អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាមនៅថ្ងៃពុធ ដោយផ្តល់ការគាំទ្រនៅក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងសន្តិសុខដែនសមុទ្រក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងការបង្ហាញភាពគឃ្លើនកាន់តែខ្លាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters។
មន្រ្តីសេតវិមានម្នាក់ដែលមិនចង់បញ្ចេញឈ្មោះឱ្យដឹងថា អ្នកស្រី Harris ក៏បានស្នើផ្តល់ឱ្យមានទស្សនកិច្ចចូលចតបន្ថែមរបស់នាវាចម្បាំងអាមេរិកដែរ ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc អនុប្រធានាធិបតីអ្នកស្រី Vo Thi Anh Xuan និងនាយករដ្ឋមន្រ្តីលោក Pham Minh Chinh ។
ដំណើរទស្សនកិច្ចប្រាំពីរថ្ងៃរបស់អ្នកស្រី Harris ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយមួយរបស់អាមេរិកដើម្បីទាក់ទាញសម្ព័ន្ធមិត្តដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងជួយទប់ទល់ឥទ្ធិពលសន្តិសុខនិងសេដ្ឋកិច្ចរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។
មន្ត្រីសេតវិមានថា ក្នុងអំឡុងកិច្ចពិភាក្សា អ្នកស្រី Harris បានប្រកាសផ្តល់វ៉ាក់សាំងដល់ប្រទេសវៀតណាម រួមទាំងការបរិច្ចាគវ៉ាក់សាំង Pfizer-BioNTech ១លានដូស និងប្រកាសបើកដំណើរការកម្មវិធីមួយចំនួនដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងនៅទីក្រុងហាណូយ អ្នកស្រី Harris បាននិយាយថា គេចាំបាច់ត្រូវបង្កើនសម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំងទាក់ទងការទាមទារដែនសមុទ្ររបស់ចិន។
អ្នកស្រី Harris បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីវៀតណាមថា៖ «យើងត្រូវរកវិធីដាក់សម្ពាធ បង្កើនសម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំងឱ្យគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងប្រឆាំងការសម្លុតគំរាមកំហែង និងការទាមទារដែនសមុទ្រហួសហេតុរបស់ចិន»។
កន្លងមកប្រទេសចិនបានស្ថាបនាកោះសិប្បនិម្មិតសម្រាប់ទីតាំងយោធានៅសមុទ្រចិនខាងត្បូង ហើយភាពតានតឹងខ្លាំងរវាងចិននិងវៀតណាមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបាននាំឱ្យវៀតណាមគាំទ្រដោយស្ងាត់ៗនូវគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក។
នេះជាលើកទីពីរក្នុងរយៈពេលពីរថ្ងៃដែលអ្នកស្រី Harris បាននិយាយវាយប្រហាររដ្ឋាភិបាលក្រុងប៉េកាំង បន្ទាប់ពីកាលពីថ្ងៃអង្គារនៅសិង្ហបុរី អ្នកស្រីបានចោទរដ្ឋាភិបាលប៉េកាំងពីការបង្ខិតបង្ខំនិងបំភិតបំភ័យប្រទេសពាក់ព័ន្ធនានាដើម្បីជួយដល់ការទាមទារដោយខុសច្បាប់នៅក្នុងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ប្រទេសចិនបានច្រានចោលការអត្ថាធិប្បាយរបស់អ្នកស្រីដោយចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា បានព្យាយាមបំបែកបំបាក់រដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍៕