សហរដ្ឋអាមេរិកព្រមានចាត់វិធានការលើប្រទេសរុស្ស៊ី ប្រសិនបើរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនដែលនៅជិតខាងនោះ។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងអ្នកស្រី Myroslava Gongadze នាយិកាការិយាល័យអឺរ៉ុបខាងកើតរបស់ VOA កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។
លោក Blinken បានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖ «ជាដំបូង យើងបានផ្ដល់ជម្រើសដ៏ច្បាស់លាស់មួយដល់រុស្ស៊ី។ នោះគឺដំណោះស្រាយតាមរយៈកិច្ចសន្ទនានិងការទូត បើមិនដូច្នោះទេ នឹងត្រូវមានការប្រឈមមុខដាក់គ្នា ហើយនឹងមានផលវិបាកនានា។ យើងបានធ្វើទំនាក់ទំនងការទូតខ្លាំងក្លាដោយផ្ទាល់ជាច្រើនរួចមកហើយជាមួយនឹងរុស្ស៊ី តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រស្ថិរភាពរបស់អង្គការអូតង់ ជាមួយនឹងក្រុមប្រឹក្សារុស្ស៊ីនៃអង្គការអូតង់នៅឯអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសុវត្ថិភាពនៅអឺរ៉ុប OSCE ហើយខ្ញុំនៅតែសង្ឃឹមថា រុស្ស៊ីនឹងជ្រើសរើសយកជម្រើសការទូត។ ច្បាស់ណាស់ វាគឺជាជម្រើសល្អជាង»។
លោក Blinken បានអញ្ជើញទៅរដ្ឋធានីកៀវកាលពីថ្ងៃពុធដើម្បីពិភាក្សាជាមួយក្រុមមេដឹកនាំអ៊ុយក្រែនដែលជាផ្នែកមួយនៃអ្វីដែលលោកហៅថាជា «កិច្ចប្រឹងប្រែងខាងការទូតដើម្បីកាត់បន្ថយភាពតានតឹងជុំវិញការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន»។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះបាននិយាយទៀតថា៖ «វិស័យការទូតនៅមិនទាន់ទាល់ច្រកទេ។ ភាគីសហរដ្ឋអាមេរិកជឿថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះនេះដោយជោគជ័យបានគឺតាមរយៈការទូត»។
កាលពីមុននេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Blinken បាននិយាយថា៖ «រុស្ស៊ីបានបង្កើនការគំរាមកំហែងរបស់ខ្លួន និងបានបញ្ជូនកងទ័ពជិត ១ សែននាក់ទៅកាន់ព្រំដែនអ៊ុយក្រែន ដែលចំនួននេះអាចនឹងកើនឡើងទ្វេដងបើសិនជាមានបទបញ្ជាភ្លាមៗណាមួយ»។
លោក Blinken បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកំពុងតែដឹកជញ្ជូនជំនួយជាសម្ភារៈដល់អ៊ុយក្រែន ដែលគ្រោងនឹងដឹកទៅដល់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕