សហរដ្ឋ​អាមេរិក​លើកលែង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ធ្វើ​បំពង់​បង្ហូរ​ឧស្ម័ន​អាឡឺម៉ង់-រុស្ស៊ី

រូប​ឯកសារ៖ បំពង់​បង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​Nord Stream 2 នៅ​​ទី​ក្រុង Chelyabinsk ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។

សហរដ្ឋ​អាមេរិក​នឹង​លើកលែង​ទណ្ឌកម្ម​ប្រឆាំងក្រុមហ៊ុន​អាល្លឺម៉ង់​ឈានមុខ​ក្នុង​ការ​ធ្វើ​បំពង់​បង្ហូរ​ឧស្ម័នNord Stream 2។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​ដែល​បាន​ផ្ញើ​ទៅ​សភា​កាល​ពីថ្ងៃ​ពុធ។

របាយការណ៍​នេះ​បាន​កត់​សម្គាល់​ថា ក្រុមហ៊ុន​អាល្លឺម៉ង់ ​Nord Stream 2 Ag និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​បាន​បំពាន​សហរដ្ឋ​អាមេរិក​ដោយ​ធ្វើ​កិច្ចការ​ជាមួយ​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ប៉ុន្តែ​ការ​លើកលែង​ទណ្ឌកម្ម​គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

របាយការណ៍​នោះ​បាន​កត់​សម្គាល់​ថា ទណ្ឌកម្ម​នឹង​ត្រូវ​បាន​ដាក់​លើ​នាវា​និង​ក្រុមហ៊ុន​រុស្ស៊ី​ជា​ច្រើន​ទាក់ទង​គម្រោង​នេះ។ ប្រទេស​រុស្ស៊ី​និង​សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ប្រតិកម្ម​នឹង​សេចក្តី​សម្រេចនេះ មុន​ពេលប្រកាស​ជា​ផ្លូវការ។ សារព័ត៌មានAxios​បាន​រាយការណ៍​ជា​លើក​ដំបូង​ថា ការ​លើកលែង​ទណ្ឌកម្ម​នេះ​ហៀប​សម្រេច​កាលពី​ថ្ងៃ​អង្គារ។

Nord Stream 2 គឺ​ជា​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​ទឹក​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ភ្ជាប់ពី​រុស្ស៊ី​ទៅ​អាល្លឺម៉ង់។​ ការងារ​ធ្វើ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ត្រូវ​បាន​ផ្អាក​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​បន្ទាប់​ពី​គម្រោង​នេះ​បាន​ក្លាយ​ជា​ប្រភព​ជម្លោះ​រវាង​រុស្ស៊ី​និង​លោក​ខាងលិច។

មន្ត្រី Nord Stream បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​ចាប់​ផ្តើម​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​កាលពី​ខែ​ធ្នូ។ សហ​រដ្ឋ​អាមេរិក​បាន​ប្រឆាំង​នឹង​គម្រោង​អន្តរជាតិ​រួមនេះ​ដោយសារ​វាអាច​គំរាម​កំហែងដល់​សន្តិសុខ​ថាមពល​របស់​អឺរ៉ុប។

វិមាន​ក្រឹមឡាំង​បាន​ឆ្លើយតប​ទៅ​នឹង​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​អនឡាញ Axios មុន​ពេល​ការប្រកាស​ជា​ផ្លូវការណ៍ ដោយ​បាន​ហៅ​ការលើកលែង​ទណ្ឌកម្ម​នេះ​ថា «ជា​សញ្ញា​វិជ្ជមាន»៕