សហរដ្ឋ​អាមេរិក​សន្យា​បង្កើន​ល្បឿន​ដំណើរការ​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​បាន​ជួយ​ទាហាន​អាមេរិក

លោក Zia Ghafoori បង្ហាញ​​វិញ្ញាបនបត្រ​រង្វាន់​យោធា Purple Heart ដែល​លោក​បាន​ទទួល​ពេល​ធ្វើ​ការ​ឱ្យ​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ផ្ទះ​របស់​លោកឯ​​ទី​ក្រុង ​Charlotte រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩។

សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​បន្ត​ជួយ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ដែល​បាន​ជួយ​ទាហាន​អាមេរិកាំង​ក្នុង​សង្គ្រាម​ជិត​២​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

អ្នក​នាំពាក្យ​រង​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​អ្នកស្រី​ Jalina Porter ​បាន​ប្រាប់​ VOA ​តាម​ទូរសព្ទ​កាលពី​ថ្ងៃ​ពុធ​ថា៖​ «យើង​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​ឬ ​SIV ដែល​ជា​អ្នក​បកប្រែ​និង​អ្នក​ដែល​បាន​ជួយ​យើង​ហើយ​ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់។​ពួកគេ​និង​ក្រុម​គ្រួសារ​នឹង​មាន​ជម្រើស​មក​តាំង​ទីលំនៅ​នៅ​ខាង​ក្រៅ​ប្រទេស​អាហ្វហ្គានីស្ថានមុន​ពេល​យើង​បញ្ចប់​ការដក​កងទ័ពនៅ​ខែ​កញ្ញា​ដើម្បី​បញ្ចប់​ដំណើរការ​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​របស់​ពួកគេ»។​

អ្នក​ស្រី ​Porter ​បាន​បដិសេធ​មិន​បរិយាយ​លម្អិត​ថា​តើ​ប្រទេស​ទី៣​ណា​នឹង​ផ្តល់​ការ​តាំង​លំនៅ​បណ្តោះ​អាសន្ន​សម្រាប់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែលសុំ​ទិដ្ឋាការ​ពិសេស​នោះ​ទេ។​អ្នកស្រី​បាន​និយាយ​ថា​«ដោយសារ​បញ្ហា​សន្តិសុខ​យើងមាន​គោល​ការណ៍ក្នុង​ការ​ផ្តល់​ព័ត៌មានអំពី​ចំនួន​ទីតាំង ​និង​ពេល​វេលា​នៃ​ប្រតិបត្តិការ​នោះ»។​

កម្មវិធី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​អាហ្វហ្គានីស្ថាន​ត្រូវបាន​បង្កើត​ឡើង​ដោយ​សភា​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០០៩​ដើម្បី​ផ្តល់​សុវត្ថិភាព​សម្រាប់​ពួក​អ្នក​បកប្រែ​ភាសា​បុគ្គលិក​តាម​កិច្ច​សន្យា​បុគ្គលិក​សន្តិសុខនិង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ទាក់​ទិន​នឹង​កងទ័ព​និង​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក។​

មាន​អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​អាហ្វហ្គានីស្ថានប្រហែល​១៨.០០០​នាក់​ដែល​កំពុង​រង់ចាំ​ការផ្តល់​ការយល់ព្រម​មក​កាន់​សហ​រដ្ឋ​អាមេរិក៕