេសនេះ។
គេបានឃើញយន្តហោះទម្លាក់គ្រាប់បែកធុន B-52 ដែលអាចផ្ទុកអាវុធបរមាណូបាន ហោះពីលើមូលដ្ឋានកងទ័ពអាកាស Osan ឋិតនៅចម្ងាយ៧២គ.ម.ខាងត្បូងព្រំដែនដែលបែងចែកប្រទេសកូរ៉េទាំងពីរ នៅមុនពេលវាហោះត្រឡប់ទៅកាន់មូលដ្ឋានវានៅក្នុងកោះ Guam ដែលនៅជិតទីនោះ។ យន្តហោះទម្លាក់គ្រាប់បែកនេះត្រូវបានអមដោយយន្តហោះប្រយុទ្ធពីរគ្រឿងរបស់ស.រ.អ.បនិងកូរ៉េខាងត្បូងហោះផងដែរ។
លោកឧត្តមនាវីនៃកងទ័ពជើងទឹកស.រ.អ. Harry B. Harris, Jr. មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពស.រ.អ.ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយលោកបានហៅការហោះនៃយន្តហោះទម្លាក់គ្រាប់បែកនេះថាជាការបង្ហាញការប្តេជ្ញាម៉ឺងម៉ាត់របស់ស.រ.អ.ដល់ពួកសម្ព័ន្ធមិត្តរបស់យើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុននិងដល់កិច្ចការពារមាតុភូមិអាមេរិកាំង។
លោក ឧត្តមសេនីយឯក Terrence O'Shaughnessy អគ្គមេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធារួមរវាងស.រ.អ.និងប្រទេសកូរ៉េខាងត្បូងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅក្រោយការហោះហើរនេះថាស.រ.អ. «នៅតែប្រកាន់ជំហរគ្មានងាករេ» ក្នុងកិច្ចការពារប្រទេសកូរ៉េខាងត្បូង «និងក្នុងការថែរក្សស្ថិរភាពក្នុងឧបទ្វីបកូរ៉េ»៕