សហរដ្ឋ​អាមេរិក​ព្រមាន​យន្តហោះ​ឆ្លងកាត់​ឈូង​សមុទ្រពែក្សខណៈ​ភាពតានតឹង​​ជាមួយ​អ៊ីរ៉ង់កើនឡើង

ឧទ្ធម្ភាគចក្រ​អាមេរិក​មួយ​គ្រឿង​ហោះ​​លើ​ទូក​យាមល្បាត​របស់អ៊ីរ៉ង់​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០១៨។

អ្នកការទូត​សហរដ្ឋ​អាមេរិក​បាន​ព្រមានក្រុមហ៊ុន​យន្តហោះ​ដឹកអ្នកដំណើរ​របស់​អាមេរិកាំង​ដែល​ហោះឆ្លងកាត់តំបន់ឈូង​សមុទ្រ​ពែក្សឱ្យ​មានការប្រយ័ត្ន​ប្រយែង​គ្រាដែល​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីរ៉ង់​បន្ត​កើនឡើង។​

ការព្រមាននេះ​បាន​ធ្វើឡើងកាលពីថ្ងៃសៅរ៍​ដោយ​អ្នកការទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​ប្រទេស​កូវ៉ែត និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ គឺមានរយៈពេល​ពីរថ្ងៃក្រោយពី​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តីព្រមាន​ជាបឋម​កាល​ពីពេល​មុន។

សេចក្តីណែនាំ​បាន​ព្រមានថា​យន្តហោះ​ដឹកអ្នកដំណើរ​របស់​សហរដ្ឋអាមេរិក​ដែល​ហោះហើរ​ឆ្លង​កាត់​តំបន់នោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ត្រូវ​បាន​គេ ​«ច្រឡំអត្តសញ្ញាណ‍» ​ក្នុងគ្រា​ដែល​មាន ​«សកម្មភាព​យោធា​កើនឡើង​និង​ការតានតឹង​នយោបាយ​កើនឡើង​នៅ​ក្នុង​តំបន់‍»។​

ភាព​តានតឹង​បាន​កើតមានឡើង​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃនេះ​ ដែល​នាំ​ឱ្យ​មាន​ការព្រួយ​បារម្ភ​ថាជម្លោះ​អាច​កើត​មានឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់។

កាលពីប៉ុន្មាន​ថ្ងៃមុន​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង​និង​យន្តហោះ​ទម្លាក់គ្រាប់បែក​ទៅ​តំបន់នោះ​ដើម្បី​ឆ្លើយតប​នឹង​ការចោទ​ថា​មាន​ការគំរាម​កំហែងពីប្រទេស​អ៊ីរ៉ង់។​ ការគំរាម​កំហែង​ដែល​មិន​អាច​ពន្យល់បាន​នេះ​បាន​នាំ ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​លើ​ប្រទេស​អ៊ីរ៉ង់ និង​ដក​បុគ្គលិក​ការទូត​មិន​សំខាន់ៗ​ចេញពីស្ថានទូត​នៅ​ទីក្រុង​បាកដាដ នៃ​ប្រទេស​អ៊ីរ៉ាក់៕